យោធាអ៊ុយក្រែនប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន

យោធាអ៊ុយក្រែនប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការបាញ់ផ្លោង ដោយមិនរើសមុខពីរុស្ស៊ី


យោធាអ៊ុយក្រែនបានប្រកាសនៅថ្ងៃអង្គារទី២២ខែមីនានេះថា ប្រជាពលរដ្ឋត្រូវត្រៀមខ្លួនប្រុងប្រយ័ត្នចំពោះការបាញ់ផ្លោងរបស់រុស្សី ដែលនឹងវាយប្រហារមិនរើសមុខនោះឡើយ មិនថាតែផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ឬលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ គឺវាយប្រហារទាំងអស់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អគារក្នុងទឹកដីអ៊ុយក្រែន ដែលឆាបឆេះដោយសារការបាញ់ផ្លោងពីរុស្ស៊ី​

ការ​ព្រមាន​ពី​យោធា​អ៊ុយ​ក្រែ​ន​នៅ​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ចេញ​ការ​ព្រមាន​ខ្លាំង​បំផុត​មួយ​របស់​លោក​ផង​ដែរ ដែល​ថា​ទីក្រុង​ម៉ូ​ស្គូ​កំពុង​ពិចារណា​ប្រើប្រាស់​អាវុធ​គីមី​មក​លើ​អ៊ុយ​ក្រែ​ន​ហើយ បើ​ទោះបីជា ការ​អះអាង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ មិន​មាន​ភ័ស្ដុតាង​មក​បញ្ជាក់​ក្ដី​។ 

កងទ័ព​រុ​ស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​ធំ​ៗ របស់​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ជិត ៤​ស​ប្តា​ហ៍​ក្នុង​ការ​លុកលុយ​របស់​ពួក​គេ​។ ដោយសារ​តែ​មិន​អាច​វាយ​រុលទៅមុខ​កាន់កាប់​ទីក្រុង​ធំ ៗ​ទាំងនោះ​បាន កងទ័ព​រុ​ស្ស៊ី​បាន​ងាក​ទៅ​វាយប្រហារ​បំផ្លិចបំផ្លាញ ដល់​តំបន់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​វិញ ដោយ​ប្រើ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ និង​កាំភ្លើង​ធំ​។ 

ក្រុង​កំពង់​ផែ ម៉ា​រី​យ៉ូ​ប៉ូ​ល (Mariupol) ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ចំណុច​ស្នូល​នៃ​ការ​វាយលុក​របស់​រុ​ស្សី​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ខណៈ​កាលពី​ថ្ងៃ​ចន្ទ ការ​វាយប្រហារ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​ថា បាន​កើនឡើង​កាន់តែ​ខ្លាំង​នៅ​ទីក្រុង​ធំ​ជាងគេ​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន គឺ​ទីក្រុង​ខា​គី​វ​។

នៅ​ចំពោះ​មុខ​នៃ​ការ​វាយប្រហារ​មិន​ដក​ដៃ​ពី​ទាហាន​រុ​ស្ស៊ី កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​ពលរដ្ឋ​ខ្លួន ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​ថា កងកម្លាំង​រុ​ស្ស៊ី​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា នឹង​បន្ត​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ដោយ​ប្រើប្រាស់ អាវុធ​ដែល​មាន​ភាព​ប្រសិទ្ធភាព និង​ជាក់លាក់​ខ្ពស់​ជាង​មុន និង មិន​រើសមុខ​នោះ​ឡើយ​។ 

លើស​ពី​នេះ លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក បាន​និយាយ​ច្បាស់​ៗ​ថា ការ​ចោទប្រកាន់​ដែល​ខុស​ពី​ការ​ពិត​របស់​រុ​ស្ស៊ី ដែល​ថា​អ៊ុយ​ក្រែ​ន​មានការ​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​គីមី គឺ​កំពុង​តែ​ឆ្លុះ​បញ្ចាំង​ទៅ​វិញ​ថា លោក​ប្រធានាធិបតី Vladimir Putin កំពុង​ពិចារណា​ប្រើប្រាស់​អាវុធ​ទាំងនេះ​ដោយ​ខ្លួនឯង ដើម្បី​វាយប្រហារ​ទៅ​លើ​អ៊ុយ​ក្រែ​ន​។ ទោះជា​បែប​នេះ​ក្ដី លោក ចូ​បៃ​ឌិន​មិន​បាន​បង្ហាញ​ពី​ភ័ស្ដុ​ជាក់លាក់​ចំពោះ​រឿង​នេះនោះ​ទេ​។ 

ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ ក៏​បាន​ព្រមាន​ប្រាប់​ទៅ​ក្រុមហ៊ុន និង​អាជីវកម្ម​នានា ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត ដែល​អាច​កើត​មាន​ឡើង​ពី​សំណាក់​ក្រុម​ចោរ​បច្ចេកវិទ្យា​របស់​រុ​ស្ស៊ី ព្រោះ​លោក​បៃ​ឌិន​អះអាង​ថា​នេះ​ជា​វិធី​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​លោកពូ​ទី​ន ដែល​គេ​តែងតែ​ប្រើប្រាស់​។ 

គួរ​ជម្រាប​ថា កន្លង​មក​មិនមែន​មាន​តែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នោះ​ទេ សូ​ម្បី​តែ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់​ខ្លួន ក៏​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ដែរ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ថា​អ៊ុយ​ក្រែ​ន​មានកម្ម​វិធី​អាវុធ​ជីវសាស្ត្រ ដើម្បី​ជា​លេស​ប្រើប្រាស់​វា​ដោយ​ខ្លួនឯង ពិសេស​ប្រើប្រាស់​ដើម្បី​វាយប្រហារ​លើ​ជន​ស៊ី​វិល​។

យ៉ាងណាមិញ ភាគី​រុ​ស្ស៊ី​និយាយ​ថា ខ្លួន​មិន​ដែល​បាន​វាយប្រហារ​សំដៅ​ទៅ​លើ​ជន​ស៊ី​វិល​នោះ​ឡើយ ប៉ុន្តែ​បើ​មើល​លើ​ការ​បំផ្លិចបំផ្លាញ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង ម៉ា​រី​យ៉ូ​ប៉ូ​ល (Mariupol) និង ទីក្រុង​ខា​គី​វ វិញ គឺ​សឹងតែ​គ្រប់​ទីកន្លែង គ្រប់​គោលដៅ​ទាំងអស់​មិន​រើសមុខ​ឡើយ​។ 

សូម​ជម្រាប​ថា ប្រធានាធិបតី​អា​មេ​រិ​ក​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ក្នុង​ស​ប្តា​ហ៍​នេះ​ហើយ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ នៃ​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​ជាង​មុនទៀ​តទៅ​លើ​ប្រទេស​រុ​ស្ស៊ី​។

យ៉ាងណា​ក៏​ដោយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​លេ​ន​ស្គី​នៅ​តែ​ទទូច​ចង់​បានការ​បញ្ចប់សង្គ្រាម និង​ការ​ការពារ​សន្តិសុខ​សម្រាប់​ប្រទេស​ជាតិ និង ប្រជាជន​របស់​លោក​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ទទូច​ថា សង្គ្រាម​នេះ​នឹង​មិន​បញ្ចប់​ឡើយ ប្រសិនបើ​លោក​មិន​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយនឹង​ប្រធានាធិបតី​រុ​ស្ស៊ី ពូ​ទី​ន​។ 

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera លោក ហ្សេ​លេ​ន​ស្គី ក៏​បាន​ហាក់​កំពុង​ត្រៀមខ្លួន​ជា​ស្រេច ជួប​ចរចា​ជាមួយនឹង​បុរស​ខ្លាំង​រុ​ស្ស៊ី លោកពូ​ទី​ន ។ លោក ហ្សេ​ឡេ​ន​ស្គី ក៏​បាន​ចុះ​ទុន​ធំ​ជាង​មុន​ផង​ដែរ​សម្រាប់​ការ​ចរចា​លើក​នេះ ដោយ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​មិន​ស្វែងរក​ការ​ចូលរួម​ជាមួយ​សមាជិក​អង្គការ​ណា​តូ តទៅ​ទៀត​ទេ ជា​ការ​ដោះ​ដូរ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​កា​រដក​កងទ័ព​រុ​ស្សី​ចេញពី​ប្រទេស និង​ការ​ធានា​សន្ដិសុខ​អ៊ុយ​ក្រែ​ន​។ ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡេ​ន​ស្គី ក៏​បាន​បង្ហើប​អំពី​ការ​ត្រៀមខ្លួន​ចរចា​ទាក់ទង​នឹង​ស្ថានភាព​នៃ​តំបន់ Crimea និង Donbas ផង​ដែរ​។ ប៉ុន្តែ​ការ​ស្នើ​សុំ​ជួប​ច​ចារ​ជាមួយ​ជា​បុរស​ជើង​ខ្លាំង​លោកពូ​ទី​ន​កន្លង​មក​ពី​សំណាក់​ភាគី​អ៊ុយ​ក្រែ​ន​ទាំងអស់ ត្រូវ​បាន​រុ​ស្ស៊ី​ទាត់​ចោល​មិន​ព្រម​ជួប​នោះ​ឡើយ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រលកឆ្លងកូវីដ១៩នៅអឺរ៉ុបចាប់ផ្ដើមកើនខ្លាំងឡើងវិញ ក្រោយវិធានការទប់ស្កាត់ភាគច្រើនត្រូវបានលុបចោល

ព័ត៌មាន
បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាងមួយខែ អ្នកជំនាញបានឱ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា ជំងឺកូវីដ១៩ កំពុងកើនឡើងជាថ្មីម្តងទៀតនៅតំបន់អឺរ៉ុ…

«ចិនចូលជិតរុស្ស៊ីអំឡុងសង្គ្រាមនៅអ៊ុយក្រែន» នឹងក្លាយជាប្រធានបទសំខាន់ នៃកិច្ចប្រជុំអាមេរិក-អឺរ៉ុបក្នុងសប្តាហ៍នេះ

ព័ត៌មាន
កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ដើម្បីជំរុញឲ្យប្រធានាធិបតីចិន ស៊ី ជីនពីង ឃ្លាតឆ្ងាយពីប្រធានាធិបតីរុស្ស៊ីលោកពូទីន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ