អតិផរណានៅប្រទេសថៃ

ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងតម្លៃម្ហូបអាហារ


ទោះបីជាប្រទេសថៃពេលនេះកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអាហារដូចជា បន្លែ សាច់ជ្រូក ស៊ុត ប្រេងឆា អង្ករ និងគ្រឿងទេសផ្សេងទៀតក៏ដោយចុះ តែក្រសួងពាណិជ្ជកម្មថៃកំពុងរក្សាការព្យាករណ៍អត្រាអតិផរណារបស់ថៃនៅឆ្នាំ២០២២ នឹងមានក្នុងចន្លោះពី ០,៧ ទៅ២,៤% គិតជាមធ្យមគឺប្រមាណ ១,៥ភាគរយ។
ផ្សារលក់ម្ហូរអាហារមួយកន្លែងក្នុងប្រទេសថៃ
ដោយ

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថៃ​អះអាង​ថា ការ​ព្យាករ​ពី​កម្រិត​អតិផរណា​នេះ គឺ​ស្រប​ទៅ​តាម​កម្រិត​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ក្នុងស្រុក នៅ​គ្រា​ដែល​សេដ្ឋកិច្ច​ថៃ បាន​ចាប់ផ្ដើម​ស្ទុះ​ងើបឡើង​ពី​វិបត្តិ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

អគ្គនាយក​នៃ​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម លោក រ៉ុ​ន​ណា​រ៉ុ​ង ភូ​ល​ផី​ផាត់ (Ronnarong Phoolpipat) បាន​និយាយ​ថា អត្រា​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​នៅ​ឆ្នាំ ២០២២ គឺ​ស្រប​តាម​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​មានការ​កើនឡើង បន្ទាប់​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ខណៈ​ទាំង​តម្រូវការ​ក្នុងស្រុក និង​អន្តរជាតិ នឹង​ត្រូវ​ទទួល​បានការ​គាំទ្រ​ពី​វិស័យ​ទេសចរណ៍ ការ​នាំ​ចេញ និង​ផលិតកម្ម​។

ដូច្នេះ​ហើយ​មាន​កត្តា​ជា​ច្រើន​ដែល​នឹង​រួមចំណែក​ធ្វើ​ឱ្យ​អត្រា​អតិផរណា ឬ​ទំនិញ​ឡើងថ្លៃ​ខ្ពស់​ក្នុង​ប្រទេស​ថៃ​។ តម្រូវការ​កើន​ខ្ពស់​នៅ​ក្នុង​វិស័យ​ថាមពល គឺជា​កត្តា​មួយ​ធ្វើ​កើនឡើង​អតិផរណា​ដែរ ខណៈ​ដែល​រាជរដ្ឋាភិបាល​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​បន្ថែម ដើម្បី​ជួយ​បង្កើន​អំណាច​ទិញ​សម្រាប់​អាជីវកម្ម និង​បុគ្គល​ជា​អ្នក​ប្រើប្រាស់​។ កត្តា​មួយទៀត​នោះ គឺ​ទាក់ទង​នឹង​ផ្នែក​ផ្គត់ផ្គង់ ព្រោះថា​ការ​កើនឡើង​នៃ​ថ្លៃដើម​ផលិតកម្ម និង​ការ​ដឹក​ជញ្ជូន រួម​ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​បាត​របស់​ថៃ ព្រមទាំង​កង្វះ​កម្លាំង​ពលកម្ម បាន​និង​កំពុង​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម និង​តម្លៃ​ទំនិញ​ក្នុង​ប្រទេស​នេះ​។

តម្លៃ​ម្ហូបអាហារ និង​សាច់​បន្លែ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ប្រទេស​ថៃ ជា​ពិសេស​តម្លៃ​សាច់​ជ្រូក​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង ដោយសារ​តម្លៃ​ផលិតកម្ម​សត្វ​មានការ​កើតឡើង​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក ធ្វើ​ឱ្យ​កសិករ​ជា​ច្រើន​នាំ​គ្នា​ឈប់​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​។

យ៉ាងណា​ក៏​ដោយ​ចុះ តាម​ការ​ព្យាករណ៍​អំពី​អត្រា​អតិផរណា​នេះ ក្រសួងពាណិជ្ជកម្ម​ផ្អែក​លើ​ការ​រំពឹង​ទុក​នៃ​កំណើនសេដ្ឋកិច្ច​ចន្លោះ​ពី ៣,៥​ភាគរយ ទៅ ៤,៥​ភាគរយ​នៅ​ឆ្នាំ​នេះ​។

ត្បិត​ថា មានការ​ព្រួយបារម្ភ​អំពី​អត្រា​អតិផរណា​ខ្ពស់​អាច​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នៅ​ឆ្នាំ ២០២២ ក៏​ដោយ តែ​ប្រធាន​ក្រុមហ៊ុន​យក្ស​ថៃ CP លោក Suphachai នៅ​តែ​មាន​សុទិដ្ឋិនិយម និង​ជឿជាក់​ថា ឆ្នាំ ២០២២ សម្រាប់​ប្រទេស​ថៃ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​លូតលាស់​នៃ​វិស័យ​ជា​ច្រើន​។

បើ​តាម​លោក Suphachai ការ​ព្រួយបារម្ភ​អំពី​អតិផរណា​កើនឡើង​នៅ​ក្នុង​ប្រទេស​ថៃ វា​ក៏​មាន​ជាប់​ទាក់ទង​នឹង​កត្តារួម​ផ្សំ​ខាងក្រៅ​ផ្សេង​ទៀត​ដែរ ដូច​ជា​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​អា​មេ​រិ​ក​-​ចិន វិបត្តិ​ស្បៀងអាហារ និង​ថាមពល​សក​លោក ការ​ប៉ោង​ឡើង​នៃ​សក្ដានុពល​រូបិយ​បណ្ណ​ឌី​ជី​ថ​ល (Cryptocurrency) និង​ការ​បន្ដ​ចាក់​បញ្ចូល​នូវ​មូលធន​ដ៏​សម្បើម​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច នៅ​អំឡុង​កូ​វី​ដ​១៩​រាតត្បាត​ជាដើម​។

បើ​តាម​អ្នកជំនាញ ប្រទេស​ថៃ​ត្រូវ​តែ​កំណត់​ទីតាំង​ខ្លួនឯង​ជា​យុទ្ធសាស្ត្រ ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​មួយ ដោយ​បង្ហាញ​ពី​សមិទ្ធិ​ផល​របស់​ខ្លួន​ក្នុង​វិស័យ​ផលិតកម្ម​ម្ហូបអាហារ វិស័យ​វេជ្ជសាស្ត្រ ភស្តុ​ភារ​កម្ម ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​វិស័យ​បច្ចេកវិទ្យា​ជាដើម​៕


អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងអាល្លឺម៉ង់ ចេញគាំទ្រប្រទេសលីទុយអានីក្នុងជម្លោះជាមួយចិន ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់

ព័ត៌មាន
សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ បានឈរជាខ្នងបង្អែករបស់ប្រទេសលីទុយអានី ក្នុងជម្លោះរវាងប្រទេសនេះ ជាមួយនឹងប្រទេសចិន ទាក់ទងន…

ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ ប្រឆាំងការកើនឡើងនៃកម្លាំងយោធាចិន

ព័ត៌មាន
ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឆាំងការកើនឡើងនៃកម្លាំងយោធាចិន។ និងរឿងសំខាន់មួយទៀតពាក់ព័ន្ធនឹងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ