បច្ចេកទេសរថយន្ត

ក្រុមហ៊ុនធំៗតវ៉ាជំទាស់រដ្ឋាភិបាលអាម៉េរិក ដែលបញ្ជាឱ្យប្រមូលរថយន្តជាង៥២លានគ្រឿងមកពិនិត្យពោងសុវត្ថិភាពឡើងវិញ


ក្រុមហ៊ុនផលិតរថយន្តធំៗនៅសហរដ្ឋអាម៉េរិក កំពុងព្យាយាមបញ្ចុះបញ្ចូល ក៏ដូចជាតវ៉ាជំទាស់ចំពោះចំណាត់ការរបស់ក្រុមនិយ័តករអាម៉េរិក ដែលបញ្ជាឱ្យខ្លួនប្រមូលរថយន្តដល់ទៅ៥២លានគ្រឿងមកពិនិត្យមើលឧបករណ៍ពោងសុវត្ថិភាពឡើងវិញ។ ក្រុមនិយ័តករអាម៉េរិក អះអាងថា ពោងសុវត្ថិភាពទាំងនោះមានបញ្ហា និងអាចបង្កគ្រោះថ្នាក់។
បច្ចេកទេសរថយន្ត
ដោយ

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនតូយ៉ូតា កាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះបាននិយាយថា ខ្លួននឹងប្រមូលរថយន្តជាង១លានគ្រឿង នៅទូទាំងពិភពលោកត្រលប់មកវិញ ដោយសារតែបញ្ហាសៀគ្វីខ្លី (short circuit) នៅក្នុងស៊ិនស័រអាចបណ្តាលឱ្យពោងសុវត្ថិភាពមិនដំណើរការ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ក្រុមហ៊ុនដូចជា General Motors និង Ford ជាដើមបានអះអាងតាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) កាលពីថ្ងៃពុធដើមសប្ដាហ៍នេះថា គ្មានព័ស្តុតាង​ណាបង្ហាញថា ពោងសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុនអាម៉េរិក ARC Automotive មានបញ្ហានោះទេ បើទោះបីជាមានរបាយការណ៍ថា ពោងសុវត្ថិភាពខ្លះបានផ្ទុះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យអ្នករួមដំណើររងរបួស ឬបាត់បង់ជីវិតយ៉ាងណាក្ដី។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) កំពុងជំរុញយ៉ាងទទូចឱ្យប្រមូលរថយន្តទាំងនោះត្រលប់មកវិញ ទោះជាមានការជំទាស់ពីក្រុមហ៊ុនផលិតពោងសុវត្ថិភាព ARC Automotive យ៉ាងណាក៏ដោយ ហើយចំណាត់ការនេះ អាចនឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តទាំងនោះខាតបង់សរុបរហូតដល់ទៅ១០ពាន់លានដុល្លារ។

គួរជម្រាបថា ពោងសុវត្ថិភាពផលិតដោយក្រុមហ៊ុន ARC Automotive ត្រូវបានប្រើប្រាស់ដើម្បីបំពាក់លើរថយន្តផលិតដោយក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន GM, Ford, Stellantis NV, Tesla, Volkswagen, Hyundai Motor, BMW, Kia, Maserati, Mercedes-Benz, Porsche និងក្រុមហ៊ុនToyota ជាដើម។

កាលពីថ្ងៃពុធ ក្រុមហ៊ុន Toyota Motor បានឱ្យដឹងថា ខ្លួននឹងប្រមូលយករថយន្តជាង១លានគ្រឿងមកពិនិត្យមើលឡើងវិញនូវបញ្ហាសៀគ្វីខ្លីនៅក្នុងស៊ិនស័រដែលអាចធ្វើឱ្យពោងសុវត្ថិភាពមិនដំណើរការ។ ការប្រមូលមកវិញនេះគ្របដណ្តប់លើរថយន្តដែលផលិតនៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ រួមមានស៊េរី Avalon, Camry, Corolla, RAV4, Lexus ES250, ES300H, ES350, RX350 Highlander និង Sienna Hybrid ដែលក្នុងនោះប្រមាណ១លានគ្រឿងស្ថិតនៅក្នុងសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនផលិតពោងសុវត្ថិភាពអាមេរិក ARC Automotive មិនទាន់បានឆ្លើយតបណាមួយនៅឡើយទេ។ ក្រុមហ៊ុននេះ បានសហការការជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែបានបង្ហោះសារតាមអ៊ីនធឺណិត កាលពីថ្ងៃពុធដើមសប្ដាហ៍នេះថា ខ្លួនមិនយល់ស្របឡើយចំពោះចំណាត់ការថ្មីរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) ដែលគ្រោងបញ្ជាឱ្យប្រមូលរថយន្តត្រលប់មកទ្រង់ទ្រាយធំបែបនេះ។

ទោះជាយ៉ាងណា បើតាមលោក Rosemary Shahan ប្រធានអង្គការតស៊ូមតិដើម្បីសុវត្ថិភាពរថយន្ត និងអ្នកប្រើប្រាស់ហៅកាត់ថា CARS ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ជំហរម៉ឺងម៉ាត់លើបញ្ហាពោងសុវត្ថិភាពផលិតដោយក្រុមហ៊ុន ARC Automotive គឺសមស្រប ព្រោះវាច្បាស់ណាស់ថា ពោងសុវត្ថិភាពទាំងនោះ គឺមានបញ្ហានិងបង្កហានិភ័យសុវត្ថិភាពដល់អ្នកបើកបរ។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) បាននិយាយកាលពីខែឧសភា ថា ខ្លួនបានរកឃើញយ៉ាងហោចណាស់៧ករណី ដែលពោងសុវត្ថិភាពបានផ្ទុះបង្កការរបួសស្នាម រួមទាំងការបណ្ដាលឱ្យមនុស្ស២នាក់បាត់បង់ជីវិតផងដែរ គិតចាប់ពីឆ្នាំ២០០៩ រហូតមកដល់ខែមីនា ដើមឆ្នាំ២០២៣ នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំងនៅថ្ងៃសុក្រនេះ មុនការចេញផ្សាយទិន្នន័យអតិផរណា

ព័ត៌មាន
ប្រាក់ដុល្លារអាម៉េរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៤ខែមកនេះនៅមុនការចេញផ្សាយទិន្នន័យដ៏សំខ…

ការទិញក្រុមហ៊ុនដែកអាម៉េរិកពីសំណាក់ក្រុមហ៊ុនជប៉ុន កំពុងបង្កជាក្តីបារម្ភក្នុងស្រទាប់ថ្នាក់ដឹកនាំ

ព័ត៌មាន
លោក Brian Deese ដែលជាតួអង្គសំខាន់ក្នុងការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៤ របស់ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធ ថា ការស្នើសុំទិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ