ឧស្សាហកម្មកាត់ដេរ​នៅអាស៊ី​

Covid-19 កំពុងទាញឲ្យតម្រូវការនៃវិស័យឧស្សហកម្មកាត់ដេរនៅអាស៊ី «ដួលរលំ និងការងារជាច្រើនត្រូវប្រឈមហានិភ័យ»


ប្រទេសជាច្រើននៅអាស៊ី ដែលពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្មកាត់ដេរសម្រាប់ការនាំចេញ កំពុងតែត្រូវប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ ក្រោយពីមានការផ្ទុះរាលដាលនៃមេរោគ Covid-19 ដែលវាបានអូសបន្លាយមកអស់រយៈពេលប្រមាណ៤ខែមកហើយនោះ។ បើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC ដែលបានស្រង់សម្ដីអ្នកជំនាញមួយចំនួន បានឲ្យដឹងថា បច្ចុប្បន្ន បញ្ហា Covid-19 នេះ បាននិងកំពុងទាញឲ្យតម្រូវការនៃក្នុងវិស័យកាត់ដេរនៅអាស៊ី ឈានទៅរកការដួលរលំ ដោយសារតែ មានរោងចក្រជាច្រើនកំពុងរងផលប៉ះពាល់ ដោយសារការលុបចោលការកម្ម៉ង់ទិញពីសំណាក់ក្រុមហ៊ុនអ្នកបញ្ជាទិញ។
Covid-19 កំពុងទាញឲ្យតម្រូវការនៃវិស័យឧស្សហកម្មកាត់ដេរនៅអាស៊ី «ដួលរលំ និងការងារជាច្រើនត្រូវប្រឈមហានិភ័យ» (រូបភាព៖ CNBC)
ដោយ

ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ កំពុង​មើលឃើញថាពីការ​ដួលរលំ​នៃ​តម្រូវការ​ ដោយសារតែ​សេដ្ឋកិច្ច​ធ្លាក់ចុះ បន្ទាប់ពីមាន​ការផ្ទុះរាលដាល​នៃមេរោគ Covid-19 និងបាន​ធ្វើឲ្យការងារ​នៅទូទាំង​អាស៊ី​ប្រឈមនឹង​ហានិភ័យ។

លោក ស្ដាលី ហ្សេតតូ ប្រធាន​នាយក​ប្រិតបត្តិ​នៃ​ក្រុមហ៊ុន Lever Style ដែល​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​សម្លៀកបំពាក់ មានមូលដ្ឋាន​នៅហុងកុង បាន​លើកឡើង នៅក្នុងកិច្ចសម្ភាសន៍ ជាមួយនឹង​សារព័ត៌មាន CNBC ថា នៅក្នុងឧស្សាហកម្ម​កាត់ដេរ​ទាំងមូល រួមមាន ហាងលក់សម្លៀកជាច្រើន​ត្រូវបានបិទទ្វារ ក្រុមហ៊ុនម៉ាកយីហោ និងអ្នកលក់រាយ ឥឡូវវនេះ កំពុង​មានស្ថានភាព​ផ្គត់ផ្គង់​លើសតម្រូវការ ជាមួយនឹង​គ្រប់ការបញ្ជាទិញ​ដែលពួកគេ​បានដាក់រួច​។ ពួកគេ​មានការ​ភ័យខ្លាចថា ពួកគេ​អាចនឹង​មិនអាច​លក់​ផលិតផល​ទាំងនេះបានទេ ដូច្នេះហើយ ជាការពិត​ពួកគេ​កំពុង​លុបចោល​ការបញ្ជាទិញ​ ឬពន្យារពេល​ដឹកជញ្ជូន​​ទំនិញ​ដែលបាន​បញ្ជាទិញ​រួចទាំងនោះ។ 

អាស៊ី គឺជាទីតាំង​ដ៏​​សំខាន់​សម្រាប់​ការ​ផលិត​សម្លៀកបំពាក់ និងមាន​ការងារ​ជាច្រើន​នៅក្នុង​តំបន់នេះ នឹងត្រូវ​ប្រឈម​នឹងហានិភ័យ។ ក្នុងនោះ សក្ដានុពល​ដែលអាច​ធ្វើឲ្យ​មានបញ្ហា​សង្គម អាច​មាននៅក្នុង​ប្រទេស​ដូចជា បង់ក្លាដេស កម្ពុជា និងប្រទេសចិន ដែល​ប្រទេសទាំងនេះ ពឹងផ្អែក​លើ​សេដ្ឋកិច្ចនាំចេញ​។ នេះបើតាម​ការ​គូសបញ្ជាក់​របស់​ លោក ហ្សេតតូ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា មានរោងចក្រ​នៅអាស៊ីច្រើនណាស់ កំពុង​ជួប​នឹង​បញ្ហាពាក់ព័ន្ធ​នឹង​ការលែង​មាន​ការបញ្ជាទិញ​បន្ដទៀត នៅក្នុង​រយៈពេល​ប៉ុន្មានសប្ដាហ៍មកនេះ។

បង់ក្លាដេស ជាឧទាហរណ៍ស្រាប់ គឺបាន​រង​ផលប៉ះបាល់ នៃ​ការបញ្ជាទិញ ក្នុងតម្លៃ ២៦០០ លាន​ដុល្លារអាមេរិក ដោយសារតែ​មានការដកចេញ​ការបញ្ជាទិញ ហើយការ​លុបចោល​ការកម្ម៉ង់​ទិញ​ថ្មីៗ នឹង​មានកាន់តែច្រើន​ថែមទៀត នេះបើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បង់ក្លាដេស បាន​អះអាង​ប្រាប់​សារព័ត៌មាន CNBC។

បង់ក្លាដេស គឺជាប្រទេស​នាំចេញ​សម្លៀកបំពាក់​ធំបំផុត​ទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន នេះបើតាម​ការ​ចាត់ចំណាត់ថ្នាក់​របស់​ភ្នាក់ងារ Moody’s។

មាន​រោងចក្រ​កាត់ដេរ ជាង ៤៦០០ រោងចក្រ​នៅបង់ក្លាដេស​ មានផលិត​អាវ អាវយឺត អាវធំ អាវរងារ​ និងខោ ហើយផលិតផល​សម្លៀកបំពាក់​ទាំងនោះ គឺនាំចេញ​ទៅអឺរ៉ុប អាមេរិក និងកាណាដា ដើម្បីលក់បន្ដ​ដោយ​អ្នកលក់រាយ​ក្នុងស្រុក​នៃប្រទេស​ទាំងអស់នោះ។

លោកស្រី​ រ៉ូបាណា ហូក ប្រធាន​សមាគម​អ្នកផលិត និងនាំចេញ​សម្លៀកបំពាក់​បង់ក្លាដេស បាន​បញ្ជាក់ថា «វាជារឿង​លំបាកខ្លាំងណាស់ ក្នុងការ​​ប្រឈមុខ​នឹង​ស្ថានភាព​អាសន្ន​ទាំងនេះ ព្រោះថាយើង​បាននិងកំពុង​ប្រឈម​នឹង​ការ​លុបចោល​ការកម្ម៉ង់​ជារៀងរាល់ថ្ងៃ សឹងតែរៀងរាល់​មួយនាទីម្ដង​ទៅហើយ។»

បើតាម​សមាគអ្នកផលិត និងនាំចេញ​សម្លៀកបំពាក់​បង់ក្លាសដេស ការនាំចេញ​ផលិតផល​សម្លៀក​បំពាក់​របស់​ប្រទេសបង់ក្លាដេស គឺមានទំហំជាង ៨៤% នៃការនាំចេញទំនិញសរុប ដែលមាន​​ទំហំ​ជាទឹកប្រាក់​ប្រមាណជាង ៤០ពាន់លាន​ដុល្លារអាមេរិក នៅក្នុងឆ្នាំសារពើពន្ធ២០១៨-២០១៩។

លោកស្រី ហូក បានបញ្ជាក់ទៀតថា រោងចក្រ​នៅបង់ក្លាដេស បាន​ដាក់​ឯកសារ​ទៅអ្នកបញ្ជាទិញ ដើម្បី​ទទួលបាន​ការទូទាត់ ហើយប្រសិនបើ​រោងចក្រ​មិនទទួលបាន​ការទូទាត់ទេ នោះ ពួកគេ​នឹង​ពិតជាមិនមាន​អ្វី​ដើម្បីបើកប្រាក់ខែ​ជូនកម្មករ​នោះឡើយ ខណៈដែល​មានធ្វើការ​នៅក្នុង​វិស័យកាត់ដេរនេះ ប្រមាណ​ជាង​៤លាននាក់។

មិនខុសអ្វីពី​បង់ក្លាដេសនោះទេ សម្រាប់​កម្ពុជាវិញ បើតាម​ លោកកាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ដែលបានអះអាង​កាលពីពេល​ថ្មីៗនេះថា មាន​អ្នកបញ្ជាទិញ​ពីអាមេរិក និងអឺរ៉ុប ប្រហែល ៨០% ទៅហើយ​បាន​ប្រាប់ឲ្យ​​រោងចក្រ​នៅកម្ពុជា​ផ្អាកផលិតកម្ម និងបានស្នើ​ឲ្យមានការពន្យារពេល​ក្នុងទទួលយក​ទំនិញ​ពីកម្ពុជា​តាម​កិច្ចសន្យារ។ លោក កាំង ម៉ូនីកា បន្ថែមទៀតថា អ្នកបញ្ជាទិញ ក៏បានបាន​លុបចោល​ការកម្ម៉ង់ទិញ​សម្រាប់​រយៈពេល ២ ទៅ៣ខែ​ខាងមុខទៀតផងដែរ ដែលធ្វើឲ្យ​រោងចក្រកាត់ដេរ កាន់តែ​ត្រូវប្រឈម​នឹងការលំបាក​កាន់តែខ្លាំង។

ទោះជាយ៉ាងនេះក្ដី សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា បានស្នើឲ្យ​អ្នកបញ្ជាទិញទាំងនោះ ឲ្យ​ទូទាត់​ប្រាក់​សម្រាប់​ការកម្ម៉ង់ចាស់ៗ​របស់ពួកគេ តាមកិច្ចសន្យា បើមិនដូច្នេះ រោងចក្រ​កាត់ដេរ​នៅកម្ពុជា នឹង​ត្រូវប្រឈម​នឹង​បញ្ហា​កង្វះ​សាច់ប្រាក់​ដើម្បី​បើក​ប្រាក់ខែ​ជូនកម្មករ​ជាក់ជាមិនខានឡើយ។

លោក កាំង​ ម៉ូនីកា សង្ងត់ធ្ងន់យ៉ាងដូច្នេះ «ទោះបីជាឲ្យយើង​ពន្យារពេល​ ឬយ៉ាងណាក៏ដោយចុះ តែយើង​ស្នើឲ្យគាត់​គិតគូ​អំពីការទូទាត់​… ស្របទៅតាម​កិច្ចសន្យា ដើម្បីធ្វើយ៉ាងណាឲ្យ​​រោងចក្រ​ទទួលបាន​ប្រាក់ចំណូល​​សម្រាប់​បើក​ប្រាក់បៀវត្សរ៍​ជូនកម្មករ​។ យើងដឹងហើយ​នៅក្នុងការធ្វើជំនួញ លំហូរសាច់ប្រាក់​មានសារសំខាន់​ខ្លាំងណាស់ ក្រុមហ៊ុនណា​ក៏ដូច​ក្រុមហ៊ុន​ណាដែរ គឺផ្ដោតខ្លាំង​បំផុត​ទៅលើ​លំហូរសាច់ប្រាក់​នេះឯង។ អញ្ចឹងហើយ​បើគ្មានលំហូរ​សាច់ប្រាក់ទេ​គឺរោងចក្រ​ក៏ដូចជា​ក្រុមហ៊ុន​ផ្សេងៗដែរ គឺមិនអាច​បន្ត​ប្រតិបត្តិការបានទេ។»

បើតាម​ការបញ្ជាក់​របស់​ លោក កាំង ម៉ូនីកា គិតត្រឹមថ្ងៃទី ២៦ មីនា រោងចក្រ​ដែលបាន​ផ្អាក​ប្រតិបត្តិការ​ផលិត​ជាបណ្ដោះអាសន្នមានចំនួន ៥៥ រោងចក្រ ដែលប៉ះពាល់ដល់​ការងារ​កម្មករ​ប្រមាណ ៣ម៉ឺននាក់។

នៅប្រទេសវៀតណាមឯណោះវិញ វិស័យវាយនភណ្ឌ​ កាត់ដេរនេះ ក៏​កំពុង​ប្រឈម​នឹងបញ្ហា​មិន​ខុស​ពីប្រទេស​បង់ក្លាដេស និងកម្ពុជានោះទេ ពោលគឺកំពុង​ប្រឈម​នឹងបញ្ហា​លុបចោល​ការបញ្ជាទិញ​កាន់តែ​ច្រើនឡើង​​ដូចគ្នាដែរ។ បើតាម​បណ្ដុំ​វាយនភណ្ឌ និងកាត់ដេរ​ជាតិវៀតណាម បាន​ឲ្យដឹងថា ការីករាលដាល​នៃមេរោគ Covid-19 អាចនឹងធ្វើឲ្យ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​វៀតណាម ត្រូវបាត់បង់​ចំណូល​យ៉ាងហោចណស់ ៤៧៣ លាន​ដុល្លារអាមេរិក និងមាន​កម្មករ​រាប់លាន​នាក់ ត្រូវបាត់បង់ការងារ។

ការព្យាករនេះ គឺ​ដោយ​ផ្អែកលើ​ការសន្និដ្ឋាន​ បញ្ហាការរីក​រាលដាល​នៃ Covid-19 អាចគ្រប់គ្រងបាន នៅក្នុងខែ​ឧសភា ហើយ​សេដ្ឋកិច្ច​សកល​ចាប់ផ្ដើម​ប្រសើរឡើងវិញ​នៅក្នុង​ខែ​មិថុនា។

ឧស្សាហកម្ម​វាយនភណ្ឌ​វៀតណាម គឺជា​ទំនិញនាំចេញ​មានតម្លៃ​ធំបំផុត​ទី៣ របស់វៀតណាម ។

ស្ថានប័នជំនាញ​របស់វៀតណាមខាងលើនេះ បាននិយាយថា ការ​លុបចោល​កិច្ចសន្យាបញ្ជាទិញ​នឹង​ធ្វើឲ្យ​ចំណូល​ប្រចាំឆ្នាំ​របស់​រោងចក្រ​ផលិតត្រូវបាត់បង់​ ហើយ​ការងារ​នឹង​កម្មករ​នឹងត្រូវបាន​កាត់ប្រមាណ ៣០ ទៅ៥០ ភាគរយ នៃ​កម្មករ​សរុប ក្នុងវិស័យនេះមាន​ប្រមាណ ២,៨លាននាក់ នៅក្នុង​រយៈពេល ២ខែ​ខាងមុខនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានប្រហែល ៦៨០០ អាជីវកម្ម​វាយនភណ្ឌ​នៅវៀតណាម។ កាលពីឆ្នាំ២០១៩ ពួកគេ​បាននាំចេញ ទំនិញតម្លៃជាទឹកប្រាក់ ជិត ៣៣ ពាន់​លាន​ដុល្លារអាមេរិក មានកំណើន​៧,៨% ធៀបនឹង​ឆ្នាំ២០១៨។ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គឺជា​អ្នកបញ្ជាទិញ​ធំបំផុត​នៃវិស័យវាយនភណ្ឌ​វៀតណាម។ នេះបើយោង​តាម​របាយការណ៍ពីគយវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក្នុងខេត្ត-ក្រុងចំនួន ៧ ទទួលបានការលើកលែងពន្ធពីរាជរដ្ឋាភិបាល

ព័ត៌មាន
យ៉ាងហោចណាស់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅក្នុងខេត្ត-ក្រុងចំនួន ៧ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសវិ…

ក្រុមប្រឹក្សាអឺរ៉ុប អនុម័តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ចំពេល Covid-19 បន្តរីករាលដាល

ព័ត៌មាន
នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាអឺរ៉ុប បានសម្រេចអនុម័តចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបវៀតណាមហើយ បើទោះបីជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ