លោក ដូណាល់ ត្រាំ

លោក ត្រាំ និយាយថា អាម៉េរិកត្រូវតែបង្កើនពន្ធគយលើចិន ឱ្យបានប្រហែលជាង៦០%


មិនទាន់ទាំងបានជាប់ឆ្នោតផង បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាម៉េរិកបានបង្ហាញជំហរប្រឆាំងនឹងប្រទេសចិន បាត់ទៅហើយ ដោយបាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤មែន រដ្ឋាភិបាលរបស់លោកអាចបន្ថែមការយកពន្ធគយទៅលើប្រទេសចិនរហូតដល់ជាង៦០%។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រាំ
ដោយ

នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីពេលថ្មីៗ បេក្ខជននាំមុខគេសម្រាប់តំណែងប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបង្កើនការយកពន្ធប្រហែលជា៦០%ទៅលើប្រទេសចិន។ ទីផ្សារភាគហ៊ុនស្ទើរតែគាំងទៅហើយនៅពេលដែលគេបានប្រកាសថា លោក ត្រាំ បានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋអាយអូវ៉ា (Iowa) ដ៏គួរឱ្យភ្ញាក់ផ្អើល។ ហើយបន្ទាប់មកនៅពេលដែលលោកបានឈ្នះនៅរដ្ឋញូវហេមសៀ (New Hampshire) ទីផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា ប្រសិនបើលោកជាប់ឆ្នោតមែន តើលោកនឹងពិចារណាពីការយកពន្ធ៦០%ទៅលើទំនិញនាំចូលមកពីប្រទេសចិនមែនឬ? លោក ត្រាំ បានឆ្លើយថា លោកនឹងមិនធ្វើបែបនេះទេ ប៉ុន្តែលោកនឹងប្រហែលជាយកច្រើនជាងនេះទៅទៀត។

លោក ត្រាំ គឺជាអ្នកនាំមុខគេសម្រាប់បេក្ខជនប្រធានាធិបតីក្នុងគណបក្សរបស់លោក ដើម្បីប្រជែងនឹងប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
លោក ត្រាំ បានដាក់ពន្ធលើទំនិញរបស់ចិន ដែលមានតម្លៃរាប់រយពាន់លានដុល្លារក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ចំពេលមានសង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ។

ហើយរដ្ឋបាលរបស់លោក បៃដិន បានបន្តការយកពន្ធគយនេះ និងបានបន្ថែមការរឹតបន្តឹងថ្មីទៀតដោយបានហាមឃាត់ការនាំចេញបន្ទះឈីបទំនើបៗ និងឧបករណ៍សម្រាប់ផលិតបន្ទះឈីប ដោយលើកឡើងពីការព្រួយបារម្ភពីសន្តិសុខជាតិរបស់អាមេរិក ប៉ុន្តែពេលនេះតំណាងពាណិជ្ជកម្មអាមេរិកកំពុងពិនិត្យមើលពន្ធគយនេះឡើងវិញ។

លោក ត្រាំ បានលើកឡើងថា វាមិនមែនជាសង្រ្គាមពាណិជ្ជកម្មទេ ព្រោះថាលោកបានធ្វើរឿងដ៏ល្អអស្ចារ្យជាមួយនឹងប្រទេសចិនរួចទៅហើយ។ ដូច្នេះហើយពេលនេះលោកចង់ឱ្យប្រទេសចិន ធ្វើរឿងដ៏អស្ចារ្យទាំងនោះសម្រាប់លោកវិញម្ដង។ លោក ត្រាំ បានបន្ថែមថា លោកចូលចិត្តប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខ្លាំងណាស់ ព្រោះលោក ស៊ី គឺជាមិត្តដ៏ល្អរបស់លោកក្នុងពេលលោក ត្រាំ ឡើងកាន់អំណាច៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមហ៊ុនលំដាប់ពិភពលោកមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីជំរុញលើកកម្ពស់វប្បធម៌នៃការធ្វើឱ្យប្រសើរឡើង ឥតឈប់ឈរនៅក្នុងប្រតិបត្តិការរបស់ខ្លួន?

ព័ត៌មាន
ការកសាងនូវវប្បធម៌នៃការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនៅគ្រប់ផ្នែកនៃខ្សែច្រវាក់ផលិតកម្ម គឺជាកត្តាស្នូលដ៏សំខាន់សម្រាប់ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ត្រូ…

អាម៉េរិកបង្ហាញកញ្ចប់ថវិកា១១៨ពាន់លានដុល្លារ ដើម្បីចំណាយលើសន្តិសុខព្រំដែន និងផ្តល់ជំនួយឱ្យអ៊ុយក្រែន និងអ៊ីស្រាអែល

ព័ត៌មាន
ព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃអាទិត្យ បានបង្ហាញច្បាប់សន្តិសុខព្រំដែនដែលគ្រោងនឹងចំណាយថវិកាចំនួន១១៨ពាន់លានដុល្លារ រួមទាំងជំនួយសម្រាប់ប្រទេសអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ