ការនាំចូលរថយន្តជជុះ

ការនាំចូលរថយន្តជជុះអាចនឹងកាត់បន្ថយ ឬលុបបំបាត់នៅពេលណា?


យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយកំណើននាំចូលរថយន្តថ្មីៗមកកាន់ទីផ្សារកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងចំណោមរថយន្តនាំចូល ដែលមានកំណើន២៤% កាលពីឆ្នាំមុន ការនាំចូលរថយន្តថ្មីមានការកើនឡើងជាង៥០% ខណៈរថយន្តមួយទឹក ឬរថយន្តជជុះមានកំណើនជាងតែ២០% ប៉ុណ្ណោះ។ អ្នកជំនាញក្នុងវិស័យយានយន្តជឿជាក់ថា ទីផ្សារនាំចូលរថយន្តថ្មីនឹងបន្តកើនឡើង ខណៈរថយន្តជជុះនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ ដែលអាចជំរុញឲ្យទីផ្សាររថយន្តថ្មីវាយលុករថយន្តមួយទឹកនាពេលអនាគតដ៏ខ្លីខាងមុខ។
ការនាំចូលរថយន្តជជុះអាចនឹងកាត់បន្ថយ ឬលុបបំបាត់នៅពេលណា?

បើតាមការលើកឡើងរបស់អ្នកជំនាញ កត្តាដែលជំរុញឲ្យទីផ្សារប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើង គឺដោយសារជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ កត្តាតម្លៃ និងការយល់ដឹងការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ឯកឧត្តម តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាកត់សម្គាល់ឃើញថា ការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជាមានសន្ទុះល្អប្រសើរជាងការនាំចូលរថយន្តជជុះនៅមួយរយៈចុងក្រោយ។ ជាក់ស្តែងកាលពីឆ្នាំ២០២២​ ការនាំចូលរថយន្តថ្មីមានកំណើនជាង៥០% ខណៈរថយន្តជជុះមានកំណើនតែជាង២០% ប៉ុណ្ណោះ ដែលនេះបង្ហាញពីនិន្នាប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងនាពេលបច្ចុប្បន្ន។ កត្តាដែលជំរុញឲ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើង គឺដោយសារកើនឡើងកម្រិតជីវភាពរបស់ប្រជាជន ដែលផ្តល់ឲ្យពួកគេមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្តថ្មី, ការយល់ដឹងពាក់ព័ន្ធការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋមានការកើនឡើង គួបផ្សំរថយន្តថ្មីបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តជជុះ។ កំណើនវិនិយោគលើរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ជាមូលហេតុជួយជំរុញកំណើនការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាផងដែរ។

ជំនាញរូបនេះជឿជាក់ថា ការនាំចូលរថយន្តថ្មីនឹងបន្តកើនឡើង ហើយការនាំចូលរថយន្តជជុះនឹងធ្លាក់ចុះ ហើយតាមរយៈសូចនាករនេះ វានឹងជំរុញឲ្យកម្ពុជាឈានទៅកាត់បន្ថយការនាំចូលរថយន្តជជុះចូលមកទីផ្សារនាពេលខាងមុខ។ យ៉ាងណាមិញកម្ពុជាបានបង្កើតក្រុមការអន្តរក្រសួង ដើម្បីរៀបចំគោលនយោបាយរថយន្តប្រើរួច ក្នុងគោលបំណងកាត់បន្ថយ និងកំណត់ឆ្នាំរថយន្តដែលត្រូវនាំចូលមកកាន់ទីផ្សារកម្ពុជា។

ស្រដៀងគ្នានេះដែរ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia វាយតម្លៃថា ចាប់ពីឆ្នាំ២០២៣ នេះតទៅការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជានឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយការនាំចូលរថយន្តមួយទឹកនឹងបន្តធ្លាក់ចុះ ឬអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តប្រភេទនេះដូចបណ្តាប្រទេសក្នុងតំបន់នាពេលកំណត់ណាមួយនៅអនាគត។ អ្នកជំនាញរូបនេះជឿជាក់ថា តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជានឹងវាយលុករថយន្តមួយទឹកក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមការគូសបញ្ជាក់របស់លោក ងន សាំង មានមូលហេតុមួយចំនួនដែលបានទាញទម្លាក់ការប្រើប្រាស់រថយន្តមួយទឹកនៅកម្ពុជាដូចជាការយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋមានកើនឡើង, ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន គួបផ្សំតម្លៃរថយន្តថ្មីបច្ចុប្បន្នស្ទើរតែស្មើនឹងរថយន្តជជុះ​ និងលក្ខខណ្ឌបង់រំលស់មានភាពល្អប្រសើរជាដើម។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២​​ កន្លងទៅ កម្ពុជាបាននាំចូលរថយន្តក្នុងតម្លៃជិត១ពាន់៥រយលានដុល្លារអាមេរិក កើនឡើង២៤% បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែជាង១ពាន់២រយលានដុល្លារអាមេរិក។ កំណើននាំចូលរថយន្តដែលជាភាគច្រើនជារថយន្តថ្មីនេះ ត្រូវបានឯកឧត្តម តាន់ មុនីវណ្ណ វាយតម្លៃថា គឺដោយសារការងើបឡើងវិញនៃវិស័យសំខាន់ៗដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា, តម្រូវការប្រើប្រាស់រថយន្តមានការកើនឡើងក្រោយរាជរដ្ឋាភិបាលបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ គួបផ្សំភាពនឹងននៃសេដ្ឋកិច្ច និងស្ថានភាពសង្គម៕




អត្ថបទបន្ទាប់


ក្ដីរំពឹងកម្ពុជាទទួលបានទេសចរចិន១លាននាក់ក្នុងឆ្នាំនេះ អាចសម្រេចតាមផែនការដែរ ឬទេ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្ដីរំពឹងថានៅឆ្នាំ២០២៣នេះ កម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិសរុប ប្រមាណ ៤លាននាក់យ៉ាងតិច។ ក្នុងនោះ កម្ពុជ…

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងដាក់ដេញថ្លៃសំបុកត្រចៀកកាំនៅចុងខែនេះ

ព័ត៌មាន
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ នៅអគារសមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ