ករណីឆ្លងកូវីដ-១៩នៅកម្ពុជា

កម្ពុជា​មាន​អ្នក​ឆ្លងកូវីដ-១៩ កើនដល់ «ជាង១ពាន់នាក់ហើយ! ក្នុងនោះ​មានស្ទើរតែ​ពាក់កណ្ដាល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ»


ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែមចំនួន២៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១.០១១នាក់ ដោយក្នុងនោះ មាន៥០១នាក់ ឬស្ទើរតែពាក់កណ្ដាលទៅហើយ គឺជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សគមន៍២០កុម្ភៈ។
រថយន្ដសង្គ្រោះបន្ទាន់​ចេញដឹកអ្នកជំងឺនៅរាជធានីភ្នំពេញ

ទោះយ៉ាងណា តាមតួលេខ​ពីក្រសួង​សុខាភិបាល ក៏មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន​៥១៧នាក់ផងដែរ ហើយ​កម្ពុជា​ពុំទាន់​រកឃើញ​ករណីស្លាប់​បាត់បង់ជីវិត​ដែល​បណ្ដាលមក​ពី​ជំងឺ​កូវីដ-១៩ នោះទេ។

នៅក្នុងព្រឹត្តិការណ៍​ឆ្លង​ចូល​សហគមន៍​២០កុម្ភៈនេះដែរ គេសង្កេតឃើញថា​ខេត្ត​ព្រះសីហនុ គឺជា​តំបន់​ក្ដៅមួយ ដែលមាន​ការឆ្លង​ច្រើនជាងគេ​បន្ទាប់ពី​រាជធានីភ្នំពេញ​ ហើយកាលពីថ្ងៃ​ទី ០៤ ខែមីនា រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ឲ្យបិទ​ជាបណ្ដោះអាសន្ន​រាល់ចរាចរណ៍​ចេញចូល​ខេត្ត​មាត់សមុទ្រ​មួយនេះ លើកលែង​តែការ​ដឹកជញ្ជូន​ទំនិញ​តែប៉ុណ្ណោះ។

ពាក់​ព័ន្ធ​នឹងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈនេះដែរ ទាំងមន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល និងមន្ត្រី​អង្គការសុខភាព​ពិភពលោក​បាន​មើលឃើញថា ជាការឆ្លង​ចូល​សហគមន៍​ធ្ងន់ធ្ងរ​បំផុត​របស់​កម្ពុជា​មិនធ្លាប់​មានឡើយ តាំងពីរក​ឃើញ​ករណីឆ្លង​កូវីដ-១៩​ជាលើកដំបូង​នៅកម្ពុជាមក។ មន្ត្រី​អង្គការសុខភាព​ពិភពលោក​ក៏បាន​បង្ហាញពី​ក្ដីព្រួយបារម្ភខ្លាំង​ចំពោះ​ស្ថានការ​វិវត្តន៍ចុងក្រោយ​នៃការ​រាតត្បាត​កូវីដ-១៩ នៅកម្ពុជា​ និងអំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវគោរព​តាមការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បីចូលរួម​ទប់ស្កាត់​រលកឆ្លង​ចូល​សហគមន៍​លើកទី៣នេះ។ 

ក្រោយពេល​ដែល​មាន​ករណីឆ្លង​ជាបន្ដបន្ទាប់​ត្រូវបានឃើញ​នៅរយៈពេល​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេចបិទ​ជាបណ្ដោះអាសន្ន​នូវទីតាំងមួយចំនួន​ដែលមាន​ជាប់ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈផងដែរ រួមទាំងនៅ​រាជធានី​ភ្នំពេញ និងខេត្ត​ព្រះសីហនុ។

បើទោះបីជា​កម្ពុជា​បាននិងកំពុង​មានការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ជូនពលរដ្ឋ​ជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែ​បើតាម​មន្ត្រីជំនាញ​វត្តមាន​វ៉ាក់សាំង​តែមួយមុខ​មិនអាច​ជួយទប់ស្កាត់​កូវីដ-១៩ បានភ្លាមៗ​នោះទេ វាត្រូវការ​ការចូលរួម​សហការ​ពីប្រជាពលរដ្ឋ​ទាំងអស់គ្នា​ តាមរយៈ​ការគោរព​វិធានការ​របស់​ក្រសួង​សុខាភិបាល។ វិធានការ​ទាំងនោះ​រួមមាន ​គឺ​ត្រូវ​ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែង​មាន​មនុស្ស​ច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់​ចេញចូល និងប្រើម៉ាស៊ីន​ត្រជាក់​ច្រើនពេក និងកុំ​ប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការបិទខេត្តព្រះសីហនុបណ្ដោះអាសន្ន ជះឥទ្ធិពលកម្រិតណាដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តនេះ?

ព័ត៌មាន
ក្រោយពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលឲ្យផ្អាកការធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុ ដោយបារម្ភពីការរាតត្បាតកូវីដ-១៩រួចមក គិតមកទល់ពេលនេះ គឺម…

ចិនបន្ថែមលុយលើការផលិតបន្ទះឈីបកាន់តែច្រើន ក្រោយអាមេរិកប្រកាសលែងចង់ពឹងពាក់ខ្លួន

ព័ត៌មាន
ប្រទេសចិនបានសន្យាថា ខ្លួននឹងបង្កើនការចំណាយ និងជំរុញការស្រាវជ្រាវក្នុងផលិតកម្មបន្ទះឈីបទំនើប និងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅ៥ ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ