សេដ្ឋកិច្ចសិង្ហបុរីកើនយឺតនៅឆ្នាំ២០២២ ហើយឆ្នាំនេះក៏ទំនងជួបការលំបាកទៀត

តើកត្តាអ្វីខ្លះ រុញឲ្យសេដ្ឋកិច្ចសិង្ហបុរី នឹងត្រូវជួបបញ្ហាកាន់តែលំបាកនៅឆ្នាំ២០២៣?


មិនខុសពីប្រទេសដទៃនោះទេ សេដ្ឋកិច្ចសិង្ហបុរីក្នុងឆ្នាំ២០២២កន្លងទៅ គឺមានកំណើនយឺតមែនទែន បើប្រៀបធៀបនឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ បើទោះបីជាប្រទេសខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ីមួយនេះ បានដកចេញការរឹតត្បិតកូវីដ១៩ក៏ដោយ ពោលគឺវានៅតែបន្តញាំញីដោយសារវិបត្តិសាកលដូចជា សង្គ្រាមនៅអ៊ុយក្រែន អតិផរណា និងការដំឡើងអត្រាការប្រាក់គោលជាដើម។ នៅឆ្នាំ២០២៣នេះ សិង្ហបុរីក៏នឹងបន្តជួបការលំបាកក្នុងកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ដទៀតទៀត ព្រោះតែវិបត្តិសាកលទាំងនេះ ហាក់មិនធូរស្រាលវិញសោះឡើយ។ នេះបើការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។
តើកត្តាអ្វីខ្លះ រុញឲ្យសេដ្ឋកិច្ចសិង្ហបុរី នឹងត្រូវជួបបញ្ហាកាន់តែលំបាកនៅឆ្នាំ២០២៣?

សេដ្ឋកិច្ចរបស់សិង្ហបុរី បានកើនឡើងត្រឹម ៣,៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២២ ពោលគឺយឺតជាងឆ្ងាយពីឆ្នាំ២០២១ ដែលកំណើនដល់ទៅ ៧,៦%។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដែលបានប្រកាសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចនេះគឺខ្ពស់ជាងការព្យាករលើកមុនដែលថា នឹងស្ថិតក្នុងរង្វង់ ៣,៥% ប៉ុណ្ណោះ នោះក៏ដោយសារតែសិង្ហបុរី មានការដកការរឹតត្បិតនៅតាមព្រំដែន និងការហូរចូលមកវិញនូវភ្ញៀវទេសចរបរទេស។

នៅក្នុងត្រីមាសទី៤ សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងត្រឹម ២,២% ប៉ុណ្ណោះ យឺតជាងត្រីមាសទី៣ ដែលកើនក្នុងរង្វង់ ៤,២%។ គ្រប់វិស័យទាំងអស់សុទ្ធតែមានកំណើន លើកលែងតែការផលិត ដែលធ្លាក់ចុះ ៣% ដូចជា គ្រឿងអេឡិចត្រូនិច ឧស្សាហកម្មគីមី និងជីវវេជ្ជសាស្រ្ត។ ដោយឡែក វិស័យសំណង់បានកើនឡើងដល់ជាង ១០% នៅត្រីមាសទី៤ កើនស្ទុះពី ៧,៨% ក្នុងត្រីមាសទី៣។

ក្នុងឆ្នាំ២០២២កន្លងទៅ បើទោះបីសិង្ហបុរីបានដកការរឹតត្បិតកូវីដ១៩ និងបើកឱ្យទ្វារទទួលស្វាគមន៍ក្តី ប៉ុន្តែប្រទេសដ៏តូចមួយនេះបានទទួលរងនូវឥទ្ធិពលវិបត្តិសាកលផងដែរ ជាពិសេសគឺសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កអស្ថិរភាពភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មសាកល។ ជាមួយគ្នានោះ តម្លៃប្រេង និងស្បៀងអាហារបានកើនឡើង ព្រមទាំងបញ្ហាការដំឡើងអត្រាការប្រាក់គោល បានធ្វើឱ្យធនាគារកណ្តាលសិង្ហបុរី ត្រូវចាត់វិធានការរឹតត្បិតដោយការដាក់ចេញគោលនយោបាយរូបិយវត្ថុ។

សម្រាប់ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចសិង្ហបុរី ក៏ទំនងបន្តជួបភាពអាប់អួរទៀត ដោយសារការនាំចេញនៅតែចុះខ្សោយ ជាពិសេសផលិតផលអេឡិចត្រូនិច ក៏ដូចជាការបន្តរងផលប៉ះពាល់ពីវិបត្តិសាកលនេះដដែល ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ឆ្នាំនេះនឹងជាឆ្នាំដ៏តានតឹងជាងឆ្នាំមុនសម្រាប់សេដ្ឋកិច្ចសាកល។

លោកស្រី Kristalina Georgieva អគ្គនាយិកា IMF បានលើកឡើងនៅដើមខែមករានេះថា សេដ្ឋកិច្ចពិភពលោកប្រមាណ ១ភាគ៣ នឹងធ្លាក់ចូលទៅក្នុងវិបត្តិ ដែលបណ្តាលមកពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសយក្សៗដែលជាក្បាលម៉ាស៊ីនពិភពលោករួមមាន អាមេរិក ចិន និងសហភាពអឺរ៉ុបជាដើម៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងថា កិច្ចពិភាក្សាអំពីផែនការប្រតិបត្តិការនុយក្លេអ៊ែរជាមួយអាមេរិកនៅតែបន្ដ បើទោះបីត្រូវលោកចូ បៃដិនឆ្លើយបដិសេធ

ព័ត៌មាន
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយជាថ្មីទៀតកាលពីថ្ងៃអង្គារទី ៣ខែមករាថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីផ…

តើការផ្ទុះកូវីដ១៩ឡើងវិញនៅចិន ប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រោយរដ្ឋាភិបាលក្រុងប៉េកាំង បានសម្រាលបន្ធូរបន្ថយនូវគោលនយោបាយសូន្យកូវីដ និងត្រៀមបើកប្រទេសឡើងវិញយ៉ាងណាក្ដី ប៉ុន្ដែវាមិនបានធ្វើឱ្យខ្សែចង្វាក់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ