វិបត្តិសេដ្ឋកិច្ច

សេដ្ឋកិច្ចជប៉ុនកំពុងធ្លាក់ចុះ ខណៈវិបត្តិសេដ្ឋកិច្ចកំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំង


សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងត្រីមាសចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលជាការបន្តធ្លាក់ចុះរយៈពេល២ត្រីមាសជាប់គ្នា ដោយសារតែការចុះខ្សោយនៃតម្រូវការប្រើប្រាស់ និងការនាំចេញដែលកំពុងបង្កឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលជប៉ុន ក្នុងការបញ្ឈប់ជាបណ្តើរៗនូវការជំរុញបង្កើនរូបិយវត្ថុ ចំពេលអតិផរណាកំពុងមានការកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិបត្តិសេដ្ឋកិច្ច
ដោយ

ទិន្នន័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ជប៉ុននេះបានបង្ហាញថា ការបន្តកើនឡើងនូវអតិផរណាកំពុងធ្វើឱ្យប៉ះពាល់ដល់ការចំណាយគ្រួសារ និងធ្វើឱ្យក្រុមហ៊ុនផលិតឈឺចាប់ថែមទៀត បន្ទាប់ពីបានរងគ្រោះដោយសារការធ្លាក់ចុះតម្រូវការសកលរួមទាំងនៅប្រទេសចិនស្រាប់ហើយនោះ។

លោក តាកេស៊ី មីណាមី (Takeshi Minami) ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ ណូរីនឈូគីន (Norinchukin) បាននិយាយថា ដោយហេតុតែគ្មានក្បាលម៉ាស៊ីនកំណើន ដូច្នេះហើយវានឹងមិនធ្វើឱ្យលោកភ្ញាក់ផ្អើលនោះទេ បើទោះបីជាសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះម្តងទៀតនៅក្នុងត្រីមាសបច្ចុប្បន្នក៏ដោយចុះ ហើយថា កំណើនចុះខ្សោយ និងទិដ្ឋភាពអតិផរណាដែលកំពុងធ្លាក់ចុះសន្សឹមៗអាចពន្យារពេលការចាកចេញរបស់ធនាគារកណ្ដាលជប៉ុន (BOJ) ពីអត្រាការប្រាក់អវិជ្ជមាន។

ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុន ដែលមានសេដ្ឋកិច្ចធំបំផុតទី៣ ក្នុងពិភពលោកមួយនេះបានធ្លាក់ចុះជាង២% នៅក្នុងត្រីមាសទី៣ ដែលបានធ្លាក់ចុះច្រើនជាងការព្យាកររបស់ទីផ្សារ ដែលថានឹងមានការធ្លាក់ចុះប្រចាំឆ្នាំ ជាមធ្យមត្រឹមតែ០,៦%ប៉ុណ្ណោះ។ ទោះយ៉ាងណាវាមានការធ្លាក់ចុះតិចជាងត្រីមាស២ ដែលបានធ្លាក់ចុះរហូតដល់ជាង៤%ឯណោះ។

ការធ្លាក់ចុះនេះបានឆ្លុះបញ្ចាំងពីការប្រើប្រាស់ និងការចំណាយដើមទុនចុះខ្សោយ ដែលធ្វើឲ្យស្រអាប់ក្តីសង្ឃឹមរបស់អ្នកបង្កើតគោលនយោបាយចំពោះការស្ទុះងើបសកម្មភាពក្នុងស្រុកឡើងវិញនៅក្រោយជំងឺកូវីដ ដើម្បីប៉ះប៉ូវតម្រូវការខាងក្រៅ ដែលកាន់តែចុះខ្សោយនៅប្រទេសចិន និងកន្លែងដទៃទៀត។ តម្រូវការប្រើប្រាស់បានធ្លាក់ចុះនៅត្រីមាសទី៣ បន្ទាប់ពីបានធ្លាក់ចុះជិត១%នៅក្នុងត្រីមាសមុននេះ ពោលគឺបានធ្លាក់ចុះច្រើនជាងការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ច ដែលរំពឹងមានអត្រា០,២%។

ទន្ទឹមនឹងនេះដែរ ការចំណាយមូលធនបានធ្លាក់ចុះ០,៦%នៅក្នុងត្រីមាសទី៣ បន្ទាប់ពីបានធ្លាក់ចុះ១%ក្នុងខែមេសា ដល់ខែមិថុនា។ តម្រូវការខាងក្រៅបានកាត់បន្ថយ០.១%នៃ GDP ពីខែកក្កដាដល់ខែកញ្ញា ស្របតាមការរំពឹងទុក ខណៈដែលការកើនឡើងនូវការនាំចូលសេវាកម្មត្រូវបានទូទាត់ជាមួយនឹងការកើនឡើងក្នុងការនាំចេញរថយន្ត។

លោក ស្តេហ្វិន អេងរីក (Stefan Angrick) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Moody's Analytics បាននិយាយថា លទ្ធផលនៅត្រីមាសទី៣ ដ៏គួរឱ្យខកចិត្តនេះបានក្រើនរំលឹកដ៏ក្រៀមក្រំថា ប្រទេសជប៉ុនមិនទាន់អាចចាកចេញពីវិបត្តិនៅឡើយទេ។

ខណៈការធ្លាក់ចុះប្រាក់យ៉េនបានធ្វើឱ្យអ្នកនាំចេញធំៗខាតបង់ប្រាក់ចំណេញនោះ ប្រាក់ឈ្នួលក៏មិនទាន់បានកើនឡើង ដែលអាចឆ្លើយតបនឹងការចំណាយរបស់ប្រជាពលរដ្ឋកំពុងមានការកើនឡើង ដែលជំរុញដោយការកើនឡើងជាលំដាប់នូវអតិផរណានៅឡើយទេ។

យ៉ាងណាមិញនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបង្កើនការអំពាវនាវឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល និងបានប្រកាសកញ្ចប់វិធានការដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងនូវការចំណាយសម្រាប់ជីវិតប៉ុន្តែអ្នកវិភាគសង្ស័យថា តើវិធានការនេះនឹងមានឥទ្ធិពលច្រើនក្នុងការជំរុញសេដ្ឋកិច្ចដែរឬយ៉ាងណា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិចាប់ដៃជាមួយ Alipay Plus ដើម្បីពង្រីកការទូទាត់ប្រាក់រៀលទៅកាន់ពិភពលោក

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Alipay Plus ក្នុងគោលបំណងជំរុញការទូទាត់របស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ ត…

ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជានឹងទទួលបានការវិនិយោគកាន់តែច្រើន ក្រោយបង្កើនផលិតភាពការងារតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន

ព័ត៌មាន
ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យផ្សេងៗគ្នា បានបង្ហាញការសាទរ ចំពោះការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិរបស់រាជរដ្ឋាភិបាល គឺកម្មវិធីបណ្តុះប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ