ព្រឹទ្ធសភាអាមេរិក

ទីបំផុតព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមជាង ១ទ្រីលានដុល្លារហើយ


ព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី១០ខែសីហាសប្តាហ៍នេះ បានសម្រេចអនុម័តជាផ្លូវការ នូវកញ្ចប់ថវិកាគ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ខ្លួន ក្រោមខ្ទង់ចំណាយសរុបប្រមាណជាង ១ទ្រីលានដុល្លារអាមេរិក។ ក្នុងថ្ងៃដដែល ព្រឹទ្ធសភាអាមេរិក ក៏បានចាប់ផ្តើមជជែកដេញដោលពីគម្រោងចំណាយក្នុងផែនការមួយផ្សេងទៀតផងដែរ ដោយទឹកប្រាក់ក្នុងគម្រោងថ្មីនោះ មានដល់ជាង ៣,៥ទ្រីលានដុល្លារអាមេរិកឯណោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គម្រោងកញ្ចប់ថវិកាតម្លៃជាង ១ទ្រីលានដុល្លារនេះ នឹងរួមបញ្ចូលគម្រោងអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងស្ពាន

ព្រឹទ្ធសភា​អា​មេ​រិ​ក​ដែល​គ្របដណ្តប់​ភាគច្រើន ដោយ​សមាជិក​មក​ពី​គណៈបក្ស​ប្រជាធិបតេយ្យ បាន​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ជាមួយនឹង​សម្លេង​គាំទ្រ ៦៩ សំឡេង ទល់​នឹង ៣០ សំឡេង ក្នុង​ចំណោម​សមាជិក​សរុប​ទាំង ១០០​នាក់​។

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​ថ​ខាងលើ​របស់​អា​មេ​រិ​ក ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​តាក់តែង និង​រៀបចំ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ការ​អនុម័ត​គម្រោង​ដោយ​ព្រឹទ្ធ​សភាព​អា​មេ​រិ​ក​នេះ ហាក់បីដូចជា​មាន​ភាព​លឿន​រហ័ស ដោយហេតុ​ថា វា​មានការ​គាំទ្រ​ច្រើន​ពី​ខាង​សមាជិក​ព្រឹទ្ធសភា មក​ពី​គណៈបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​ផ្តួចផ្តើម​គម្រោង​មួយ​នេះ​ឡើង​។

គម្រោង​កញ្ចប់​ថវិកា​តម្លៃ​ជាង ១​ទ្រី​លាន​ដុល្លារ​នេះ នឹង​រួម​បញ្ចូល​គម្រោង​អភិវឌ្ឍ​ផ្លូវថ្នល់ ផ្លូវដែក និង​ស្ពាន សម្រាប់​រយៈពេល​៥​ឆ្នាំ ក្រោម​ខ្ទង់ចំណាយ ៥៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បូក​រួម​នឹង​គម្រោង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បំពង់​បង្ហូរទឹក ដែល​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ ៤៥០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន បាន​និយាយ​លើក​ស​សើរ ពី​គម្រោង​របស់​លោក​ដ៏​ធំ​មួយ​នេះ​ថា វា​នឹង​ប្រែក្លាយ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សហរដ្ឋអាមេរិក ឲ្យ​មាន​ភាព​ជឿនលឿន និង​ទំនើប​ជាងគេ​នៅ​ក្នុង​ពិភពលោក​។

សូម​ជម្រាប​ថា បន្ទាប់​ពី​បាន​អនុម័ត​ថវិកា​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រួច​ហើយ ព្រឹទ្ធសភា​អា​មេ​រិ​ក បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​គំរោង​ដ៏​ធំ​សម្បើម​ជាង​នេះ​ពីរ​ដង មួយ​ផ្សេង​ទៀត ដោយ​ក្នុង​ផែនការ​នឹង​គ្រោង​ចំណាយ​ទឹកប្រាក់ ៣,៥ ទ្រី​លាន​ដុល្លារ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​អាទិភាព​សំខាន់​ៗ របស់​ប្រធានាធិបតី ចូ បៃ​ឌិន ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ ប្រព័ន្ធ​អប់រំ និង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​សមរម្យ​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេសរងការចោទប្រកាន់ជុំវិញករណីរំលោភសិទ្ធិមនុស្ស

ព័ត៌មាន
ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេសជាច្រើនរងការចោទប្រកាន់ជុំវិញករណីពីការរំលោភសិទ្ធិមនុស្ស។ កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងនាមជាវិនិយោគិនមាន…

សេដ្ឋកិច្ចសិង្ហបុរីសម្រេចបានកំណើនដល់ទៅពីរខ្ទង់ក្នុងត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្មសិង្ហបុរីបានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងជិត១៥% នៅក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ