អាមេរិក-ហ្វីលីពីន

អនុប្រធានាធិបតីអាមេរិកប្រាប់មេដឹកនាំហ្វីលីពីនថា «អាមេរិកមិនផ្លាស់ប្ដូរគោលជំហរ» ក្នុងការធានាសន្ដិសុខសម្រាប់ហ្វីលីពីនឡើយ


អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃចន្ទ ទី ២១ ខែវិច្ឆិកា បានជួបទល់មុខជាមួយប្រធានាធិបតីហ្វីលីពីនលោកម៉ាកូស នៅទីក្រុងម៉ានីល ដោយលោកស្រីបានអះអាងបញ្ជាក់ជាថ្មីទៀតនៅចំពោះមុខលោកម៉ាកូស ថា ទីក្រុងវ៉ាស៊ិនតោន នឹងមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួនក្នុងការធានាសន្ដិសុខសម្រាប់ប្រទេសហ្វីលីពីននោះឡើយ។
អនុប្រធានាធិបតីអាមេរិកប្រាប់មេដឹកនាំហ្វីលីពីនថា «អាមេរិកមិនផ្លាស់ប្ដូរគោលជំហរ» ក្នុងការធានាសន្ដិសុខសម្រាប់ហ្វីលីពីនឡើយ

ការអះអាងបែបនេះ ហាក់ដូចជាអាមេរិកចង់ផ្ញើសារទៅកាន់ប្រទេសចិនអ៊ីចឹងដែរ ដ្បិតហ្វីលីពីន គឺជាចំណុចកណ្ដាលដ៏សំខាន់នៃបញ្ហានៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាបញ្ហាដ៏រសើបបំផុតមួយដែលចិន និងអាមេរិកតែងតែប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងក្លានៅប៉ុន្មានឆ្នាំមកនេះ។

អនុប្រធានាធិបតីអាមេរិក លោកស្រី Harris បានទៅដល់ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក ប្រទេសថៃ។ លោកស្រី Harris គឺជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូប ដែលបានធ្វើទស្សនកិច្ចនៅក្នុងប្រទេសហ្វីលីពីន ក្រោមអណាត្តិដឹកនាំរបស់លោកម៉ាកូស ដែលជាអ្នកស្វែងរកការពង្រឹងទំនាក់ទំនងឡើងវិញរវាងទីក្រុងម៉ានីល និងវ៉ាស៊ិនតោន ខណៈដែលកាលពីជំនាន់ដឹកនាំដោយលោក ឌុយទ័រតេ ហ្វីលីពីនហាក់មានទំនោរងាកទៅរកប្រទេសចិន។

លោកស្រី Harris បានបញ្ជាក់ចំៗទៅកាន់លោកម៉ាកូស ប្រធានាធិបតីហ្វីលីពីនយ៉ាងដូច្នេះថា «យើងត្រូវតែបញ្ជាក់ឡើងវិញជានិច្ចថា យើង (អាមេរិក) គឺឈរនៅជាមួយហ្វីលីពីន នៅក្នុងការការពារច្បាប់អន្តរជាតិ និងបទដ្ឋានអន្តរជាតិ ដែលទាក់ទងនឹងបញ្ហានៅសមុទ្រចិនខាងត្បូង»។

លោកស្រីបានសង្កត់ធ្ងន់ថា ការវាយប្រហារដោយប្រដាប់អាវុធ លើកងកម្លាំងប្រដាប់អាវុធ នាវាសាធារណៈ ឬយន្ដហោះរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង នឹងអំពាវនាវឲ្យមានការប្តេជ្ញាចិត្តការពារទៅវិញទៅមករបស់អាមេរិកចំពោះហ្វីលីពីន ហើយនោះគឺជាប្ដេជ្ញាចិត្តមិនផ្លាស់ប្ដូរឡើយ ដែលអាមេរិកមានចំពោះសម្ព័ន្ធមិត្តក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

លោកម៉ាកូស បាននិយាយលើកឡើងនៅចំពោះមុខលោកស្រី Harris ដែរថា លោកទទួលស្គាល់ចំពោះសម្ព័ន្ធភាពយូរអង្វែងរវាងទីក្រុងម៉ានីល និងវ៉ាស៊ិនតោន។ ប្រធានាធិបតីហ្វីលីពីនរូបនេះ និយាយយ៉ាងដូច្នេះថា «ខ្ញុំបាននិយាយច្រើនដងហើយ! ខ្ញុំមើលមិនឃើញអនាគតរបស់ហ្វីលីពីននោះទេ បើមិនមានការចូលរួមជាមួយអាមេរិក ហើយវាគឺមានមកជាមួយនឹងមិត្តភាពដ៏យូរអង្វែង ដែលយើងមានជាមួយអាមេរិក»។

មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃទី ២០ វិច្ឆិកា ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចនៅហ្វីលីពីន នឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្ដិសុខ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យការពារជាតិ ដែលអនុញ្ញាតឲ្យយោធាអាមេរិក ចូលទៅតាំងមូលដ្ឋាននៅក្នុងប្រទេសហ្វីលពីន។ មន្ត្រីរូបនោះ បញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ិនតោន បានបែងចែកថវិកាប្រមាណ ៨២លានដុល្លារ សម្រាប់អនុវត្តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យការពារជាតិ ហើយអ្វីៗផ្សេងៗទៀត ក៏នឹងត្រៀមផ្ដល់ឲ្យហ្វីលីពីនបន្ថែមផងដែរ។

គួរចាប់អារម្មណ៍ដែរថា នៅថ្ងៃដែលលោកស្រី Harris ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ក៏មានហេតុការណ៍មួយបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងដែរ ដោយមេបញ្ជាការយោធាហ្វីលីពីនម្នាក់បាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្ររបស់ចិន បានកាត់ទាញយកដោយបង្ខំ នូវត្ថុអណ្ដែតទឹក ដែលត្រូវបានរកឃើញ និងអូសដោយកប៉ាល់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ ប៉ុន្ដែ គេមិនដឹងថា វត្ថុអណ្ដែតទឹកនោះជាអ្វីនោះទេ ហើយក៏មិនដឹងថា ហេតុអ្វីក៏កប៉ាល់របស់ចិនបានមកកាត់ខ្សែសណ្ដោង ហើយទាញយកវត្ថុនោះទៅកាន់ឆ្នេរសមុទ្ររបស់ខ្លួនក្នុងគោលបំណងអ្វីនោះដែរ៕




អត្ថបទបន្ទាប់


ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងប្រទេសថៃអំឡុងវើលខាប់ឆ្នាំនេះនឹងកើនឡើង ក្រោយទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់

ព័ត៌មាន
ប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសថៃ នឹងជំរុញសកម្មភាពទីផ្សាររបស់ខ្លួនកាន់តែខ្លាំងក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែ…

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» ដោយជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា ខាងមុខនេះ

ព័ត៌មាន
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំសន្និសីទព័ត៌មាន ប្រកាសបើកលក់ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ