ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

រឹបអូសទ្រព្យសម្បត្តិជាង២ពាន់លានដុល្លារ ក្នុងប្រតិបត្តិការបង្ក្រាបអំពើលាងលុយនៅសិង្ហបុរី


ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារទី ៣ខែតុលា បាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញនូវក្របខណ្ឌច្បាប់ ស្ដីពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នៅចំពេលមានការស៊ើបអង្កេត ដែលកំពុងបន្តធ្វើទៅលើករណីលាងលុយកខ្វក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ ខណៈដែលប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញអាស៊ីមួយនេះ កំពុងមានអ្នកមានលុយយកទ្រព្យសម្បត្តិរបស់ពួកគេមកដាក់ទុកនៅក្នុងប្រទេសនេះ។
ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ
ដោយ

គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលនៅក្នុងសភា ដោយផ្ដោតសំខាន់លើការពង្រឹងច្បាប់ស្ដីពីការលាងលុយកខ្វក់ ខណៈមានការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីតួនាទីរបស់មន្ត្រីសិង្ហបុរី ពាក់ព័ន្ធនឹងការជួយបិទបាំងលុយកខ្វក់ នៅចំពេលវិនិយោគិន និងអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភកាន់តែច្រើនឡើងកំពុងយកទ្រព្យសម្បតិ្តរបស់ពួកគេមកទុកដាក់នៅក្នុងប្រទេសនេះ។

ទោះយ៉ាងណា រដ្ឋាភិបាលសិង្ហបុរី ក៏បានបដិសេធដែរថា អាជ្ញាធររបស់ខ្លួនមិនបានរងសម្ពាធណាមួយពីទីក្រុងប៉េកាំងជាថ្នូរនឹងការចាប់ផ្តើមធ្វើប្រតិបត្តិការនាពេលថ្មីៗនេះ ដើម្បីឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ ដែលសង្ស័យពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ដ៏ល្បីល្បាញនោះឡើយ។

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី លោកស្រី ចូសេហ្វីន តេអូ (Josephine Teo) បាននិយាយកាលពីថ្ងៃទី៣ ខែតុលាថា មានព័ត៌មានមួយចំនួនបានចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានជាតិ និងអន្តរជាតិថា ប្រតិបត្តិការបង្ក្រាបលើករណីលាងលុយកខ្វក់ថ្មីៗនេះ ត្រូវបានធ្វើឡើងតាមការបញ្ជារបស់ប្រទេសចិន ប៉ុន្តែនេះជារឿងមិនពិតទាំងស្រុងតែម្ដង។

សូមរំលឹកថា ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនបរទេសចំនួន១០នាក់ ដែលជាជនជាតិចិន ប៉ុន្តែពួកគេបានកាន់លិខិតឆ្លងដែនផ្សេងៗគ្នាកាលពីពាក់កណ្ដាលខែសីហា ជាប់ចោទពីបទលាងលុយកខ្វក់ តាមរយៈសកម្មភាពខុសច្បាប់នៅក្នុងប្រទេសសិង្ហបុរី ក្រោយពីក្រសួងមហាផ្ទៃ បានធ្វើការស៊ើបអង្កេត និងតាមដានរយៈពេល២ឆ្នាំមកហើយ។

អាជ្ញាធរជឿថា ជនសង្ស័យទាំងនេះបានទទួលផលចំណេញទាំងនោះពីសកម្មភាពឧក្រិដ្ឋកម្មនៅខាងក្រៅប្រទេសសិង្ហបុរី ដែលរួមមានល្បែងស៊ីសងខុសច្បាប់ ការលេងល្បែងតាមអនឡាញខុសច្បាប់ និងការខ្ចីប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។ ជនជាប់ចោទមួយចំនួនក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំខុសច្បាប់ផងដែរ។

ទ្រព្យសម្បត្តិរបស់ជនសង្ស័យ ដែលត្រូវបានរឹបអូស និងបង្កកដំបូងឡើយមានចំនួនប្រហែល១ ពាន់លានដុល្លារសិង្ហបុរី ប្រហែលជាង ៧២៧លានដុល្លារ ប៉ុន្ដែបើតាម លោកស្រី ចូសេហ្វីន តេអូ អនុរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី បាននិយាយកាលពីថ្ងៃទី៣ ខែតុលាថា បើបូកសរុបចំនួនទឹកប្រាក់ដែលរឹបអូសបានតាំងពីថ្ងៃបង្ក្រាបនោះមកដល់ពេលនេះ គឺបានកើនឡើងដល់ជិត ៣ពាន់លានដុល្លារសិង្ហបុរី ឬ ប្រហែលជាង២ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម-ប៉ោយប៉ែត បញ្ចប់ការសាងសង់បានជិត ១០០ភាគរយ

ព័ត៌មាន
គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម-ប៉ោយប៉ែត សម្រេចបានការសាងសង់ជិត ១០០ភាគរយហើយ នឹងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជ…

សភាអាមេរិក ធ្លាក់ចូលក្នុងភាពចលាចល ក្រោយទម្លាក់លោក ម៉ាកាធី ពីកៅអីប្រធានសភា

ព័ត៌មាន
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានបោះឆ្នោតដកតំណែងប្រធានសភា ដែលមកពីបក្សសាធារណរដ្ឋ ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក២៣៤ឆ្នាំ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ