ប្រាក់កម្ចីសិក្សាដល់និស្សិត

លោកចូ បៃឌិន ប្រកាសលើកលែងប្រាក់កម្ចីសិក្សាដល់និស្សិតរាប់លាននាក់ ប៉ុន្ដែរងការរិះគន់ថានឹងជំរុញអតិផរណាកើនកាន់តែខ្ពស់


ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធ ទី ២៤ ខែ សីហាថា រដ្ឋាភិបាលអាមេរិកនឹងលើកលែងកម្ចីសិក្សាក្នុងចំនួនទឹកប្រាក់ ១ម៉ឺនដុល្លារ សម្រាប់អតីតនិស្សិតមហាវិទ្យាល័យរាប់លាននាក់ ដែលបច្ចុប្បន្នកំពុងធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនេះ។ ការចាត់វិធានការនេះឡើង គឺជាការធ្វើតាមការសន្យា ដែលប្រធានាធិបតីរូបនេះធ្លាប់បានអះអាង នៅក្នុងអំឡុងពេលឃោសនាស្វែងរកសន្លឹកឆ្នោតសម្រាប់តំណែងប្រធានាធិបតីកាលពីឆ្នាំ ២០២០។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
លោកចូ បៃឌិន ប្រកាសលើកលែងប្រាក់កម្ចីសិក្សាដល់និស្សិតរាប់លាននាក់ ប៉ុន្ដែរងការរិះគន់ថានឹងជំរុញអតិផរណាកើនកាន់តែខ្ពស់

ទោះយ៉ាងណា សម្រាប់ក្រុមសេដ្ឋវិទូ បានរិះគន់ ជាមួយក្ដីបារម្ភថា វិធានការនេះអាចនឹងជំរុញឲ្យអតិផរណាដែលកំពុងកើនឡើងនោះ នឹងបន្ដកើនខ្ពស់ថែមទៀត។

វិធានការនៃការលើកលែងប្រាក់កម្ចីសិក្សាសម្រាប់និស្សិតមហាវិទ្យាល័យរបស់ប្រធានាធិបតីលោក Joe Biden នេះ អាចជំរុញឱ្យមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសភាខែវិច្ឆិកា ប៉ុន្តែអ្នកសេដ្ឋកិច្ចមួយចំនួនបាននិយាយថា វាអាចជំរុញឱ្យមានការកើនឡើងអតិផរណា ខណៈសមាជិកគណបក្សសាធារណរដ្ឋមួយចំនួននៅក្នុងសភាសហរដ្ឋអាមេរិក បានចោទសួរថា តើប្រធានាធិបតីអាមេរិកមានសិទ្ធិអំណាចលើផ្លូវច្បាប់ក្នុងការលុបចោលបំណុល ដែរឬយ៉ាងណា?

បើយោងតាមអ្នកសេដ្ឋកិច្ចបានអះអាងថា ការលើកលែងបំណុលសម្រាប់និស្សិត ដែលបានខ្ចីសម្រាប់ការសិក្សានោះ នឹងធ្វើឱ្យទឹកប្រាក់រាប់រយពាន់លានដុល្លារមានការបន្តចរាចរណ៍លើទីផ្សារ ហើយវានឹងបន្ថែមបញ្ហាថ្មីមួយទៀត ដល់ការប្រយុទ្ធនឹងអតិផរណា ដែលកំពុងកើនឡើងក្នុងមហាយក្សសេដ្ឋកិច្ចលេខមួយនៅក្នុងលោកមួយនេះ។

យ៉ាងណាក៏ដោយចុះ លោក Biden បាននិយាយអះអាងក្នុងអំឡុងពេលធ្វើសុន្ទរកថា នៅឯសេតវិមានថា សកម្មភាពនេះគឺសម្រាប់គ្រួសារក្រីក្រ និងក្រុមពលរដ្ឋវណ្ណៈកណ្តាល ដែលរងគ្រោះខ្លាំង ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត។ លោក Biden បានសន្យាថា នឹងមិនមានគ្រួសារដែលមានប្រាក់ចំណូលខ្ពស់នឹងទទួលបានផលប្រយោជន៍នេះនោះទេ។ ទន្ទឹមនឹងនោះ លេខាធិការសារព័ត៌មានសេតវិមានលោក Karine Jean-Pierre បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលលោក Biden មានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការលើកលែងបំណុលក្រោមច្បាប់ ដែលអនុញ្ញាតឱ្យមានសកម្មភាពបែបនេះ ក្នុងអំឡុងពេលមានអាសន្នជាតិ ដូចជាជំងឺរាតត្បាតនៃកូវីដ១៩ ជាដើម។

មែនទែនទៅ ក្រុមប្រជាធិបតេយ្យជាច្រើនបានជំរុញឱ្យលោក Biden លើកលែងប្រាក់កម្ចីដល់ ៥ ម៉ឺនដុល្លារក្នុងអ្នកខ្ចីម្នាក់ ប៉ុន្តែ គណបក្សសាធារណរដ្ឋភាគច្រើនប្រឆាំងនឹងការលើកលែងប្រាក់កម្ចីរបស់និស្សិត ដោយហៅវាថា អយុត្តិធម៌ ព្រោះការជួយនេះ វានឹងមិនសមាមាត្រគ្នា ចំពោះពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់នោះឡើយ។

លោក Mitch McConnell មេដឹកនាំសមាជិកព្រឹទ្ធសភាសំឡេងភាគតិច បាននិយាយកាលពីថ្ងៃពុធថា វិធានការលុបចោលប្រាក់កម្ចីនិស្សិតរបស់ប្រធានាធិបតីលោក Biden គឺនឹងធ្វើឱ្យមានការមិនពេញចិត្ត សម្រាប់ក្រុមនិស្សិតសន្សំប្រាក់ផ្ទាល់ខ្លួនចូលមហាវិទ្យាល័យ និង រាល់និស្សិតបញ្ចប់ការសិក្សា ដែលបានសងបំណុលរបស់ពួកគេរួចរាល់ និង និស្សិតអាមេរិកគ្រប់រូប ដែលបានខិតខំធ្វើការក្រៅម៉ោង ដើម្បីសន្សំប្រាក់បង់សាលា ពិសេសក្រុមនិស្សិតដែលស្ម័គ្រចិត្តបម្រើក្នុងកងកម្លាំងប្រដាប់អាវុធ ដើម្បីជៀសវាងការជំពាក់បំណុលសម្រាប់ចំណាយលើការសិក្សា។

ទោះយ៉ាងណា ទីប្រឹក្សាគោលនយោបាយក្នុងស្រុករបស់សេតវិមានលោកស្រី Susan Rice បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលលោក Biden មិនទាន់បានកំណត់តម្លៃ សម្រាប់កញ្ចប់ប្រាក់កម្ចីសិក្សា ដែលត្រូវបានលើកលែង សម្រាប់ការទទួលការដាក់ពាក្យស្នើសុំនៅឡើយទេ ។

ទោះយ៉ាងណា អ្នកស្រីបានបន្តថា កម្ចីនិស្សិតដែលទទួលបានការលើកលែង គឺត្រូវតែជាកម្ចីក្រោយថ្ងៃទី ៣០ ខែមិថុនាឆ្នាំនេះ ខណៈប្រសិនបើហួសពីពេលវេលានេះ នឹងមិនមានសិទ្ធិទទួលបាននោះទេ។

គួរជម្រាបថា ថ្លៃសិក្សានៅតាមសាកលវិទ្យាល័យអាមេរិក គឺមានតម្លៃខ្ពស់ជាងឆ្ងាយណាស់ បើធៀបប្រទេសអ្នកមានផ្សេងៗទៀត ហើយនិស្សិតដែលបានប្រើប្រាស់បំណុលកម្ចីសិក្សានៅសហរដ្ឋអាមេរិកមានចំនួន ១,៧៥ ទ្រីលានដុល្លារ ដែលភាគច្រើននៃបំណុលនេះ គឺកាន់កាប់ដោយរដ្ឋាភិបាលសហព័ន្ធអាមេរិក៕




អត្ថបទបន្ទាប់


ក្រោយការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ តើវាអាចប៉ះពាល់ដល់ធុរកិច្ច និងវិនិយោគក្នុងប្រទេសថៃយ៉ាងណាខ្លះ?

ព័ត៌មាន
ភាពចម្រូងចម្រាស់នៅក្នុងជួរអ្នកនយោបាយថៃ ក្រោយមានការព្យួរតួនាទីលោកប្រាយុទ្ធ ចាន់អូចា ពីតំណែងនាយករដ្ឋមន្ត្រី កំពុងធ្វើឲ្យមានការព្រួយបារម្ភមួយច…

រុស្ស៊ីបង្កើនការនាំចេញប្រេងតាមកប៉ាល់ទៅតំបន់អាស៊ីកាន់តែខ្លាំង ចំពេលមានទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
បើយោងតាមក្រុមពាណិជ្ជករ និង ទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Refinitiv បានបង្ហាញថា ក្រោមសម្ពាធពីទណ្ឌកម្មរបស់លោកខាងលិច រុស្ស៊ីកំពុងនាំចេញប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ