អាមេរិក និង EU កំពុងពិចារណាលើការដាក់ទណ្ឌកម្មជាកញ្ចប់លើប្រទេសចិន

អាមេរិក និងសហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មជាកញ្ចប់លើប្រទេសចិន ស្របពេលមេដឹកនាំទីក្រុងប៉េកាំង និងម៉ូស្គូគ្រោងជួបគ្នា


សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្រោមសម្ពាពការទូតពីកោះតៃវ៉ាន់ កំពុងពិចារណាលើការដាក់ទណ្ឌម្មកម្រិតធ្ងន់ទៅលើប្រទេសចិន ដើម្បីរារាំងទីក្រុងប៉េកាំងមានបំណងឈ្លានពានកោះតៃវ៉ាន់ ខណៈដែលមេដឹកនាំចិន លោក ស៊ី ជីនពីង និងលោក ពូទីន គ្រោងជួបគ្នាផ្ទាល់ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងរឿងរ៉ាវដែនកោះតៃវ៉ាន់ផងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មេរិក និងសហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មជាកញ្ចប់លើប្រទេសចិន ស្របពេលមេដឹកនាំទីក្រុងប៉េកាំង និងម៉ូស្គូគ្រោងជួបគ្នា

ទីក្រុងតៃប៉ិបានធ្វើការបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុបឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីលទ្ធភាពនៃការឈ្លានពានពីសំណាក់មហាយក្សចិន មកលើកោះតៃវ៉ាន់ ដោយមើលឃើញពីការបង្កហេតុនៃសមយុទ្ធយោធាចិននាពេលថ្មីៗនេះ នៅច្រកសមុទ្រតៃវ៉ាន់។ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការណ៍នេះត្រូវបានគេជឿជាក់ថា លោកខាងលិចនឹងរឹតបន្តឹងការធ្វើពាណិជ្ជកម្មថែមមួយកម្រិតទៀត ពីលើវិធានការផ្នែកពាណិជ្ជកម្ម និងការវិនិយោគមួយចំនួន ដូចជាការផលិតបន្ទះឈីប កុំព្យូទ័រ និង ឧបករណ៍ទូរគមនាគមន៍ជាដើម ដែលខ្លួនធ្លាប់ដាក់ទណ្ឌកម្មរួចមកហើយទៅលើប្រទេសចិននោះ។

លោកស្រី ណាហ្សាក់ (Nazak Nikakhtar) អតីតមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា «ការដាក់ទណ្ឌកម្មឲ្យមានប្រសិទ្ធិភាពទៅលើប្រទេសចិន គឺជារឿងមួយដ៏ស្មុគស្មាញជាងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយសារមានការជាប់ពាក់ព័ន្ធយ៉ាងទូលំទូលាយនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាមួយសេដ្ឋកិច្ចចិនតែម្តង»។

អាមេរិកបានសង្កត់ធ្ងន់ថា សេតវិមានកំពុងពិចារណាក្នុងការជ្រើសរើសកញ្ចប់ទណ្ឌកម្មឲ្យស័ក្ដិសម ដើម្បីដាក់ប្រឆាំងនឹងប្រទេសចិន ពិសេសគឺដើម្បីរារាំងលោក ស៊ី ជីនពីង ពីការប៉ុនប៉ងឈ្លានពានតៃវ៉ាន់ក្នុងពេលដ៏ខ្លីខាងមុខ។

ទោះជាយ៉ាងណា ទីភ្នាក់ងារ Reuters មិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតអំពីទណ្ឌកម្មជាក់លាក់ណាមួយ ដែលកំពុងត្រូវបានពិចារណានោះនៅឡើយទេ ប៉ុន្តែអ្នកវិភាគមួយចំនួនបានធ្វើការទស្សទាយថា យោធារបស់ចិនអាចជាមុខសញ្ញាម្តងនេះ។

លោក ក្រេក សីហ្កលថុន (Craig Singleton) មន្ត្រីនៅវិទ្យាស្ថានការពារដើម្បីប្រជាធិបតេយ្យបានលើកឡើងថា «ក្នុងរូបភាពធំ ការពិចារណាលើការដាក់ទណ្ឌកម្មថ្មីនេះ អាចសំដៅទៅលើបច្ចេកវិទ្យាយោធាមួយចំនួនដែលចិនប្រើក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងកោះតៃវ៉ាន់។

ទន្ទឹមនឹងនេះ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ ហើយក្រសួងការបរទេសចិន ជាមួយស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះរឿងនេះដែរ។

ជាមួយគ្នានេះ សហភាពអឺរ៉ុបក្រោមសម្ពាធពីក្រុងតៃប៉ិ ក៏កំពុងពិចារណាការដាក់ទណ្ឌកម្មលើប្រទេសចិនដែរ តែតម្រូវឱ្យប្រទេសសមាជិកទាំង២៧ យល់ស្របសិន។ ទោះយ៉ាងណា វាជារឿងដ៏លំបាកក្នុងការសម្រេចទៅបាន ដូចដែលការដាក់ទណ្ឌកម្មរុស្សីឲ្យនៅឯកោ បានបង្កភាពតានតឹងម្តងរួចទៅហើយនោះ។

ស្របពេលជាមួយគ្នានេះ បើតាមវិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន និងលោក ស៊ី ជីនពីង នឹងត្រូវជួបពិភាក្សាគ្នាអំពីរឿងសង្គ្រាមនៅអ៊ុយក្រែន និងកោះតៃវ៉ាន់ នៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសៀងហៃក្នុងប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ ដែលវាពិតជាមាន «សារៈសំខាន់ពិសេស» ចំពោះស្ថានភាពភូមិសាស្ត្រនយោបាយ។

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយនៅក្នុងសន្និសីទសង្ខេបនៅទីក្រុងមូស្គូថា «ប្រធានាធិបតីរុស្សី លោក ពូទីន នឹងពិភាក្សាទាំងរបៀបវារៈទ្វេភាគី និងប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិជាមួយសមភាគីចិន»។

មែនទែនទៅ បើយោងតាមវិមានក្រឹមឡាំង ពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ីបានកើនឡើងដល់ ១៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ខណៈដែលនៅរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ មានទឹកប្រាក់សរុបជិត៩៣ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ជនជាតិអាមេរិក និងចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភឈរកំពូលតារាងក្នុងបញ្ជីឈ្មោះថ្មីនៃអ្នកស្នើសុំទិដ្ឋាការទៅលេងថៃ

ព័ត៌មាន
ទោះជាប្រទេសថៃមិនទាន់សង្ឃឹមខ្លាំងពេកចំពោះលំហូរទេសចរបរទេសតាមការរំពឹងទុកក៏ពិតមែន ក៏ប៉ុន្តែថៃកំពុងមើលឃើញពីការដាក់ពាក្យសុំទិដ្ឋាការហូរច…

EU នឹងស្នើសុំបង្កើតវិធានការដោះស្រាយវិបត្តិ ដើម្បីទប់ស្កាត់ការឡើងថ្លៃថាមពល

ព័ត៌មាន
សហភាពអឺរ៉ុបគ្រោងនឹងបង្ហាញផែនការមួយចំនួននៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីកាត់បន្ថយប្រាក់ចំណេញពីក្រុមហ៊ុនចែកចាយថាមពលអគ្គិសនីតម្លៃទាប និងបង្ខំឲ្យក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ