អាមេរិក-ចិន

អាមេរិកដាក់កម្រិតលើការនាំចូលរបស់ក្រុមហ៊ុនចិនចំនួន៣ទៀត ទាក់ទងនឹងការប្រើកម្លាំងពលកម្មដោយបង្ខំ


សហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចូលផលិតផលដោយក្រុមហ៊ុនចិនចំនួន៣បន្ថែមទៀត កាលពីថ្ងៃទី២៧ ខែកញ្ញា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងវ៉ាស៊ិនតោន ដើម្បីលុបបំបាត់ទំនិញដែលផលិតដោយការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំលើជនជាតិភាគតិចអ៊ុយហ្គឺ (Uyghur) ចេញពីខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកដាក់កម្រិតលើការនាំចូលរបស់ក្រុមហ៊ុនចិនចំនួន៣ទៀតទាក់ទងនឹងការប្រើកម្លាំងពលកម្មដោយបង្ខំ

បើយោងតាមការប្រកាសរបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃអង្គារទី២៦ខែកញ្ញាបានឱ្យដឹងថា ក្រុមហ៊ុនចំនួន៣ ដែលត្រូវបានរដ្ឋាភិបាលអាមេរិករឹតត្បិតការនាំចូលទំនិញ ក្រោយរកឃើញថាមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំលើជនជាតិភាគតិច អ៊ុយហ្គឺនោះ រួមមានក្រុមហ៊ុន Xinjiang Tianmian Foundation Textile Co., Ltd ក្រុមហ៊ុន Xinjiang Tianshan Wool Textile Co. Ltd និងក្រុមហ៊ុន Xinjiang Zhongtai Group Co. Ltd។ សរុបមកទល់បច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីនៃច្បាប់ហាមឃាត់ការនាំចូលទៅអាមេរិក ឡើងដល់២៧ក្រុមហ៊ុនហើយ។

ក្រសួងមហាផ្ទៃរបស់សហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មូលហេតុនៃការរឹតបន្តឹងលើការនាំចូលនេះ គឺដោយសារតែក្រុមហ៊ុនទាំង៣នេះ បានអនុវត្តអាជីវកម្មរបស់ពួកគេពាក់ព័ន្ធនឹងប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំលើជនជាតិភាគតិចអ៊ុយហ្គឺ និងក្រុមមនុស្សដែលរងការបៀតបៀនដទៃទៀត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកលោក អាឡេចាន់ដ្រូ ម៉េយឺកាស (Alejandro Mayorkas) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អាមេរិកនឹងមិនអត់ឱនឱ្យក្រុមហ៊ុនណាមួយ ដែលប្រើកម្លាំងពលកម្មដោយបង្ខំដែលបំពានសិទ្ធិបុគ្គលម្នាក់ៗ ដើម្បីតែប្រាក់ចំណេញរបស់ខ្លួននោះឡើយ។

ច្បាប់ទប់ស្កាត់ការងារដោយបង្ខំលើជនជាតិអ៊ុយហ្គឺដែលបង្កើតឡើងនៅឆ្នាំ២០២១បានហាមឃាត់ការនាំចូលទៅកាន់អាមេរិកនូវទំនិញណា ដែលផលិតនៅក្នុងខេត្តស៊ីនជាំង ឬដោយក្រុមហ៊ុនណា ដែលបានកំណត់អត្តសញ្ញាណនៅក្នុងបញ្ជី លុះត្រាតែក្រុមហ៊ុននាំចូលអាចបង្ហាញថា ទំនិញរបស់ពួកគេមិនត្រូវបានផលិតដោយពលកម្មបង្ខំ។

មន្ត្រីសហរដ្ឋអាមេរិកជឿថា អាជ្ញាធរចិនបានបង្កើតជំរំការងារសម្រាប់ជនជាតិអ៊ុយហ្គឺ និងក្រុមជនជាតិភាគតិចមូស្លីមដទៃទៀតនៅក្នុងតំបន់ស៊ីនជាំងនៅភាគខាងលិច នៃប្រទេសចិន ប៉ុន្តែទីក្រុងប៉េកាំងបដិសេធថាខ្លួនមិនបានបំពានច្បាប់ណាមួយឡើយ។

ក្រសួងការបរទេសអាមេរិកកាលនៅចុងក្រោយនេះ បានធ្វើបច្ចុប្បន្នភាពពីការប្រឹក្សាយោបល់អំពីអាជីវកម្មរបស់ខ្លួនលើខ្សែច្រវាក់ផ្គត់ផ្គង់នៅខេត្តស៊ីនជាំង ដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះ អ្វីដែលអាមេរិកហៅថា ជា«អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកំពុងបន្តនៅក្នុងខេត្តនេះ និងភស្តុតាងនៃការប្រើប្រាស់យ៉ាងទូលំទូលាយនៃពលកម្មដោយបង្ខំនៅទីនោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបើកព្យុះហយាត្រាកងទ័ពដ៏ធំមិនធ្លាប់មាន កំញើញប្រឆាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ព័ត៌មាន
កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទី២៦ ខែកញ្ញា បានបើកធ្វើព្យុហយាត្រាយោធាដ៏ធំមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដោយមានការចូលរួមពីកងទ័ពរា…

អាមេរិកប្រកាសផ្តល់ជំនួយបន្ថែមដល់កោះប៉ាស៊ីហ្វិក និងទទួលស្គាល់ការទូតកោះប៉ាស៊ីហ្វិកពីរ នៅចំពោះមុខការកើនឡើងឥទ្ធិពលចិន

ព័ត៌មាន
នៅក្នុងជំនួបលើកទីពីរនៅសេវិតមានជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាផ្តល់ជំនួយ២០០លានដុល្លារសម្រាប់ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ