អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ដែលវិនិយោគនៅកម្ពុជា

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិនដែល​វិនិយោគ​​​រាប់ពាន់លានដុល្លារ នៅ​ខេត្ត​កោះកុងរបស់​កម្ពុជា


សហរដ្ឋ​អាមេរិក​ នៅថ្ងៃទី១៥ ខែកញ្ញានេះ បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ នូវ​ក្រុមហ៊ុន​ចិន​មួយ​ទៀត​ដែល​វិនិយោគទឹកប្រាក់​រាប់ពាន់លានដុល្លារ​អាមេរិក លើ​គម្រោង​កំពង់ផែ​សមុទ្រ ព្រលានយន្តហោះ និង​រមណីយដ្ឋាន​ដ៏ធំ នៅ​ខេត្ត​កោះកុង ប្រទេស​កម្ពុជា ដោយ​និយាយថា ក្រុមហ៊ុននេះ​សាងសង់គម្រោង​នៅ​លើ​ដី​ដែល​រឹបអូស​ពី​ប្រជាជន​មូលដ្ឋាន និងថា មាន"របាយការណ៍អាចជឿជាក់បាន" ដែល​បង្ហាញថា គម្រោងនេះ​អាចនឹង​ត្រូវប្រើប្រាស់​សម្រាប់​ជាកន្លែងទុកដាក់​ទ្រព្យ​សម្បត្តិ​យោធាចិន។ នេះ​បើយោង​តាម​ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។
គម្រោង​សាងសង់​ដ៏ធំ​មហិមា​នៅ​ខេត្ត​កោះកុង ប្រទេស​កម្ពុជា ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន Union Development Group Co. Ltd។ រូបភាព​គេហ​ទំព័រក្រុមហ៊ុន ៖ union-groupcompany.com
ដោយ

ក្រុមហ៊ុន​ចិន​នោះ ឈ្មោះ Union Development Group Co. Ltd ហៅកាត់ថា UDG កំពុង​សាងសង់​គម្រោង​សំណង់​ដ៏ធំ​មហិមា​មួយ​នៅ​ក្នុង​ដី​ឧទ្យានជាតិក្នុង​ខេត្ត​កោះកុងនៃ​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ​មាន​ផ្លូវរត់យន្តហោះ​មួយ​ដែល​អាច​ទទួល​យន្តហោះ​ខ្នាតធំៗជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ៃឃ៍ ផុមផេអូ (Mike Pompeo) បាន​និយាយ​នៅក្នុង​សារ twit របស់​លោកថា "នៅថ្ងៃនេះ សហរដ្ឋ​អាមេរិក​បានដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Development Group Co. Ltd ដែល​គ្រប់គ្រង​ដោយ​ប្រទេសចិន ដោយសារតួនាទីរបស់ក្រុមហ៊ុននេះ​នៅក្នុង​អំពើ​ពុករលួយ​នៅ​កម្ពុជា ។ យើង​នឹង​មិន​អត់ឱន​ឲ្យ​ទង្វើទាំងនេះ​ដែល​ធ្វើ​មក​លើ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ហើយ​យើង​នឹង​នៅ​ឈរ​ខាង​ប្រជាជន​កម្ពុជា​ជានិច្ចកាល ។" 

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​របស់​ចិន​ ឈ្មោះ UDG នេះ បានពណ៌នា​គម្រោង​អភិវឌ្ឍន៍ក្នុង​ខេត្ត​កោះកុង​ ប្រទេស​កម្ពុជានេះ ថាជា​គម្រោង​ដ៏ធំ​ជាងគេបំផុត​នៅ​ក្នុង​តំបន់​នៃ​គំនិត​ផ្ដួចផ្ដើម​ហេដ្ឋា​រចនា​សម្ព័ន្ធ ខ្សែក្រវាត់និងផ្លូវ របស់​រដ្ឋាភិបាលចិន។ 

កន្លងមក ទាំងក្រុមហ៊ុន​ចិន ទាំងរដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ជារឿយៗរួចមក​ហើយ ចំពោះ​របាយការណ៍​សារព័ត៌មាន​លោក​ខាងលិច ដែល​ចោទថា គម្រោងនេះ​មាន​គោលបំណង​យោធា ។ 

ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​បាន​ចាត់ទុក​ក្រុមហ៊ុន UDG ថាជា​អង្គភាពដែលគ្រប់គ្រង​ដោយ​រដ្ឋចិន និង​បាននិយាយថា មានគ្រា​មួយ​ ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​កម្ពុជា​ដើម្បី​ទទួលបាន​ដី​សម្រាប់​ការអភិវឌ្ឍ​គម្រោង​របស់​ខ្លួន ។ 

គម្រោងដែល​គាំទ្រ​មូលនិធិ​និង​អនុវត្ត​ដោយ UDG បាន​"បង្ខំ​ឲ្យ​ប្រជាជន​កម្ពុជា​ចាកចេញពីដីធ្លី​របស់ពួកគេ និង​បាន​បំផ្លិចបំផ្លាញ​បរិស្ថាន ដែលនាំ​ឲ្យ​ប៉ះពាល់ដល់​ការប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​សហគមន៍​មូលដ្ឋាន ។" នេះ​បើ​យោង​តាម​ក្រសួង​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក ។ 

ទាំង​ក្រុមហ៊ុន​ UDG របស់ចិន ទាំង​មន្ត្រី​តំណាងរដ្ឋាភិបាលកម្ពុជា និង​ទាំង​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ិងតុន​សហរដ្ឋ​អាមេរិក ពុំ​បាន​ឆ្លើយតប​ការសុំ​អត្ថាធិប្បាយ​លើ​រឿង​នេះ នៅឡើយទេ ។ នេះ​បើ​យោងតាម រ៉យទ័រ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភ​ថវិកា២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការសាងសង់​អគារ​សកលវិទ្យាល័យ​ទួនហ្វា ដល់​សមាគម​និកាយ​ចិន​ទៀជីវ

ព័ត៌មាន
សមាគមនិកាយចិនទៀជីវ បានចូលសម្តែងការគួរសម និងសំណេះសំណាល ទាក់ទងនឹងការងារសមាគម ព្រមទាំងសកម្មភាពនៃការសាងសង់សកលវិទ្យាល័យ ទួនហ្វាថ្មី ជាម…

ក្រុមហ៊ុនយក្សរបស់ចិន Alibaba កំពុងតាមចរចាវិនិយោគ៣ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Grab

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Alibaba Group Holding Ltd កំពុងពិភាក្សាដើម្បីវិនិយោគ៣ពាន់លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនGrab Holdin…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ