ធនធានរ៉ែមាស

កម្ពុជារុករករ៉ែមាស បានតែ ៥ ទៅ ១០ គីឡូក្រាម ប៉ុណ្ណោះ ក្នុង១ខែ!


មន្ត្រីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល បានប្រាប់ខេមបូណូមីសថា ក្នុង១ខែៗ កម្ពុជាអាចរុករក និងកែច្នៃ រ៉ែមាសបានប្រមាណ តែ ៥ ទៅ១០ គីឡូក្រាមប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅសល់ប្រមាណ ៥០ ក្រុមហ៊ុន បន្ទាប់ពីបានដក និងលុបអាជ្ញាបណ្ណអស់ ២៥០ ក្រុមហ៊ុន។
រូបតំណាង (រូបភាព៖ http://golden-inform.ru)
ដោយ

ឯកឧត្តម ម៉េង សក្ដធារ៉ា រដ្ឋលេខាធិកា​ក្រសួង​ រ៉ែ និងថាមពល​បាន​ឲ្យដឹងថា តាម​ការប៉ាន់ស្មាន​របស់ក្រសួង​រ៉ែ និងថាមពល​ដោយបាន​ស្រង់​របាយការណ៍​នាពេល​កន្លងមក ឃើញថា ក្នុងមួយខែៗ មានមាស​ប្រមាណ ៥ ទៅ១០ គីឡូក្រាម​ប៉ុណ្ណោះ ត្រូវបាន​រុករកឃើញ និងកែច្នៃ។ ក្នុងនោះ ការរុករក​មាន​សឹងតែ​គ្រប់​ខេត្តទាំងអស់​នៅទូទាំងប្រទេសកម្ពុជា ប៉ុន្ដែ តំបន់​ដែលមាន​សក្ដានុពល​ក្នុងការ​រុករករ៉ែមាសច្រើនជាងគេ​ គឺនៅខេត្ត​រតនគីរី មណ្ឌលគីរី និងព្រះវិហារ។

តាម​ការអះអាង របស់​មន្ត្រី​ជាន់ខ្ពស់​រូបនេះ បាន​ជា​ការរុករក​រ៉ែមាស បាន​ក្នុងចំនួន​តិចតួច​យ៉ាងដូច្នេះ ដោយសារតែ ការរុករករ៉ែមាស​នាពេលបច្ចុប្បន្ន មានភាគច្រើន​គឺធ្វើឡើង​ដោយ​ក្រុមហ៊ុន​ខ្នាតតូច លក្ខណៈ​សិប្បកម្ម​នៅឡើយ ខណៈដែល​ធនធាន​រ៉ែមាសនេះ មានខ្លះ គឺទាមទារ​បច្ចេកទេស​ខ្ពស់ ក្នុងការ​ស្វែងរក ដែលត្រូវ​ការ​ក្រុមហ៊ុន​វិនិយោគ​ខ្នាតធំ លក្ខណៈ​ឧស្សាហកម្ម។ 

ទោះយ៉ាងណា ឯកឧត្តម ម៉េង សក្ដធារ៉ា ពន្យល់ថា ជាទូទៅ ក្រុមហ៊ុន​រុករករ៉ែ​ធំៗ ទាំងនោះ មុននឹង​ចូល​មកធ្វើការ​រុករក​គេតែ​តាមដាន និងសិក្សា​ច្បាស់លាស់​ណាស់ ពីសក្ដានុពល​នៃតំបន់​ដែល​ត្រូវរុករក ហើយបើតាម​បទពិសោធន៍ របស់​ប្រទេស​ដែលធ្លាប់​ជោគជ័យ​ក្នុងការ​រុករក​រ៉ែមាសនេះ គឺមិនខុសពី​កម្ពុជា​នាពេលនេះទេ ដំបូង គឺផ្ដើមចេញ​ពីអ្នករុករក​ដែលជា​ប្រជាជន បន្ទាប់មកមាន​ការរុករក​ដោយក្រុមហ៊ុន​ខ្នាត បែបសិប្បកម្ម ហើយនៅពេល​ដែល​មើលទៅ​មានសក្ដានុពល និងជាឱកាស ទើប​មាន​ក្រុមហ៊ុន​ធំៗចូលមក​រុករកបន្ត។

រដ្ឋលេខាធិកា​ក្រសួង​ រ៉ែ និងថាមពល​រូបនេះ បានលើក​ឡើងទៀត​ថា បច្ចុប្បន្ន​វិស័យរ៉ែមាស​កម្ពុជា កំពុង​ឈាន​ជើង​​មួយជំហាន​ទៀត ឆ្ពោះទៅរក​ការ​ធ្វើឧស្សាហកម្ម​រុករករ៉ែមាស​ខ្នាតធំ ខណៈដែល​កន្លងមក​ភាគច្រើន​គ្រាន់តែជា​ការរុករក​ខ្នាតតូច លក្ខណៈ​សិប្បកម្ម បែបសាមញ្ញៗ​ប៉ុណ្ណោះ។ ជាក់ស្ដែង មានក្រុមហ៊ុន​រុករក​រ៉ែមាស​អន្តរជាតិ​ធំ២ នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​រុករករ៉ែមាសលក្ខណៈ​ឧស្សាហកម្ម​​នៅពេល​ឆាប់ៗខាងមុខនេះ។ ក្នុងនោះ មានដូចជា ក្រុមហ៊ុន ក្រុមហ៊ុន Mesco Gold មកពីប្រទេសឥណ្ឌា នឹងចាប់ផ្ដើមអាជីវកម្ម រុករករ៉ែមាស នៅខេត្តរតនគីរី ​នាចុងឆ្នាំនេះ និងក្រុមហ៊ុន​ហ៊ុន Renaissance Minerals មកពីអូស្ត្រាលី អាច​នឹងចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​រុករកនៅ​មណ្ឌលគីរី ​នៅចុងឆ្នាំ​២០២០ ឬដើមឆ្នាំ ២០២១។ 

ឯកឧត្តម ម៉េង សក្ដធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កំពុង​រៀបចំ​នូវខឿនសេដ្ឋកិច្ច​ថ្មីរបស់​វិស័យ​រ៉ែនេះ តួយ៉ាង តាមរយៈ​វឌ្ឍនភាពនៃ​ការរុករកប្រេងកាត ដែលនឹង​ទទួលបាន​ដំណក់ប្រេងលើក​ដំបូង និងក្រុមហ៊ុន​រុករក​រ៉ែមាស​ធំៗ​ដែលនឹង​ប្រតិបត្តិការ​អាជីវកម្ម​ខ្នាតឧស្សាហកម្ម​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​ក្លាយជា​កម្លាំងមួយ​ស្រូប​ទាញ​ការវិនិយោគ​ធំៗ​ក្នុងវិស័យ​រ៉ែ កាន់តែច្រើនឡើង​ថែមទៀត។ បើតាម​ការ​យល់ឃើញ​ផ្ទាល់​របស់​មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋា​ភិបាល​រូបនេះ កម្ពុជា ត្រូវ​ការ​ពេល​១អាណត្តិទៀត ដើម្បី ពង្រឹង​ខឿនសេដ្ឋកិច្ច​វិស័យរ៉ែ ឲ្យមានភាពរឹងមាំ។ 

ឯកឧត្តម ម៉េង សក្ដធារ៉ា រដ្ឋលេខាធិកាក្រសួង រ៉ែ និងថាមពល

ដោយឡែក ទាក់ទង​នឹងការដកហូត​អាជ្ញាបណ្ណ ក្រុមហ៊ុន​រុករករ៉ែ​មកនៅ​ត្រឹម​៥០ ក្រុមហ៊ុន​នាពេលបច្ចុប្បន្ន​ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និងថាមពល​ឯកឧត្តម ម៉េង សក្ដធារ៉ា អះអាងថា គឺដោយសារតែ​ក្រសួង​មាន​ការធ្វើកំណែទម្រង់​ថ្មី និងរកឃើញ​ថា មានក្រុមហ៊ុនខ្លះ មានអាជ្ញា​បណ្ណហើយ តែមិនមានសកម្មភាព និងខ្លះទៀត មាន​សកម្មភាព​ផ្ទុយពី​ច្បាប់កំណត់ ហើយក៏មាន​ក្រុមហ៊ុន​មួយចំនួនទៀត បរាជ័យ​ក្នុងការ​រុករកដោយខ្លួន​ផងដែរ។

ឯកឧត្តម ម៉េង សក្ដធារ៉ា បានគូសបញ្ជាក់ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជិត ៥០ ក្រុមហ៊ុន ដែលទទួល​បានសិទ្ធិ​រុករ៉ែ​មាន​នៅកម្ពុជា ក្នុងនោះមាន​ ក្រុមហ៊ុន​ខ្លះ កំពុង​ចាប់ផ្ដើម​អាជីវកម្មរបស់ខ្លួន​ ខ្លះទៀត កំពុង​សាសង់​ហេដ្ឋារចនាសម្ពន្ធ និងដំណើរការសាកល្បង និងមួយចំនួនផ្សេងទៀត កំពុង​ធ្វើការសិក្សានៅឡើយ។ 
ក្រុមហ៊ុន​រុករក​​រ៉ែ​មាស​ធំ​ៗ នាពេល​បច្ចុប្បន្ន មាន​មកពី​ប្រទេស​អូស្ត្រាលី កាណាដា និងឥណ្ឌា និង​មាន​ក្រុមហ៊ុន​តូចៗ​មួយចំនួនទៀត មកពី​ប្រទេស​ចិន ថៃ និងប្រទេសអាស៊ាន​ផ្សេងៗ​ជាច្រើនទៀត។  

គួរបញ្ជាក់ថា វិស័យរ៉ែ របស់កម្ពុជា បាននិងកំពុង​ចាប់ផ្ដើម​មាន​ការ​​លូតលាស់​ងើប​មុខឡើង​គួរឲ្យកត់​សម្គាល់ តួយ៉ាង កម្ពុជា​មាន​រោងចក្រ​ផលិតស៊ីម៉ង់ត៌​ជាច្រើន​កន្លែង ដែលមានសមត្ថភាព​ផលិតស៊ីម៉ង់ត៌រាប់លាន​តោន​ក្នុងមួយឆ្នាំ ខណៈ​ដំណក់​ប្រេង​ដំបូង​របស់កម្ពុជា ក៏អាច​នឹង​ទទួលបាន​នៅចុងឆ្នាំនេះដែរ។ អ្វីដែល ពិសេសទៀតនោះ គឺ ការរុករក​រ៉ែមាស​ក៏កំពុង​តែ​ទទួលបាន​ការចាប់អារម្មណ៍​ពីសំណាក់​ក្រុម​ហ៊ុនរុករក​ធំៗ​កាន់តែ​ច្រើន​ផងដែរ។

បើតាម​ច្បាប់​បានតម្រូវ​សម្រាប់​ក្រុមហ៊ុន​រុករករ៉ែមាស គឺមិនឲ្យ​ធ្វើការរុករក​រ៉ែមាស លើសពី​ផ្ទៃដី ២០០ គីឡូម៉ែត្រការ៉ែ ខណៈ​ការរុករក គឺមានរយៈពេល​៧ឆ្នាំ។

របាយការណ៍ ពី ក្រសួង​រ៉ែ និងថាពល​បង្ហាញថា ការគ្រប់គ្រងការ​ប្រមូល​ចំណូល​មិនមែន​សារពើ​ពន្ធ​ពីវិស័យរ៉ែ មានការកើន​ឡើង​ជារៀងរាល់​ឆ្នាំ ដោយ​ចាប់​ពីឆ្នាំ២០១៤ មានត្រឹមតែ​ប្រហែល ៤ លានដុល្លារអាមេរិក មកដល់ឆ្នាំ ២០១៧ ប្រហែល ១៤ លានដុល្លារ​អាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា កំពុងចរចាជាមួយនឹង ឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកព្រំដែនថ្មីៗបន្ថែមទៀត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី២ មេសានេះ បានប្រកាសថាឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងចរចាជាមួយនឹងប្រទេសជាប់ភូមិផងរបងជាមួយ គឺ ឡ…

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កាត់​ភ្លើង​ពី​ផ្ទះ​អ្នក​វិភាគ​ដែល​ដាក់​កំហុស​លើ​រដ្ឋាភិបាល

ព័ត៌មាន
សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យ​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​វិភាគ​តាមរយៈ​ការ​កាត់​ភ្លើង​ពី​ផ្ទះ​ពួកគេ ព្រោះតែ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ