សេដ្ឋកិច្ចសកល

ស្ថាប័នធនាគារកណ្តាលពិភពលោកនិយាយថា សេដ្ឋកិច្ចស្ថិតនៅដំណាក់កាលសំខាន់ក្នុងការប្រយុទ្ធនឹងអតិផរណា


ស្ថាប័នធនាគារកណ្តាលពិភពលោក ពោលគឺធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlements/BIS) បានអំពាវនាវកាលពីថ្ងៃអាទិត្យ ឱ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងស្ថិតនៅកម្រិតខ្ពស់នៅឡើយ។ របាយការណ៍របស់ធនាគារ BIS បាននិយាយថា បើអតិផរណានៅតែខ្ពស់កាន់តែយូរ នោះការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុគឺរឹតតែចាំបាច់កាន់តែខ្លាំង។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ស្ថាប័នធនាគារកណ្តាលពិភពលោកនិយាយថា សេដ្ឋកិច្ចស្ថិតនៅដំណាក់កាលសំខាន់ក្នុងការប្រយុទ្ធនឹងអតិផរណា (រូបភាព៖ ស៊ិនហួ)
ដោយ

អង្គការធនាគារកណ្តាលពិភពលោក បានចេញមកអំពាវនាវដោយកម្រដើម្បី ឱ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត។ អង្គការធនាគារកណ្តាលពិភពលោកនេះបានព្រមានថា សេដ្ឋកិច្ចពិភពលោកឥឡូវនេះបានឈានដល់ចំណុចដ៏សំខាន់មួយ ខណៈដែលប្រទេសនានាកំពុងតស៊ូកក្រាញននៀលដើម្បីទប់ទល់នឹងអតិផរណា។

ទោះបីជាមានការកើនឡើងជាបន្តបន្ទាប់នៃអត្រាការប្រាក់ក្នុងរយៈពេល ១៨ ខែចុងក្រោយក៏ដោយ ក៏កំណើនតម្លៃទំនិញនៅតាមប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុតជាច្រើន នៅតែស្ថិតក្នុងកម្រិតខ្ពស់។ ស្ថានភាពនេះកើតឡើងព្រមគ្នានឹងពេលដែលការកើនឡើងនៃបន្ទុកចំណាយលើប្រាក់កម្ចី បានបង្កឱ្យមានការដួលរលំធនាគារមួយចំនួនដ៏ធ្ងន់ធ្ងរបំផុត បើគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពី ១៥ ឆ្នាំមុន។

លោក អេហ្គុស្ទីន ខាស្តិន (Agustin Carstens) អ្នកគ្រប់គ្រងទូទៅរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការធនាគារកណ្តាលពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញថា៖ "សេដ្ឋកិច្ចពិភពលោកគឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ។ បណ្ដាបញ្ហាប្រឈមដ៏តឹងតែងត្រូវតែមានដំណោះស្រាយឲ្យបានឆាប់"។

អ្នកគ្រប់គ្រងទូទៅរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក បានបន្តថា៖ "ពេលវេលាដើម្បីបន្តកំណើនរយៈពេលខ្លីដោយឈ្លាសវៃបានកន្លងផុតទៅហើយ។ ឥឡូវនេះ គោលនយោបាយរូបិយវត្ថុត្រូវតែដាក់ចេញដើម្បីស្តារស្ថិរភាពតម្លៃទំនិញឡើងវិញ។ គោលនយោបាយសារពើពន្ធត្រូវតែមានការពង្រឹងឲ្យបានរឹងមាំល្អ"។

វាជាលើកទីមួយហើយនៅពេលបច្ចុប្បន្ននេះ ដែលស្ទើរតែនៅទូទាំងពិភពលោក កំណើនអតិផរណាបានកើតឡើងស្របគ្នានឹងភាពងាយរងគ្រោះដ៏ធំធេងផ្នែកហិរញ្ញវត្ថុ។ របាយការណ៍របស់ស្ថាប័នធនាគារកណ្តាលពិភពលោក បាននិយាយថា បើអតិផរណានៅតែខ្ពស់កាន់តែយូរ នោះការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុគឺរឹតតែចាំបាច់កាន់តែខ្លាំង។ ធនាគារនេះបានព្រមានថា ឥឡូវនេះ លទ្ធភាពកើតមានបញ្ហាបន្ថែមទៀតនៅក្នុងវិស័យធនាគារគឺមានលក្ខណៈ"ជាក់ស្ដែង"។

លោក ក្លូឌីយ៉ូ បូរីយ៉ូ (Claudio Borio) ប្រធានអង្គភាពរូបិយវត្ថុនិងសេដ្ឋកិច្ចរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក បាននិយាយថា ប្រសិនបើអត្រាការប្រាក់ឡើងដល់កម្រិតពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០, បន្ទុកសេវាបំណុលសរុបសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុត នឹងមានកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ប្រធានអង្គភាពរូបិយវត្ថុនិងសេដ្ឋកិច្ចរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក គិតថា ធនាគារកណ្តាលនីមួយៗនឹងអាចគ្រប់គ្រងអតិផរណាបាន។ នោះគឺជាការងាររបស់ពួកគេ ដើម្បីស្តារស្ថិរភាពតម្លៃទំនិញ"។ លោកបញ្ជាក់ថា៖ "បញ្ហាគឺនៅត្រង់ថាតើតម្លៃចំណាយនឹងមានទំហំប៉ុណ្ណា?"

ស្ថាប័នធនាគារកណ្តាលពិភពលោកធនាគារ ឬធនាគារសម្រាប់ការទូទាត់អន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅទីនោះ ប្រធានធនាគារកណ្តាលធំៗបានពិភាក្សាគ្នាអំពីភាពចលាចលកាលពីប៉ុន្មានខែមុននេះ។ ក្នុងខែមីនា និងខែមេសាកន្លងទៅ គេបានឃើញពីភាពបរាជ័យរបស់ធនាគារក្នុងតំបន់មួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនោះមានទាំងធនាគារ Silicon Valley ហើយបន្ទាប់មក មានការសង្គ្រោះបន្ទាន់ធនាគារ ក្រេឌីត ស្វីស (Credit Suisse) ដែលនៅកៀកច្រមុះរបស់ស្ថាប័នធនាគារកណ្តាលពិភពលោកផ្ទាល់តែម្ដង។

របាយការណ៍របស់ ស្ថាប័នធនាគារកណ្តាលពិភពលោកបានឱ្យដឹងថា ជាប្រវត្តិសាស្ត្រ ការដំឡើងអត្រាការប្រាក់ដល់ប្រហែល ១៥% បង្កឱ្យមានភាពតានតឹងខ្លាំងនៅក្នុងប្រព័ន្ធធនាគារ។ ប៉ុន្តែការដំឡើងកើតឡើងកាន់តែញឹកញាប់គួរឱ្យកត់សម្គាល់ នៅពេលដែលអត្រាការប្រាក់នៅតែកើនឡើង អតិផរណានៅតែកើនឡើង ឬតម្លៃផ្ទះនៅតែកើនឡើងយ៉ាងគំហុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅប្រទេសវៀតណាមកំពុងតែបម្រើសេវាលើសចំណុះ

ព័ត៌មាន
ប្រទេសវៀតណាមនៅពេលនេះកំពុងតែធ្វើប្រតិបត្តិការអាកាសយានដ្ឋានសរុបចំនួន ២២ កន្លែង ដោយនៅក្នុងនោះ ២១ កន្លែង គឺកំពុងតែគ្រប់គ្រប់ដោយក្រុមហ៊ុនសាជ…

ក្រុមហ៊ុនជប៉ុន Mitsubishi នឹងទិញយកក្រុមហ៊ុនផ្ដល់ឥណទានរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មាន
សារព័ត៌មានជប៉ុននីកេអេស៊ាបានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (Mitsubishi) របស់ប្រទេសជប៉ុន នឹងទិញយកក្រុមហ៊ុនផ្តល់ប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ