ទំនាក់ទំនងកម្ពុជា-ឥណ្ឌា

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជជែកពីបញ្ហាសំខាន់អ្វីខ្លះជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា?


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជូបសម្តែងការគួសម និងពិភាក្សាការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានតំាងពីយូរលង់ណាស់មកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​​​​ប្រចាំការបានគូសបញ្ជាក់ថា ពិតណាស់ប្រវត្តិសាស្រ្តបានបង្ហាញថា ​កម្ពុជាបានទទួលឥទ្ធិពលយ៉ាង​ច្រើន​ពីឥណ្ឌា ប៉ុន្តែកម្ពុជាក៏បានផ្សព្វផ្សាយត្រឡប់ទៅឥណ្ឌាវិញនូវអ្វីដែលជារបស់ខ្លួនផងដែរ។

ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីខិតខំបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួនឱ្យចេញជាផ្លែផ្កាជាក់ស្តែង។ ភាគីទាំងពីរក៏បាន​ធ្វើការផ្លាស់ប្តូរមតិ​ និងទស្សនៈទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាតំបន់ ជាពិសេសក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ ដើម្បីជាផលប្រយោជន៍​នៃប្រទេសទាំងពីរ ទាំង​​ក្នុ​ង​ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងទាំងនៅក្នុងក្របខណ្ឌ​នៃកិច្ចសហប្រតិ​បត្តិការ​​តំបន់​ និង​ពិភពលោក។

ក្នុងជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរថា ឥណ្ឌា​ចង់ចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ សម្រាប់​បម្រើឱ្យសេវាសាធារណៈ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ដល់កម្ពុជា ដូចជាពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណកម្ម និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។ លោកជំទាវ ក៏បានបន្តលើកឡើងថា តាមរយៈ​កម្មវិធីកិច្ច​សហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ឥណ្ឌានឹង​ផ្តល់ការបណ្តុះបណ្តាលជំនាញដើម្បីកសាងសមត្ថភាពដល់មន្ត្រី តាមបណ្តាប្រទេសមួយចំនួន ដែល​​​ក្នុង​​នោះ ស្ថាប័នមុខងារសាធារណៈរបស់ឥណ្ឌាកំពុងរៀបចំចុះ MoU ជាមួយក្រសួងមុខងារ​សាធារណៈ របស់កម្ពុជា ដើម្បីចូលរួមចំណែក​កសាងសមត្ថភាព​ដល់​មន្រ្តីរាជការ​កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍ចំពោះបំណងចែក រំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈរបស់ឥណ្ឌា ព្រោះ​បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល សំដៅកសាងរដ្ឋាភិបាលឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញនាពេលកន្លងមក។ ឯកឧត្តមក៏បានស្នើដល់ភាគីឥណ្ឌាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា លើការបណ្តុះបណ្តាលនិងកសាងសមត្ថភាពមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នលើគ្រប់វិស័យ ដោយក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រី​​​បាន​ស្នើឱ្យ​មានការពិនិត្យ​លើលទ្ធភាព​លើកកម្ពស់សមត្ថភាពមន្ត្រីរាជការ ក្នុងវិស័យរដ្ឋបាលសាធារណៈ ការតាក់តែង និងការពិនិត្យច្បាប់ ជាពិសេសការពិនិត្យលើផលប៉ះពាល់នៃបទដ្ឋានគតិយុត្តិ ដើម្បីគាំទ្រដល់​ការ​កែ​ទម្រង់​ប្រព័ន្ធច្បាប់ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។

ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរ អំពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍​​​​​​​កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់​ទាក់ទាញទេសចរឥណ្ឌា ឱ្យមកទស្សនកិច្ចកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះភាគីទាំងពីរ ក៏បានគិតគូពីការទាក់ទាញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។

នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថែ្លងអំណរគុណដល់ឥណ្ឌា ដែលបានតែងបានគាំទ្រដល់កិច្ចអភិវឌ្ឍន៍កម្ពុជារហូតមក។​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញហើយម្ចាស់ជ័យលាភី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិ» ៤រូបប្រចាំឆ្នាំ២០២៣

ព័ត៌មាន
សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរកឃើញ និងប្រគល់ពានរង្វាន់ដល់ម្ចាស់សហគ្រាស…

លោក ស៊ីជិនពីង ប្រាប់លោកចូបៃដិន ថា តៃវ៉ាន់នឹងត្រូវបង្រួបបង្រួមដោយជៀសពុំរួច

ព័ត៌មាន
បន្ទាប់ពីមានការរៀបចំអស់រយៈពេលជាច្រើនខែសម្រាប់ជំនួបកំពូលជាងបួនម៉ោងនៅជាយក្រុង San Francisco សហរដ្ឋអាម៉េរិក នៅថ្ងៃពុធខែវិច្ឆិកានេះ ប្រធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ