តម្លៃមាសនៅទីផ្សារហក់ឡើង

តម្លៃមាសនៅទីផ្សារហក់ឡើងដល់ជាង ២.៣០០ដុល្លារក្នុង១តម្លឹង ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន


តម្លៃមាសនៅកម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់ ស្របទៅតាមនិន្នាការតម្លៃទីផ្សារពិភពលោក ពោលគឺមាសបន្ដឡើងថ្លៃខ្ពស់ចាប់តាំងពីពេលដែល រុស្ស៊ីប្រកាសធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងរយៈពេលប្រមាណ១សប្ដាហ៍មកនេះ។ ក្រុមអាជីវករលក់មាសនៅកម្ពុជាបានអះអាងថា តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃមាស ដែលលក់ចេញនៅលើទីផ្សារកម្ពុជាបានឡើងថ្លៃប្រមាណ២០០ដុល្លារអាមេរិកបន្ថែមទៀតក្នុងមួយតម្លឹង នាំឲ្យតម្លៃមាសមួយតម្លឹងលក់ចេញក្នុងតម្លៃប្រមាណ ២ពាន់៣រយដុល្លារអាមេរិក។
តម្លៃមាសនៅលើទីផ្សារកម្ពុជាហក់ឡើងដល់ជាង ២.៣០០ដុល្លារក្នុង១តម្លឹង រូបភាពដោយ៖ ខេមបូណូមីស

បើទោះបីជា តម្លៃមាសឡើងថ្លៃក្ដី ប៉ុន្ដែ ក្រុមអាជីវករលក់មាសបាននាំគ្នារអ៊ូរទាំថា អាជីវកម្មទិញ-លក់មាសរបស់ពួកគេបច្ចុប្បន្នហាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្រោយតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងមានកំណើនខ្ពស់នៅមួយរយៈចុងក្រោយនេះ។  

លោកស្រី គង់ ពិសី ម្ចាស់ហាងមាសពេជ្រ ហេង ហេង នៅខាងត្បូងផ្សារថ្មីរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ខេមបូណូមីសថា តម្លៃមាសនៅកម្ពុជាបានហក់ឡើងថ្លៃយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីរុស្ស៊ីបានប្រកាសបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ លោកស្រីកត់សម្គាល់ឃើញថា តម្លៃមាសបានហក់ឡើងរហូតដល់២ពាន់៤រយដុល្លារអាមេរិកក្នុង១តម្លឹងនៅមួយថ្ងៃបន្ទាប់ពីរុស្សីប្រកាសធ្វើប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន។ ប៉ុន្តែ នៅថ្ងៃទី ០១ខែមីនានេះ តម្លៃមាសនៅហាងរបស់ លោកស្រី បានធ្លាក់មកនៅត្រឹម២ពាន់៣រយដុល្លារអាមរិកវិញហើយក្នុង១តម្លឹង ខណៈមុនមានវិបត្តិសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង មាស១តម្លឹងលក់ចេញតែ១ពាន់៨រយដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោកស្រី គង់ ពិសី បានគូសបញ្ជាក់ពីស្ថានភាពនៃការលក់មាសថា ចរន្តទិញលក់មាសនៅហាងរបស់លោកស្រីមានការធ្លាក់ចុះក្នុងរង្វង់៥០% នៅមួយរយៈចុងក្រោយនេះ ពោលគឺបន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបានកើនឡើងដល់តួលេខបីខ្ទង់នៅប៉ុន្មានសប្ដាហ៍មកនេះ។ តែយ៉ាងណាលោកស្រីរំពឹងថា អ្វីៗនឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។  

ជាមួយគ្នានេះ ម្ចាស់ហាងមាសពេជ្រ ទីមង្គល និងម្ចាស់ហាងមាសពេជ្រនាគមាសក៏បានកត់សម្គាល់ឃើញពីការកើនឡើងនៃតម្លៃហាងឆេងមាសនៅកម្ពុជានៅមួយរយៈចុងក្រោយនេះផងដែរ។ ម្ចាស់ហាងមាសពេជ្រទាំងពីររូបនេះ អះអាងថា តម្លៃហាងឆេងមាស ដែលបានលក់ចេញនៅលើទីផ្សារកម្ពុជាបានហក់ឡើងថ្លៃពីតម្លៃជាង១ពាន់ដុល្លារក្នុង១តម្លឹង ដល់ជាង២ពាន់ដុល្លារក្នុង១តម្លឹង បន្ទាប់ពីមានការផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

វិបត្តិនៅអ៊ុយក្រែនបានជំរុញឲ្យតម្លៃមាសកាលពីសប្ដាហ៍មុននេះ បានកើនឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ តម្លៃមាសសម្រាប់ទីផ្សារញ៉ូយក សហរដ្ឋអាមេរិកបានកើនឡើងដល់ជិត២ពាន់ដុល្លារអាមេរិកក្នុងមួយឱន ដោយមួយអោនស្មើនឹងជាង៨ជីមាស។ អ្នកជំនាញ បានព្យាករថាតម្លៃមាស អាចនឹងកើនឡើងដល់ជាង២ពាន់លានដុល្លារក្នុងមួយអោន បើភាពតានតឹងនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែបន្តនិងរីករាលដាលកាន់តែធំ។ ក្រៅពីមាស វិបត្តិដែលបានអូសបន្លាយជិត១សប្តាហ៍នេះ ក៏បានជំរុញឲ្យតម្លៃឧស្ម័ន និងប្រេងឆៅសកលមានការកើនឡើងយ៉ាងគំហុកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិកប្រកាសប្រាប់ប្រជាជនអាមេរិកាំងថា “មិនគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរនោះទេ”

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសក្ដែងៗកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះប្រាប់ទៅកាន់ពលរដ្ឋអាមេរិកាំងថា ប្រជាជនអាមេរិកាំងមិនគួរព្រួយប…

ក្រុមហ៊ុនយក្សជប៉ុនប្រកាសលក់សណ្ឋាគារផ្កាយ៥ Hyatt Regency នៅទីក្រុង Tokyo ក្នុងតម្លៃជិត ៨៧០ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងដឹកជញ្ជូនរបស់ចប៉ុន Odakyu Electric Railway គ្រោងនឹងលក់អគារសណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency Tokyo …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ