តើចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍មែនឬ?

តើហេតុអ្វីបានជាចិននៅតែបន្តអះអាងថា ខ្លួនជាប្រទេសកំពុងអភិវឌ្ឍន៍ ទាំងដែលខ្លួន គឺមហាអំណាចសេដ្ឋកិច្ចទីពីរលើលោក?


នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស BRICSកាលពីពេលថ្មីៗនេះ បុរសខ្លាំងរដ្ឋចិនលោក Xi Jinping បាននិយាយក្ដែងៗថា "ប្រទេសចិនបាន និងកំពុងនៅតែជាសមាជិកនៃប្រទេសកំពុងអភិវឌ្ឍន៍»។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក។
តើចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍មែនឬ?

បើទោះបីជាចិនប្រកាសក្ដែងៗថា ខ្លួននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ក្ដី ប៉ុន្ដែ សមាជិកសភាអាមេរិកបានណែនាំច្បាប់ដែលតម្រូវឱ្យរដ្ឋបាលសហរដ្ឋអាមេរិកប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងអង្គការអន្តរជាតិ ដើម្បីដកប្រទេសចិនចេញពីឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។ តើនេះមកពីមូលហេតុអ្វី? ពិតណាស់ ការជជែកវែកញែកស្តាប់ទៅវាហាក់បីដូចជាការសិក្សាស៊ីជម្រៅ ប៉ុន្តែក្នុងពិភពលោកពិតជាក់ស្តែងនោះ គឺវាបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍។

ក្នុងឋានៈជា «ប្រទេសកំពុងអភិវឌ្ឍន៍» ប្រទេសទាំងនោះរួមទាំងចិនផង គឺមានការអនុគ្រោះពន្ធពី ប្រទេសអភិវឌ្ឍន៍ ដែលធ្វើឲ្យការនាំចេញរបស់ពួកគេកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ដូចនេះហើយ ប្រទេសចិនបានប្រើប្រាស់ឋានៈនេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់គេ ក្នុងការឧបត្ថម្ភធនដល់ឧស្សាហកម្មដូចជាការនេសាទ និងបច្ចេកវិទ្យា ដែលភាគច្រើនក្រុមហ៊ុនទាំងនោះជាកម្មសិទ្ធិរបស់រដ្ឋក៏ដោយ។ ស្ថានប័នអន្តរជាតិធំៗបានកំណត់ឋានៈនេះតាមមធ្យោបាយផ្សេងៗគ្នា។ ជាឧទាហរណ៍ អង្គការពាណិជ្ជកម្មពិភពលោកអនុញ្ញាតឱ្យប្រទេសនានាកំណត់អត្តសញ្ញាណខ្លួនឯងថា «កំពុងអភិវឌ្ឍ»ឬ «អភិវឌ្ឍន៍»។
ដោយឡែក អង្គការអន្តរជាតិផ្សេងទៀតដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិប្រើប្រាស់រង្វាស់លក្ខខណ្ឌជាច្រើន ដើម្បីកំណត់ឋានៈនេះ មានដូចជាការវាស់ស្ទង់កម្រិតជីវភាពរបស់ប្រទេសមួយ ដោយប្រើសូចនាករដូចជា ប្រាក់ចំណូលជាតិជាមធ្យមក្នុងមនុស្សម្នាក់, ប្រាក់ចំណូលជាតិដុល (GNI) សម្រាប់មនុស្សម្នាក់, អាយុសង្ឃឹមរស់របស់ប្រជាជន និងការវាស់ស្ទង់ពីកម្រិតអប់រំជាដើម។ ក្នុងនោះ រដ្ឋាភិបាលប៉េកាំងចាត់ថ្នាក់ខ្លួនឯងថា ជាប្រទេស«កំពុងអភិវឌ្ឍន៍»នៅក្នុង WTO។ ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោក និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបានចាត់ថ្នាក់ប្រទេសចិនជាប្រទេសដែល «មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់» ខណៈដែល IMF ហៅប្រទេសនេះថា ជា«ប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍»។
ជាមួយគ្នានេះ អ្នកវិភាគនិយាយថា ប្រទេសចិនមានលក្ខណៈពិសេសក្នុងការកំណត់ឋានៈបានងាយស្រួល។ បើតាមលោក Philippe Benoit នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានការវិភាគហេដ្ឋារចនាសម្ព័ន្ធសកល និងនិរន្តរភាពឆ្នាំ ២០៥០បានប្រាប់ VOAថា ប្រទេសចិន ជា«មហាអំណាចកូនកាត់»។ ការព្យាករណ៍ថាមពលសកលរបស់ប្រទេសនេះប្រហាក់ប្រហែលនឹងប្រទេសមហាអំណាចប្រពៃណី ហើយវាបង្ហាញពីលក្ខណៈជាប្រទេសអភិវឌ្ឍន៍ ដូចជាការវិនិយោគសំខាន់ៗរបស់ខ្លួននៅក្នុងវិស័យបច្ចេកវិទ្យា និងផ្លូវរថភ្លើងល្បឿនលឿន។ ចិនក៏មានទីក្រុងដែលអភិវឌ្ឍន៍ខ្លាំងដូចជា ទីក្រុងប៉េកាំង និងសៀងហៃផងដែរ។ ទោះយ៉ាងណា ប្រទេសចិនក៏មានលក្ខណៈបង្ហាញថា ជាប្រទេសកំពុងអភិវឌ្ឍន៍ដែរ ដូចជាការបន្តមានភាពក្រីក្រក្នុងវិស័យជាច្រើនក្នុងប្រទេស។ ជាក់ស្តែង ក្នុងឆ្នាំ២០១៩ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានរកឃើញថា ជាង៣៥% នៃចំនួនប្រជាជននៅក្នុងប្រទេសចិន នៅតែខ្វះបច្ចេកវិទ្យាស្អាតសម្រាប់ការចម្អិនអាហារ ហើយពឹងផ្អែកលើឥន្ធនៈដែលបំពុលខ្លាំងដូចជាធ្យូងថ្មជាដើម។
មួយវិញទៀត បើយោងតាមលោក Robert Ross សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យ Boston បានប្រាប់ VOA ថា ចំណាត់ថ្នាក់ប្រទេសកំពុងអភិវឌ្ឍន៍លែងត្រូវនឹងការពិតរបស់សេដ្ឋកិច្ចចិនទៀតហើយ ដោយសារគោលនយោបាយកាត់បន្ថយភាពក្រីក្រខ្លាំងរបស់ចិន និងឋានៈជាសេដ្ឋកិច្ចធំទីពីរលើលោករបស់ប្រទេសនេះ។ លោក Ross បាននិយាយថា តំណែងជាប្រទេសអភិវឌ្ឍន៍របស់ចិន«លែងជាសំណួរសំខាន់តទៅទៀតហើយ» ប៉ុន្តែជាបញ្ហានយោបាយរវាងមហាអំណាចប្រកួតប្រជែងទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន។ អ្នកជំនាញរូបនេះថា ប្រទេសចិនកំពុងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការធ្វើឱ្យមានការប្រកួតប្រជែងឡើងវិញក្នុងទីផ្សារអាមេរិកប្រឆាំងនឹងចិន ដូច្នេះបានជាមានសង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា ដែលអាមេរិកចង់ធ្វើឱ្យមានការរំខានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។

គួរជម្រាបថា នៅថ្ងៃទី ៨ ខែមិថុនា គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់ស្តីពីការបញ្ចប់ឋានៈ«ប្រទេសកំពុងអភិវឌ្ឍន៍»របស់ប្រទេសចិន។ ច្បាប់នេះអំពាវនាវឱ្យក្រសួងការបរទេសអាមេរិកចាត់វិធានការដើម្បីបញ្ឈប់តំណែងរបស់ចិន ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលទទួលស្គាល់ដោយអង្គការអន្តរជាតិ។ ទោះយ៉ាងណា គ្មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់ដែលព្រឹទ្ធសភាអាមេរិកនឹងត្រូវបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នេះទេ។
ជាការឆ្លើយតបទៅនឹងទង្វើនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប៉ុនប៉ងបំផ្លាញការអភិវឌ្ឍរបស់ប្រទេសចិន។ លោក Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៩ ខែមិថុនាថា «ឋានៈរបស់ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោកត្រូវបានចាក់ឫសនៅក្នុងការពិត និងច្បាប់អន្តរជាតិ»។ វាមិនមែនជាអ្វីដែលអាចត្រូវផ្លាស់ប្តូរ ឬលុបចោល ដោយងាយពីសំណាក់ច្បាប់សភាសហរដ្ឋអាមេរិកនោះទេ។ លោកបានបន្ថែមថា «វាមិនអាស្រ័យលើសហរដ្ឋអាមេរិក ក្នុងការសម្រេចចិត្តថា តើចិនជាប្រទេសកំពុងអភិវឌ្ឍន៍ ឬអត់នោះទេ»៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឲ្យជំនាញជឿថា វិស័យអចលនទ្រព្យកម្ពុជានឹងអាចងើបឡើងវិញនៅពីរឆ្នាំខាងមុខ?

ព័ត៌មាន
អស់រយៈពេលប្រមាណ៣ឆ្នាំហើយ ដែលទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាលើពិភពលោករងភាពរង្គោះរង្គើ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវី…

ប្រព័ន្ធផ្សព្វផ្សាយចិនបង្កើនការវាយប្រហារទៅលើការបញ្ចេញទឹកវិទ្យុសកម្មនៅរោងចក្រហ្វូគូស៊ីម៉ារបស់ជប៉ុន

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយចិនកំពុងបង្កើនការរិះគន់ ទៅលើការបញ្ចេញទឹកកាកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុន ធ្វើដែលវាឱ្យម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ