ការទិញទំនិញតាមអនឡាញ

ពលរដ្ឋអាម៉េរិកចំណាយប្រាក់២២២ពាន់លានដុល្លារលើការទិញទំនិញតាមអនឡាញក្នុងរដូវវិស្សមកាល


ពលរដ្ឋអាម៉េរិកបានចំណាយថវិកា២២២ពាន់លានដុល្លារ លើការទិញទំនិញតាមប្រព័ន្ធអនឡាញនៅក្នុងរដូវវិស្សមកាល ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗ មានការកើនឡើងជិត៥% បើធៀបនឹងឆ្នាំ២០២២។ ក្នុងចំណោមថវិកាទាំងនេះ ភាគច្រើនបំផុត គឺទិញគ្រឿងអេឡិចត្រូនិក ប្រដាប់ប្រដាក្មេងលេង និងរបស់របរមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការទិញទំនិញតាមអនឡាញ
ដោយ

ទីភ្នាក់ងារ Adobe Analytics បានចេញផ្សាយទិន្នន័យរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ថា នៅក្នុងការចំណាយរបស់ពលរដ្ឋអាមេរិកនៅចន្លោះពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ មានការកើនឡើងជិត៥% បើធៀបនឹងរដូវកាលទិញទំនិញនៅថ្ងៃឈប់សម្រាកនៅចុងឆ្នាំ២០២២។

ទីភ្នាក់ងារនេះបានបន្ថែមថា ហេតុផលនៃការកើនឡើងនេះ គឺដោយសារអ្នកទិញទំនិញជាច្រើនត្រូវបានទាក់ទាញដោយការបញ្ចុះ ក៏ដូចជាជម្រើសនៃកម្មវិធី«ទិញទំនិញនៅថ្ងៃនេះ អាចបង់ប្រាក់នៅពេលក្រោយ»។ ទិន្នន័យនេះបានបន្ថែមទៅលើភស្តុតាង ដែលបង្ហាញថា ជនជាតិអាម៉េរិកនៅតែចំណាយដ៏គំហុក បើទោះជាពួកគេបានប្រាប់អ្នករៀបចំការស្ទង់មតិនេះថា ពួកគេមិនចូលចិត្តសេដ្ឋកិច្ចបែបនេះយ៉ាងណាក៏ដោយ។

ទីភ្នាក់ងារ Adobe ធ្លាប់បានរាយការណ៍ថា អ្នកដើរទិញឥវ៉ាន់បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញទំនិញតាមអនឡាញរហូតដល់ចំនួនជាង១២ពាន់លានដុល្លារគ្រាន់តែនៅក្នុងរដូវកាលទិញទំនិញតាមអនឡាញ Cyber Monday តែមួយប៉ុណ្ណោះ។ Cyber Monday គឺជារដូវកាលមួយដែលអ្នកលក់ទំនិញបានផ្សព្វផ្សាយពីផលិតផលរបស់ពួកគេ និងការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទិញទំនិញរបស់ពួកគេ។

ទីភ្នាក់ងារ Adobe បាននិយាយថា ការបញ្ចុះតម្លៃទំនិញតាមអ៊ីនធឺណិតបានកើនឡើងខ្ពស់បំផុតក្នុងរដូវកាលវិស្សមកាលនេះ ដោយបានឡើងដល់កម្រិតកំពូល៣១% នៃតម្លៃក្នុងបញ្ជីសម្រាប់គ្រឿងអេឡិចត្រូនិក បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ២៥%។ ចំណែកការបញ្ចុះតម្លៃសម្រាប់របស់របរក្មេងលេងបានកើនឡើង២៨% បើធៀបនឹងអត្រា៣៤% ក្នុងឆ្នាំ២០២២ ហើយសម្លៀកបំពាក់បានកើនឡើង២៤% បើធៀបនឹង១៩% ក្នុងឆ្នាំ២០២២។

អ្នកប្រើប្រាស់ក៏ពឹងផ្អែកមួយផ្នែកទៅលើការផ្តល់ហិរញ្ញវត្ថុរយៈពេលខ្លីផងដែរ ហើយការប្រើកម្មវិធី«ទិញឥឡូវនេះទូទាត់នៅពេលក្រោយ» បានកើនឡើង១៤% បើធៀបនឹងឆ្នាំមុន គឺឡើងដល់ទឹកប្រាក់ជាង១៦ពាន់លានដុល្លារ។

តួលេខរបស់ទីភ្នាក់ងារ Adobe មិនត្រូវបានកែតម្រូវតាមអត្រាឡើងចុះនៃអតិផរណាទេ ហើយតម្លៃលក់តាមអនឡាញបានធ្លាក់ចុះជាង៥% គិតត្រឹមខែធ្នូ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ​មុន។នេះមានន័យថា ការកើនឡើងនូវចំណាយក្នុងរដូវវិស្សមកាលនេះ គឺដោយសារតែការកើនឡើងនូវតម្រូវការ គឺមិនមែនដោយសារតែការប្រែប្រួលតម្លៃនោះទេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជាង៧០% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងបន្តកើនឡើងនៅឆ្នាំ២០២៤

ព័ត៌មាន
ការស្ទង់មតិរបស់សារព័ត៌មានក្យូដូ (Kyodo News) បានបង្ហាញថា ក្រុមហ៊ុនធំៗរបស់ជប៉ុនជាង៧០% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងកើនឡើងនៅឆ្នាំ២០២៤ ក្រ…

Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកដោយ AirlineRatings

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានចុះក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដោយ AirlineRatings…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ