វិស័យហិរញ្ញវត្ថុ

តើរដ្ឋាភិបាល និងអ្នករកស៊ីត្រូវប្រកាន់គោលជំហរ និងត្រៀមខ្លួនបែបណា ដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្ន?


វិបត្តិកូវីដ-១៩ មិនទាន់ផុតរលត់ស្រួលបួលផង ស្រាប់តែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានផ្ទុះឡើងជាបន្តបន្ទាប់ ដែលបានដាក់បន្ទុកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោក។
វិស័យហិរញ្ញវត្ថុ
ដោយ

ក្នុងស្ថានភាពបែបនេះ បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាជួបនូវវិបត្តិផ្សេងៗដូចជាការកើនឡើងអតិផរណា អាជីវកម្ម និងប្រជាពលរដ្ឋធ្លាក់ចុះប្រាក់ចំណូល បង្កជាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើពាណិជ្ជកម្មអន្តរជាតិជាដើម។ តើរាជរដ្ឋាភិបាល អ្នកវិនិយោគ និងប្រជាពលរដ្ឋ ត្រូវប្រកាន់ជំហរ និងមានការគិតគូបែបណា ដើម្បីទប់ទល់នឹងស្ថានភាពដ៏លំបាកមួយនេះ?

លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា យល់ឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់បង្កឡើងដោយវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សា និងភាពតាងតឹងភូមិសាស្ត្រនយោបាយសកល កម្ពុជាត្រូវប្រកាន់គោលជំហរបើកចំហរ ពោលគឺមិនត្រូវពឹងផ្អែកលើតែប្រទេសណាមួយនោះទេ។ ការធ្វើពាណិជ្ជកម្ម និងវិនិយោគទៀតសោត កម្ពុជា ក៏ពុំគួរផ្តោតតែលើវិស័យមួយៗដែរ ពោលគឺត្រូវចេះធ្វើពិពិធកម្មផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម ដើម្បីធ្វើឱ្យចរន្តសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មមានដំណើរការល្អប្រសើរ។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា កម្ពុជាអាចនឹងជួបការលំបាក ប្រសិនបើកម្ពុជាប្រកាន់គោលជំហរមិនបើកជំហរ។ តែយ៉ាងណាសេដ្ឋវិទូរូបនេះកត់សម្គាល់ឃើញថា ក្នុងកាលៈទេសៈបច្ចុប្បន្នមិនមែនមានតែប្រទេសកម្ពុជានោះទេ ដែលជួបបញ្ហាសេដ្ឋកិច្ច ប្រទេសផ្សេងៗលើពិភពលោកក៏ជួបបញ្ហានេះដែរ។

ភាពមិនច្បាស់នៃសេដ្ឋកិច្ចសកលនេះ វាក៏បានជះឥទ្ធិពលអវិជ្ជមានមកលើវិស័យហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ ដោយបញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋ ដែលជាកូនបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជួបការលំបាកក្នុងការសងត្រឡប់ ក្រោយប្រាក់ចំណូលរបស់ពួកគេមានការធ្លាក់ចុះ។ ហើយនៅក្នុងស្ថានភាពមិនសូវល្អនេះ បានជំរុញឱ្យពលរដ្ឋនិងម្ចាស់អាជីវកម្មមួយចំនួន ដែលរងផលប៉ះពាល់ដោយសារវិបត្តិ ត្រូវស្វែងរកជំនួយឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីបន្តនិរន្តរភាព និងស្តារអាជីវកម្មរបស់ខ្លួន។ តើប្រជាពលរដ្ឋត្រូវមានការគិតគូ និងប្រើប្រាស់ឥណទានយ៉ាងដូចម្តេច ដើម្បីកុំឱ្យវ័ណ្ឌកជាមួយបំណុលនៅក្នុងអំឡុងពេលនេះ?

ជុំវិញបញ្ហានេះលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ឃើញថា ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រាកដណាស់ គឺអាចមិនអាចទប់វិបត្តិមិនឱ្យកើតឡើងបាននោះទេ តែអ្វីដែលពួកគេអាចធ្វើ គឺត្រូវត្រួតពិនិត្យសុខមាលភាពហិរញ្ញវត្ថុ និងការដាក់ចេញនូវផែនការអាជីវកម្ម ដើម្បីទប់ទល់នឹងវិបត្តិ។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរូបនេះជឿជាក់ថា ប្រសិនបើប្រជាពលរដ្ឋ ឬអ្នកវិនិយោគមានការរៀបចំផែនការហិរញ្ញវត្ថុ និងអាជីវកម្មបានល្អ នោះពួកគេទំនងជាមិនទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ នៅពេលសេដ្ឋកិច្ចជួបវិបត្តិផ្សេងៗ។ ទន្ទឹមនឹងនេះនៅក្នុងអំឡុងពេលសេដ្ឋកិច្ចជួបលំបាក លោក កាំង តុងងី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ឬអ្នកវិនិយោកកាត់បន្ថយការចំណាយមិនចាំបាច់ និងស្វែងរកប្រភពចំណូលថ្មីបន្ថែម ដើម្បីជួយគាំទ្រជីវភាព និងប្រតិបត្តិការរបស់អាជីវកម្ម។ ពាក់ព័ន្ធនឹងប្រើប្រាស់ឥណទាន ប្រធាននាយកដ្ឋានទំនាក់ទំនងរូបនេះ ស្នើឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគត្រូវមានការគិតគូ និងថ្លឹងថ្លែងឱ្យបានច្បាស់លាស់ថា តើឥណទាននោះគួរប្រើ ឬមិនគួរប្រើ ហើយបើប្រើទៅវាផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាមកលើជីវភាព និងសេដ្ឋកិច្ចខ្លួន។

ជាមួយគ្នានេះឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាកត់ឃើញថា នៅប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះពិភពលោកតែងតែជួបបញ្ហាវិបត្តិសេដ្ឋកិច្ចនៅរៀងរាល់៧ឆ្នាំ ឬ១០ឆ្នាំម្តង ហើយបញ្ហានេះវាតែងតែជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេង​ៗរបស់ប្រទេសជាច្រើន រួមទាំងកម្ពុជា។ សម្រាប់អ្នកជំនាញហិរញ្ញវត្ថុរូបនេះ អ្នកសេដ្ឋកិច្ច ឬអ្នកវិនិយោគ ដែលមានភាពវ័យឆ្លាត គឺត្រូវស្វែងយល់ពីវដ្តរបស់សេដ្ឋកិច្ចរបស់ពិភពលោក ដើម្បីងាយស្រួលក្នុងការទប់វិបត្តិ និងបង្កើតឱកាសវិនិយោគ។ នៅក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាកំពុងជួបបញ្ហាដូចពេលបច្ចុប្បន្ន ឯកឧត្តត ហុង សុហួរ លើកទឹកចិត្តឱ្យអ្នករកស៊ី និងម្ចាស់អាជីវកម្ម ត្រូវមានការគិតគូ និងថ្លឹងថ្លែងឱ្យបានហ្មតចត់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុតាមរយៈការកាត់បន្ថយមិនចាំបាច់ អភិវឌ្ឍន៍ផលិតផល ឬសេវាកម្មឱ្យស្របតាមស្ថាភាព និងរៀបចំផែនការអាជីវកម្មក្នុងការទប់នឹងស្ថានការណ៍ជាដើម។

វិស័យអចលនទ្រព្យអាចចាត់ទុកជាវិស័យមួយ ដែលរងផលប៉ះពាល់ខ្លាំងនៅអឡុងវិបត្តិកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សា និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល។ តើក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់បែបនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវប្រកាន់គោលជំហរ និងមានការគិតគូរៀបចំបែបណា ដើម្បីអាចទប់ទល់ននឹងស្ថានភាពបច្ចុប្បន្ន?

ពាក់ព័ន្ធបញ្ហានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា នៅក្នុងកាលៈទេសៈបច្ចុប្បន្នក្រុមហ៊ុន ឬអ្នកអភិវឌ្ឍន៍អចលទ្រព្យត្រូវបង្កើនការប្រុងប្រយ័ត្ន និងរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ តាមរយៈការបង្កើតឱ្យកញ្ចប់ទុនបម្រុងទី១ ទី២ ឬទី៣ ដើម្បីជួយទ្រទ្រង់គ្នាទៅវិញទៅមក។ លើសពីនេះ នៅក្នុងអំឡុងពេលចរន្តទិញលក់មានការធ្លាក់ចុះ អ្នកអភិវឌ្ឍន៍អាចបញ្ចេញ ឬលក់អចលទ្រព្យក្រោមតម្លៃទីផ្សារ ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការក្រុមហ៊ុន និងលំហូរសាច់ប្រាក់។ ទន្ទឹមនឹងគិតគូរឿងហិរញ្ញវត្ថុ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក៏គួរគិតគូពីគុណភាព រចនាបទសំណង់ និងបរិស្ថាននៃការរស់នៅមុននឹងអភិវឌ្ឍន៍គម្រោងផ្សេងៗ។ បញ្ហាតម្លៃ និងទីតាំង ក៏ស្ថិតក្នុងអ្វីដែលអ្នកអភិវឌ្ឍន៍ត្រូវយកចិត្តទុកដាក់ផងដែរ។

លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថិរភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយមេរោគរាតត្បាត និងបញ្ហាសកលផ្សេងៗក្តី។ សេដ្ឋវិទូជាន់ខ្ពស់រូបនេះបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៨%នៅឆ្នាំ២០២៤ មានកំណើនតិចតួចបើធៀបនឹងកំណើននៅឆ្នាំ២០២៣ ដែលរំពឹងទទួលបាន៥,៥% ហើយសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់៦,១%នៅឆ្នាំ២០២៥។ ការបង្កើនការព្យាករសេដ្ឋកិច្ចរបស់កម្ពុជាជាបន្តបន្ទាប់របស់អ្នកជំនាញរូបនេះ គឺដោយផ្អែកលើការរំពឹងការកើនឡើងនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការងើបឡើងវិញនៃវិស័យសេវាកម្ម ឧស្សាហកម្ម និងវិស័យដែលជាជន្ទល់សេដ្ឋកិច្ចជាច្រើនទៀត។ ជាពិសេសលោករំពឹងលើអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានជាមួយប្រទេសក្នុងតំបន់ផ្សេងៗ។ តែយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅតែអាចប្រឈមនឹងហានិភ័យពីខាងក្រៅ និងខាងក្នុង។

យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ ជាមួយគ្នានេះ ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យនៅតែជាហានិភ័យដដែល។ យ៉ាងណាមិញធនាគារនេះជំរុញឱ្យកម្ពុជាគួរកែលម្អបរិយាកាសធុរកិច្ច ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បំណុលកម្ពុជាកើនដល់ជិត១១ពាន់លានដុល្លារនៅត្រីមាសទី៣ឆ្នាំនេះ ខណៈចិននៅតែជាម្ចាស់បំណុលធំជាងគេ

ព័ត៌មាន
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ កម្ពុជាមានសន្និធិប…

រដ្ឋាភិបាល៖មិនមានគោលការណ៍ឲ្យក្រុមហ៊ុន Vingroup ដំណើរការបើកតាក់ស៊ីនៅកម្ពុជានោះទេ

ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ