រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្ត្រីការបរទេសអាមេរិកថា ការទូតសហរដ្ឋអាមេរិកបានបន្ថយល្បឿនការរីកចម្រើននៃសេវាចារកម្មរបស់ចិន


រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខេន (Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលលោក បៃដិន បានចាត់វិធានការការទូតយ៉ាងខ្លាំងក្នុងការបន្ថយល្បឿននៃការប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រីកអំណាចយោធានិងវត្តមាននៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
សហរដ្ឋអាមេរិកបានបន្ថយល្បឿនការរីកចម្រើននៃសេវាចារកម្មរបស់ចិន

កាលពីសប្តាហ៍មុន កាសែត The Wall Street បានរាយការណ៍ដោយផ្អែកតាមមន្ត្រីអាមេរិកថា ចិនកំពុងយកប្រទេសគុយបាធ្វើជាមូលដ្ឋានសម្រាប់ឈ្លបយកការណ៍ពីសហរដ្ឋអាមេរិក។ នៅពេលដែលត្រូវបានចោទសួរដោយអ្នកកាសែតនៅឯទីក្រុងវ៉ាស៊ីនតោនទាក់ទិននឹងរបាយការណ៍នេះ, អ្នកការទូតកំពូលអាមេរិក លោក អាន់តូនី ប្លីងខេន បានលើកឡើងថានោះថា ការងាររបស់ចិននៅក្នុងប្រទេសគុយបាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសាកលរបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្រៅប្រទេស។ លោកបានបន្តថា សកម្មភាពរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយរឿងនេះចាប់តាំងពីរដ្ឋបាលលោកចូ បៃដិន ចូលកាន់អំណាចក្នុងខែមករាឆ្នាំ២០២១ មក បានផ្ដល់ផ្លែផ្កា ប៉ុន្តែលោកមិនបានបញ្ជាក់ថាបានលទ្ធផលអ្វីនោះទេ។

លោក ប្លីនខេន បានគូសបញ្ជាក់ថា ដោយផ្អែកតាមការវាយតម្លៃរបស់អ្នកជំនាញអាមេរិក កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិកបានបន្ថយល្បឿនផែនការការងាររបស់របស់សាធារណរដ្ឋប្រជាមានិតចិន។

ពេលរដ្ឋបាលរបស់លោក ចូ បៃឌិន បន្តតំណែងពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មន្ត្រីនានាត្រូវបានផ្ដល់ដំណឹងអំពីកិច្ចប្រឹងប្រែងរបស់ចិន ដើម្បី«ពង្រីកផ្នែកភ័ស្តុភារ ទីតាំង ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រមូលព័ត៌មាននៅឯបរទេស សំដៅធ្វើឱ្យប្រទេសនេះអាចពង្រីកអំណាចយោធាប្រកបដោយចីរភាពនៅតំបន់ឆ្ងាយៗជាងមុន» រួមទាំងការពង្រឹងនិងពង្រីកសកម្មភាពនៅប្រទេសគុយបាផងដែរ។

ទោះយ៉ាងណា ប្រទេសចិនកាលពីថ្ងៃចន្ទ បានបដិសេធការចោទប្រកាន់ដែលថា ខ្លួនប្រើប្រទេសគុយបាជាមូលដ្ឋានសម្រាប់ឈ្លបយកការណ៍ពីសហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា ការថ្លែងឡើងរបស់លោក ប្លីងខេន បានកើតឡើងស្របពេលដែលប្រមុខការទូតសហរដ្ឋអាមេរិករូបនេះគ្រោងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងសប្ដាហ៍នេះ។ ទស្សនកិច្ចរបស់លោក ប្លីងខិន នៅប្រទេសចិន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជួសជុលទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចពិភពលោកទាំងពីរ បន្ទាប់ពីលោកប្រធានាធិបតី បៃឌិន បានបង្ហើបនាពេលថ្មីៗ នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនឹង«រលាយបាត់»ក្នុងពេលឆាប់ៗ៕

អត្ថបទ៖ ឯម មាឃ




អត្ថបទបន្ទាប់


ទីផ្សារឧស្សាហកម្មគ្រឿងសំណង់វៀតណាមកំពុងស្ទះ ចំពេលទីផ្សារអចលនទ្រព្យនៅទ្រឹង

ព័ត៌មាន
ក្រុមមេដឹកនាំក្រុមហ៊ុនផលិតគ្រឿងសំណង់ ដែលរួមមានដែក ស៊ីម៉ង់ សេរ៉ាមិច នៅក្នុងប្រទេសវៀតណាម សុទ្ធតែអះអាងអំពីការធ្លាក់ចុះ ក្រោយពេលដែលទីផ្សា…

ក្រុមអ្នកផលិតស្រាអន្តរជាតិមានក្តីសង្ឃឹមខ្ពស់លើទីផ្សារនៅប្រទេសចិន

ព័ត៌មាន
សព្វថ្ងៃ ផលិតផលស្រាល្អៗបានរួមចំណែកដល់របៀបរស់នៅទាន់សម័យ និងការលម្ហែអារម្មណ៍បានមួយផ្នែក សម្រាប់អ្នកចង់រីករាយនឹងជីវិតលោកីយ៍។ ខណៈដែលផលិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ