ពាណិជ្ជកម្ម​កម្ពុជា-ចិន

ស្ថាប័នរដ្ឋ និងឯកជន៖ ការនាំចេញកម្ពុជាទៅចិន​នៅតែមានសភាពធម្មតា ទោះការរីករាលដាលនៃវីរុសកូរ៉ូណាបន្ដកើនឡើង


ករណីផ្ទុះឡើង និងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី បានក្លាយជាក្ដីបារម្ភមួយសម្រាប់ពិភពលោកទាំងនៅក្នុងវិស័យសុខភាព និងសេដ្ឋកិច្ច។ ចំពោះកម្ពុជាវិញ គិតមកទល់ពេលនេះ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន គឺនៅតែមានសកម្មភាពធម្មតា ពោលគឺមិនទាន់មានសញ្ញាប្រែប្រួលអវិជ្ជមាននៅឡើយទេ បើទោះបីជាករណីវីរុសកូរ៉ូណាកំពុងវាយប្រហារកាន់តែខ្លាំងក៏ដោយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)

ឯកឧត្តម ស៊ា​ង ថៃ មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​អះអាង​ថា គិត​មក​ទល់​នឹង​ពេល​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នៅ​តែ​បន្ដ​មាន​សកម្មភាព​ដូច​ធម្មតា មិន​ទាន់​ឃើញ​មានការ​ប្រែប្រួល​អ្វី​នោះ​ទេ ព្រោះ​ករណី​នេះ គឺ​វា​កើត​មាន​តែ​នៅ​លើ​មនុស្ស តែ​សម្រាប់​ទំនិញ​នាំ​ចេញ គឺ​នៅ​មាន​ចរាចរណ៍​ដូច​ធម្មតា​ដដែល​ទេ​។

មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​អះអាង​ដូច្នេះ ដោយ​ផ្អែក​លើ ការ​ចេញ​ឯកសារ​សម្រាប់​នាំ​ចេញ​ទំនិញ ដោយ​ក្រសួងពាណិជ្ជកម្ម​ផ្ដល់​ជូន​ទៅ​ក្រុមហ៊ុននាំចេញ គឺ​នៅ​មាន​សកម្មភាព​ដូច​ដើម មិន​មានការ​ប្រែប្រួល​ថយ​ចុះ អ្វី​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រសួងពាណិជ្ជកម្ម មិន​ទាន់​អាច​ធ្វើការ​ប៉ាន់ស្មាន​បាន​ពី​ទំហំ​ប៉ះពាល់ ចំពោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​បាន​នៅឡើយ​ទេ ប្រសិនបើ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ នៅ​អូស​បន្លាយ​រយៈពេល​វែង​នោះ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់ របស់​ឯកឧត្តម ស៊ា​ង ថៃ មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។

លោក ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន គិត​មក​ទល់​ពេល​នេះ នៅ​តែ​ដំណើរការ​ដូច​ធម្មតា បើ​ទោះបីជា​មានការ​ផ្ទុះ​ឡើង​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ៗ​នេះ​ក៏​ដោយ​។ ទោះ​យ៉ាងណា សហព័ន្ធ​ស្រូវ​អង្ករ នឹង​ធ្វើការ​តាមដាន​បន្ដ​ទៀត ប្រសិនបើ​មាន​អ្វី​ប្រែប្រួល​នៅ​ពេល​ក្រោយ​ទៀត​។

លោក​ឧកញ៉ា សុង សា​រ៉​ន បន្ថែម​ទៀត​ថា សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន នៅ​ខែមករា ឆ្នាំ​២០២០​នេះ គឺ​មិន​មាន​ចំនួន​ច្រើន​ទេ ដោយសារ​តែ​ចិន​មានការ​ឈប់​សម្រាក់​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន ប៉ុន្ដែ ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន នឹង​ត្រូវ​សម្រុក​ឡើង​វិញ​ចាប់ពី​ដើមខែ​កុម្ភៈ​តទៅ​នេះ​។ ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ទេ​ថា តើ​ចិន​អាច​នឹង​មានការ​រិ​ត​ដ្បិត​ចំពោះ​ការ​នាំ​ចូល ឬ​យ៉ាងណា ស្រប​ពេល​ដែល​បញ្ហា​វីរុស​កូ​រ៉ូ​ណា​កំពុង​បន្ត​រីក​រាលដាល​។ 

ទោះ​យ៉ាងណា លោក​ឧកញ៉ា សុង សា​រ៉​ន ជឿជាក់​ថា បើ​ទោះបីជា មានការ​រីក​រាលដាល​នៃ​វីរុស​នេះ​ក្ដី ប៉ុន្ដែ សម្រាប់​ផលិតផល​កសិកម្ម ក៏​ដូច​ជា​ចំណីអាហារ គឺ​មិនសូវ​ជា​ប៉ះពាល់​ខ្លាំង​ទេ ពោល គឺ​អាច​ប៉ះពាល់​ដោយ​ប្រយោល​ប៉ុណ្ណោះ ខុស​ពី​វិស័យ​ទេសចរណ៍ អាកាសចរណ៍ និង​សណ្ឋាគារ ដែល​អាច​នឹង​ប៉ះពាល់​ខ្លាំង​។

ជាមួយ​គ្នា​នេះ លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​រីក​រាលដាល​នៃ វីរុស កូ​រ៉ូ​ណា ពិត​ណាស់​នឹង​មាន​ផល​រំខាន សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​ចិន ប៉ុន្តែ​មិន​អាច​និយាយ​ថា ប៉ះពាល់​ទាំងស្រុង​បាន​នោះ​ឡើយ ព្រោះ​ផលិតផល​ចំណីអាហារ​នេះ​ជា​តម្រូវការ​ជា​ប្រចាំ​របស់​ពលរដ្ឋ​មិន​អាច​ខ្វះ​បាន​ឡើយ​។

ប៉ុន្តែ​យ៉ាងណា​លោក​ឧកញ៉ា ហ៊ុន ឡាក់ ក៏​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ វីរុស កូ​រ៉ូ​ណា នេះ​យើង​មិន​ទាន់​អាច​ហ៊ាន​សន្និដ្ឋាន​បាន​ថា វា​នឹង​អូស​បន្លាយ​ដល់​ពេល​ណា​បាន​នោះ​ឡើយ ជាក់ស្តែង​មក​ដល់​ម៉ោង​នេះ​ហើយ​វីរុស កូ​រ៉ូ​ណា នៅ​តែ​បន្ត​វិវត្តន៍​ទៅ​មុខជា​និច្ច ដោយ​មិន​ទាន់​មាន​សញ្ញា​ល្អ​ប្រសើរ​នោះ​ទេ​។

ទោះ​យ៉ាងណា លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​ឡើង​ថា ការ​បញ្ជា​រទិញ​ច្រើន ឬ​តិច​អាស្រ័យ​តែ​ទៅ​លើ​តម្លៃ​កសិផល​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​យើង​ទទួល​បាន​គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ទាន់​មានការ​ថមថយ​នៅឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ថមថយ​គឺ​ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ​បែប​ទេសចរ និង​អ្នកជំនួញ​ដែល​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ក្រៅប្រទេស ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​ស្រប​តាម​សភាព​ការ​នេះ​។

សូម​បញ្ជាក់​ថា បើ​តាម​ប្រធាន​ស​ហ័​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ឧកញ៉ា សុង សា​រ៉​ន បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​ទីផ្សារ​អង្ករ​នាំ​ទៅ​ចិន នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​បង្ហាញ​ពី​កំណើន​ខ្ពស់​គួរសម ដែល​កាលពី​ឆ្នាំ​២០១៩ មាន​ចំនួន ២៥​ម៉ឺន​តោន ខណៈ​ដែល​កាលពី​ឆ្នាំ​២០១៨ មាន ២០​ម៉ឺន​តោន មាន​កំណើន​៣៣%​។ លោក​ឧកញ៉ា សុង សា​រ៉​ន បាន​បន្ថែម​ទៀត​ថា សម្រាប់​ឆ្នាំ ២០២០​នេះ បើសិនជា​មិន​មានការ​ប៉ះពាល់​ខ្លាំង​ពី​ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា​ទេ​នោះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ចិន រំពឹង​ថា នឹង​អាច​កើនឡើង​តិចតួច​ប៉ុណ្ណោះ ព្រោះថា ចិន​បច្ចុប្បន្ន​នេះ ក៏​មាន​ផលិត​អង្ករ​បាន​ច្រើន និង​មានគុណ​ភាពល្អ ដែល​វា​អាច​នឹង​កាត់​បន្ថយ​បរិមាណ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន,​ អាមេរិក​ ចាប់ផ្ដើម​ជម្លៀស​ពលរដ្ឋ​ចេញពី​ក្រុង​វូហាន​ ខណៈ​ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា​បន្តកើនឡើង

ព័ត៌មាន
យន្តហោះជួល​មួយ​គ្រឿង ដែល​ដឹកជនជាតិ​ជប៉ុន​ប្រមាណ ២០០នាក់ ដែល​ជម្លៀស​ចេញពី​ទីក្រុង​វូហាន ប្រទេស​ចិន បាន​មក​ដល់​ទីក្រុង​តូក្យូហើយ នៅព្រឹ…

អាមេរិក កំពុងពិចារណាលើការផ្អាកជើងហោះហើរជាមួយចិន ដោយសារវីរុសកូរ៉ូណា

ព័ត៌មាន
បើទោះបីជាមានការទទូចស្នើសុំពីមន្ត្រីថ្នាក់ក្រោម ជាច្រើនលើកជាច្រើនសារ ឲ្យកាត់ផ្តាច់ជើងហោះហើរផ្លូវអាកាសជាមួយ ប្រទេសចិនក៏ដោយ រដ្ឋាភិបាលអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ