បំណុលកម្ពុជា

បំណុលកម្ពុជាកើនដល់ជិត១១ពាន់លានដុល្លារនៅត្រីមាសទី៣ឆ្នាំនេះ ខណៈចិននៅតែជាម្ចាស់បំណុលធំជាងគេ


ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួនជិត១១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស។ ចិននៅតែជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ក្នុងចំណោមម្ចាស់បំណុលបរទេសទាំងអស់។
បំណុលកម្ពុជា
ដោយ

អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា កម្រិតបំណុលសាធារណៈរបស់កម្ពុជានៅក្នុងទំហំជិត១១ពាន់លានដុល្លារនេះ គឺស្ថិតនៅក្នុងកម្រិតទាបជាងពិដានកំណត់នៅឡើយ និងមិនទាន់បង្ករជាបញ្ហាហានិភ័យដល់សេដ្ឋកិច្ចកម្ពុជានោះទេ។ ​

កម្រិតបំណុលសាធារណៈរបស់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលសបញ្ជាក់ឱ្យឃើញថា កម្ពុជានៅតែមានតម្រូវការទុនខ្ពស់សម្រាប់បម្រើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗ សំដៅជួយជំរុញ និងពង្រីកការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែងគិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ បំណុលសាធារណៈរបស់កម្ពុជា បានកើនឡើងដល់ជិត១១ពាន់លានដុល្លារ ក្នុងនោះបំណុលស្ទើរ១០០% ជាបំណុលក្រៅប្រទេស។ ក្នុងចំណោមបំណុលទាំងនេះកម្ពុជាបានខ្ចីក្នុងក្របខណ្ឌទ្វេភាគី៦៤% និងពហុភាគីមាន៣៦% ហើយសម្រាប់ក្របខណ្ឌបំណុលទ្វេភាគីកម្ពុជាជំពាក់ប្រទេសចិនច្រើនជាងគេបង្អស់ បន្ទាប់មកគឺជប៉ុន កូរ៉េខាងត្បូង និងបារាំងជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងៗទៀតយ៉ាងណាក្តី។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព, ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ក្នុងរយៈកាលជាងពីរទស្សវត្សរ៍កន្លងមកនេះ ព្រមទាំងបានធ្វើឱ្យកម្ពុជាមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុនសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានលើវិស័យអាទិភាពចំពោះមុខនានា សំដៅរួមចំណែកក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ និងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ - ២០២៣។

មិនខុសគ្នានោះទេលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាយល់ថា កម្រិតបំណុលសាធារណៈរបស់កម្ពុជា ជិត១១ពាន់លានដុល្លារមិនទាន់បង្កហានិភ័យដល់សេដ្ឋកិច្ចនោទេ ពោលគឺវាស្តិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កម្រិតបំណុលសាធារណៈរបស់កម្ពុជាមានតម្លៃប្រមាណ៣៩%ប៉ុណ្ណោះ បើធៀបនឹងតម្លៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលជាកម្រិតមួយទាបបើធៀបនឹងពិដានបំណុល។ ប៉ុន្តែផ្ទុយទៅវិញអ្នកជំនាញរូបនេះអះអាងថា បំណុលសាធារណៈនេះបានក្លាយជាដើមទុនសម្រប់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសម្រួលដល់កិច្ចពាណិជ្ជកម្ម និងទាក់ទាញវិនិយោគជាដើម។

យ៉ាងណាមិញ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីបំណុលជាង១ពាន់លានដុល្លារស្មើនឹង៤៥% នៃពិតានច្បាប់ដែលអនុញ្ញាត។ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថា មានការថយចុះប្រមាណ១៧%។ បើតាមក្រសួងសេដ្ឋកិច្ច ឥណទានទាំងនេះ គឺសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤៣%។ ចំពោះគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មជាដើម។

សូមបញ្ជាក់ថា តាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រាជរដ្ឋាភិបាលគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ពាន់៧រយលាន SDR ដែលស្មើនឹងប្រមាណ២ពាន់៣រយលានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ ខាងមុខ ដែលទំហំនេះ គឺរក្សាពិដានដូចក្នុងឆ្នាំ២០២៣ ដើម្បីយកមកទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាមទទួលបានលទ្ធផលអ្វីខ្លះ?

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដែលជាដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អ…

តើរដ្ឋាភិបាល និងអ្នករកស៊ីត្រូវប្រកាន់គោលជំហរ និងត្រៀមខ្លួនបែបណា ដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្ន?

ព័ត៌មាន
វិបត្តិកូវីដ-១៩ មិនទាន់ផុតរលត់ស្រួលបួលផង ស្រាប់តែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានផ្ទុះឡើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ