ក្រុមហ៊ុន Apple

ក្រុមហ៊ុនយក្ស Apple ប្រកាសកាត់បន្ថយការផលិត ចំពេលមានភាពមិនច្បាស់លាស់នៃសង្គ្រាមអ៊ុយក្រែន


ក្រុមហ៊ុនយក្ស Apple ដែលគេស្គាល់ថា ជាក្រុមហ៊ុនដែលមានតម្លៃក្រុមហ៊ុនថ្លៃបំផុតក្នុងពិភពលោកនោះ គ្រោងនឹងកាត់បន្ថយការផលិតផលិតផលរបស់ខ្លួនមួយចំនួន នៅចំពេលដែល ស្ថានការសង្គ្រាមនៅអ៊ុយក្រែនបន្ដអូសបន្លាយបង្កជាភាពមិនច្បាស់លាស់ចំពោះសេដ្ឋកិច្ចពិភពលោក។
Apple នឹងកាត់បន្ថយការផលិតរបស់ខ្លួន
ដោយ

បើ​តាម​ប្រភព​ព័ត៌មាន​ពី Nikkei បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple នឹង​កាត់​បន្ថយ​ការ​ផលិត​ទូរស័ព្ទ​ប្រភេទ iPhone SE មក​នៅ​ត្រឹមតែ ២០% នៃ​ផែនការ​ដែល​បាន​គ្រោងទុក សម្រាប់​ត្រីមាស​ខាង​មុខ​នេះ ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​សញ្ញា​ដំបូង​មួយ នៃ​ការ​ប៉ះពាល់​ពី​សង្គ្រាម​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន​ទៅ​លើ​ក្រុមហ៊ុន​នេះ ខណៈ​អតិផរណា​កំពុង​កើនឡើង​បាន​ចាប់ផ្តើម​ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​តម្រូវការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​។

ប្រមាណ​៣​ស​ប្ដា​ហ៍​មុន​នេះ Apple ទើបតែ​បាន​ដាក់​លក់​ទូរស័ព្ទ​ប្រភេទ iPhone SEs ដែល​មាន​សមត្ថភាព​អាច​ដំឡើង​ប្រព័ន្ធ 5G ដំបូង​បង្អស់​របស់​ខ្លួន ប៉ុន្ដែ​ឥឡូវនេះ ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ បាន​ប្រកាសប្រាប់​អ្នក​ផ្គត់ផ្គង់​ជា​ច្រើន​ថា ខ្លួន​មាន​គោលបំណង​កាត់​បន្ថយ​ការ​ផលិត​ទូរស័ព្ទ​នេះ​ពី ២​លាន ទៅ ៣ លាន​គ្រឿង​សម្រាប់​ត្រីមាស​ខាង​មុខ​នេះ ដោយ​លើក​ឡើង​ពី​តម្រូវការ​អ្នក​ប្រើប្រាស់​មានការ​ថយ​ចុះ​ជាង​ការ​រំពឹង​ទុក នៅ​ចំ​ពេល​ដែល​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ និង​អតិ​ផរ​ណ កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ពិភពលោក ក្រោយ​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ក្រុមហ៊ុន​ផលិត​ឧបករណ៍​ឆ្លាត​វៃ​មួយ​នេះ ក៏​បាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​សម្រាប់​កាស​ស្តាប់​ត្រចៀក AirPods របស់​ខ្លួន​ជាង ១០ លាន​គ្រឿង​សម្រាប់​ឆ្នាំ ២០២២ ខណៈ​ដែល​ក្រុមហ៊ុន​បាន​ព្យាករ​ពី​តម្រូវការ​មិនសូវ​ច្រើន ហើយ​ចង់​កាត់​បន្ថយ​ស្តុក ឧបករណ៍​នេះ​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន Apple បាន​នាំ​ចេញ AirPods ប្រហែល​ជិត ៧៧ លាន​គ្រឿងក្នុង​ឆ្នាំ ២០២១ នេះ​បើ​តាម ទិន្នន័យ​ស្រាវជ្រាវ​ដោយ​ស្ថាប័ន Counterpoint ក៏​ប៉ុន្តែ​អ្នកជំនាញ បាន​និយាយ​ថា​ការ​នាំ​ចេញ​សរុប​សម្រាប់​ឆ្នាំ ២០២២ ទំនងជា​នឹង​មានការ​ធ្លាក់​ចុះ​។ ក្នុង​នោះ​ផង​ដែរ ក្រុមហ៊ុន Apple ក៏​បាន​ស្នើ​ឱ្យ​អ្នក​ផ្គត់ផ្គង់​ផលិត ទូរស័ព្ទ iPhone 13 ត្រឹមតែ ២ លាន​គ្រឿង​ប៉ុណ្ណោះ តិច​ជាង​ការ​គ្រោងទុក​ពី​មុន ប៉ុន្តែ​បាន​និយាយ​ថា ការ​កែតម្រូវ​នេះ គឺ​ផ្អែក​លើ​តម្រូវការ​តាម​រដូវ​កាល​។

សកម្មភាព​កាត់​បន្ថយ​ការ​ផលិត​របស់ Apple នេះ គឺ​បាន​បញ្ជាក់​អំពី​សម្ពាធ​កើនឡើង​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​បន្ទាប់​ពី​ការ​ចាប់ផ្តើម នៃ​សង្គ្រាម​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន ដែល​បាន​រួម​ប​ញ្ជូ​ល​ការ​ខ្វះខាត​បន្ទះ​ឈី​ប​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ជា​ច្រើន​រាប់​តាំងពី​ការ​ផលិត​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ និង រថយន្ត​។

រដ្ឋាភិបាល សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់ បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​នឹង​រុ​ស្សី ជុំវិញ​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន ហើយ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ត្រូវ​បាន​អង្រួន​ដោយ​ភាព​ចលាចល​នៅ​ក្នុង​ទីផ្សារ​ប្រេង ថាមពល និង​វត្ថុធាតុដើម​។ 

ហានិភ័យ​អតិផរណា​ដែល​កំពុង​កើនឡើង​នេះ បាន​បន្ថែម​ទៅ​លើ​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​រស់នៅ​របស់​ប្រជាជន និង​បង្កើត​ក្តី​បារម្ភ​ជុំវិញ​តម្រូវការ​ផលិតផល​អេ​ឡិច​ត្រូ​និក​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រុមហ៊ុន Apple បាន​បញ្ឈប់​ការ​លក់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ភ្លាម​ៗ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ដែល​មិន​នឹក​ស្មាន​ដល់ ខណៈ​ការ​លក់​ទូរស័ព្ទ iPhone នៅ​រុ​ស្ស៊ី​មាន​ប្រហែល ៥ លាន​គ្រឿង កាលពី​ឆ្នាំ​មុន​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំមួយបង្ហាញពីគោលបំណងវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ព័ត៌មាន
ប្រទេសចិនមិនត្រឹមតែជាទីផ្សារកសិផលដ៏សំខាន់មួយរបស់កម្ពុជានោះទេ ប៉ុន្ដែ ថ្មីៗនេះ វិនិយោគិនចិនកាន់តែច្រើនក៏ចាប់ផ្ដើមមើលឃើញ និងសម្លឹងរកឱកា…

ការចំណាយលើការផ្សព្វផ្សាយតាមឌីជីថលនៅថៃរំពឹងកើនដល់ជាង ៨០០លានដុល្លារក្នុងឆ្នាំ២០២២

ព័ត៌មាន
ការចំណាយលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដល់ ជាង ៨០០លានដុល្លារ កើនឡើង៩%នៅឆ្នាំ ២០២២ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ