ភាពតានតឹងសំណុំរឿងសម្ព័ន្ធមិត្តAUKUS

ជម្លោះរឿងទិញនាវាមុជទឹក៖ អឺរ៉ុបចេញមុខមុនគេគាំទ្រជំហររបស់បារាំង


អឺរ៉ុបបានចេញមុខមុនគេ មកគាំទ្រប្រទេសបារាំង ក្នុងការតតាំងជាមួយសម្ព័ន្ធ AUKUS ជុំវិញនឹងភាពចម្រូងចម្រាស់រឿងកិច្ចសន្យាទិញនាវាមុជទឹក ក្រោយអូស្ត្រាលីផ្ដាច់កិច្ចសន្យាជាមួយបារាំង និងងាកទៅទិញនាវាមុជទឹកពីប្រទេសសម្ព័ន្ធមិត្ត AUKUSវិញ។
ទង់ជាតិសហភាពអឺរ៉ុប

ភ្លាម​ៗ ក្រោយ​ពេល​ដែល​បារាំង ប្រតិកម្ម​ខ្លាំង​ៗ ទៅ​នឹង​ការ​លុប​ចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹក​រវាង​ខ្លួន ជាមួយ​ប្រទេស​អូស្ត្រាលី ក្រោយ​វត្តមាន​របស់​សម្ព័ន្ធមិត្ត AUKUS (​មាន អា​មេ​រិ​ក អង់គ្លេស​និង អូស្ត្រាលី​) នោះ គេ​សង្កេត​ឃើញ​ថា ពុំ​ទាន់​មាន​ប្រទេស​ណាមួយ​ហ៊ាន ចេញ​មុខ​មក​គាំទ្រ​ជំហរ​របស់​ប្រទេស​បារាំង នៅ​ក្នុង​បញ្ហា​ដ៏​ចម្រូងចម្រាស់​នេះ​ទេ ពោល​គឺ​មាន​តែ​បារាំង​ម្នាក់ឯង​គត់​ដែល​នៅ​តទល់ ប្រឈម​មុខជា​មួយ​អា​មេ​រិ​ក អូស្ត្រាលី និង អង់គ្លេស ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត AUKUS​។ ប៉ុន្ដែ​នៅ​ថ្ងៃ​ចន្ទ ដើម​ស​ប្ដា​ហ៍​នេះ រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប បាន​ចេញ​មក​សម្តែង​ការ​គាំទ្រ និង​សាមគ្គីភាព​ជាមួយ​ប្រទេស​បារាំង អំឡុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ដែល​រៀបចំ​ឡើង ដើម្បី​ពិភាក្សា​ពី​បញ្ហា ដែល​ក្រុង​កង់​បេ​រ៉ា លុប​ចោលការ​បញ្ជា​ទិញ​នាវាមុជទឹក​តម្លៃ ៤០​ពាន់​លាន​ដុល្លារ​ពី​ទី​ក្រុងប៉ារីស ហើយ​បែរ​ទៅ​សហការ និង ទិញ​នាវាមុជទឹក​ពី​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត AUKUS ទៅ​វិញ​។ 

តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​មេដឹកនាំ​ពិភពលោក​ធំ​ៗ​កំពុង​មាន​វត្តមាន​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ស្រាប់ ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧៦ នៃ​អង្គការសហប្រជាជាតិ មេដឹកនាំ​អឺរ៉ុប​បាន​ឆ្លៀត​មក​ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ កាលពី​ថ្ងៃ​ច័ន្ទ​។

លោក ចូ​សិប ប៊ូ​រ៉េ​ល ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ថា​៖ ដើម្បី​ធានា​ឲ្យ​បាន​ពី​ស្ថិរភាព និង​សន្តិភាព ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដែល​ចិន​កំពុង​បង្កើន​ឥទ្ធិពល យើង​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​ល្អ​កាន់តែ​ច្រើន ការ​សម្របសម្រួល​គ្នា​កាន់តែ​ច្រើន ហើយ​កាត់​បន្ថយ​ការ​បែងចែក​បក្សពួក​។ លោក ចូ សិប​បូ​រ៉េ​ល បាន​ថ្លែង​ប្រតិកម្ម​លើ​ក្រុម​សម្ព័ន្ធមិត្ត​ថ្មី  AUKUS ថា​ជា​ទ​ង្វើ​មួយ គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

ដោយឡែក សម្រាប់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ឆាល មី​ឆែ​ល​(Charles Michel) បាន​ចោទ​ជា​ចង្ង​ល់​ឡើង​ថា លោក​ពិតជា​មិន​យល់​ពី​អ្វី​ដែល​អា​មេ​រិ​ក អូស្ត្រាលី និង អង់គ្លេស​កំពុង​ធ្វើ​ទាល់តែ​សោះ​នៅ​ពេល​នេះ​។ លោក មី​ឆែ​ល បាន​ចោទ​ជា​សំណួរ​ថា តើ​ប្រទេស​ទាំង​បី​រួបរួម​គ្នា​ដើម្បី​អ្វី? ​ចង់បាន​អី? ទោះបីជា​ការ​រួបរួម​នេះ គឺ​ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន ប៉ុន្តែ​វា​ពិតជា​ចម្លែក​ខ្លាំង​ណាស់​ដែល​ត្រូវ​មក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​បារាំង​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​របស់​ខ្លួន ពិសេស​សម្ព័ន្ធភាព​អា​ត្ល​ង់​ទិច ឬ​ហៅ​កាត់​ថា NATO​។

ឥឡូវនេះ​ភាព​តានតឹង​បាន​រាលដាល​ដល់​បារាំង​ជាមួយ​អង់គ្លេស​ហើយ !

រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​លោកស្រី ហ្លូ​រ៉េ​ន ផា​លី​(Florence Parly) នៅ​ថ្ងៃ​អង្គារ​ទី​២១​កញ្ញា នេះ បាន​សម្រេច​លុប​ចោល ជំនួប​ពិភាក្សា​ជាមួយ​សម​ភាគី លោក បេន វ៉ា​លេ​ន (Ben Wallace) រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។ 

ការ​សម្រេច​លុប​ចោល​នេះ មិន​ត្រូវ​បាន​បារាំង​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ ដោយ​គ្រាន់តែ​បាន​ឲ្យ​ដឹង​ថា ជំនួប​រវាង​ភាគី​ទាំង​ពីរ និង​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​។ យ៉ាងណាមិញ នេះ​សប​ញ​ញ្ជា​ក់​ឲ្យ​ឃើញ​ពី​ការ​អាក់អន់ចិត្ត​របស់​បារាំង​ចំពោះ​អង់គ្លេស ដូចដែល​បារាំង​ខឹងសម្បារ​ទៅ​លើ​អូស្ត្រាលី​ដូច្នោះ​ដែរ​។

ដោយឡែក នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូ​រី​ស ច​ន​សុ​ន ឯណោះ​វិញ បាន​ព្យាយាម​និយាយ​កុំ​ឲ្យ​បារាំង​ព្រួយបារម្ភ​ពី​កិច្ចព្រមព្រៀង​ថ្មី​រវាង​អូ​ស្រា្ត​លី អង់គ្លេស និង អា​មេ​រិ​ក​។ លោក ច​ន​សុ​ន បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ខាងលើ មិន​មាន​បំណង​ទាត់​បារាំង​ចេញពី​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​នោះ​ទេ និង ថា​កិច្ចព្រមព្រៀង​សន្តិសុខ​ត្រីភាគី​នេះ មិនមែន​ជា​រឿង​ដែល​គេ​គួរ​ព្រួយបារម្ភ​នោះ​ទេ ជា​ពិសេស​សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ត​ដូច​ជា​បារាំង​។

សូម​ជម្រាប​ថា ប្រមុខរដ្ឋ​បារាំង​លោក​អេ​ម៉ា​នុ​អេ​ល ម៉ា​ក្រុង និង លោក​ចូ បៃ​ដិ​ន ប្រធានាធិបតី​អា​មេ​រិ​ក នឹង​និយាយ​គ្នា​តាម​ទូរ​សព្ទ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ដូច្នេះ​តើ​អា​មេ​រិ​ក​អាច​ដោះស្រាយ​ទំនាក់ទំនង​ភាព​តានតឹង​ដែល​កំពុង​មាន​ជាមួយ​បារាំង បាន​ឬ​ក៏​មិន​បាន គេ​នឹង​អាច​ទទួល​បាន​ចម្លើយ​ឆាប់​ៗ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិបន្ដដាក់ឲ្យមានការដេញថ្លៃប្រាក់ដុល្លារអាមេរិកកាន់តែច្រើន តើវានឹងជួយអ្វីខ្លះសម្រាប់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច?

ព័ត៌មាន
នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្ដបញ្ចេញប្រាក់ដុល្លារអាមេរិក សម្រាប់ដាក់ឲ្យការដេញថ្លៃជាបន្ដបន្ទាប់ ដោយនៅក្នុងខែកញ្ញានេះ ធន…

ADB បន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី៤% មកនៅត្រឹម១,៩%វិញសម្រាប់ឆ្នាំ២០២១នេះ!

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយថានឹងរកបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ