ចិន-អាម៉េរិក

ក្រុមហ៊ុនផលិតអាវុធអាម៉េរិកចំនួន៥ ត្រូវបានចិនប្រកាសដាក់ទណ្ឌកម្ម ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់


អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ថា ប្រទេសចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធយោធាអាម៉េរិកចំនួន៥ ដើម្បីឆ្លើយតបទៅនឹងការលក់អាវុធជុំចុងក្រោយបំផុតរបស់សហរដ្ឋអាម៉េរិកទៅឱ្យកោះតៃវ៉ាន់។
ចិន-អាម៉េរិក
ដោយ

ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ គឺជាប្រភពដែលបង្កភាពតានតឹងជាញឹកញាប់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង ដោយសារមហាយក្សចិន បានចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួនរហូតមក ប៉ុន្តែការអះអាងនេះក៏ត្រូវបានកោះតៃវ៉ាន់ច្រានចោលរហូតមកដែរ។ ការដាក់ទណ្ឌកម្មនេះ គឺកើតមានឡើងនៅមុនការបោះឆ្នោតប្រធានាធិបតី និងជ្រើសតាំងតំណាងរាស្ត្រនៅកោះតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករា ដ៏ខ្លីខាងមុខ ដែលមហាយក្សចិន បានបង្ខំឱ្យកោះតៃវ៉ាន់ ជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីខែមុន បានអនុម័តលក់ឧបករណ៍ក្នុងទំហំ៣០០លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់ប្រព័ន្ធព័ត៌មានជាយុទ្ធសាស្ត្ររបស់កោះតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា ការលក់សព្វាវុធនាកាលពីពេលថ្មីៗនេះទៅឱ្យកោះតៃវ៉ាន់ បានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរផងដែរ​។

ក្រុមហ៊ុនអាម៉េរិក ដែលនឹងរងទណ្ឌកម្មពីចិន រួមមានក្រុមហ៊ុន ប៊ីអេអ៊ី ស៊ីសស្ទឹម លែន អែន អាម៉ាមឹន (BAE Systems Land and Armaments) ក្រុមហ៊ុន អឺឡាយអិន ថិកស៊ីសស្ទឹម អុបភើរេសិន (Alliant Techsystems Operations) ក្រុមហ៊ុន អ៊ែរ៉ូវ៉ាយរ៉ុនមឹន (AeroVironment) ក្រុមហ៊ុនវ៉ាយអឺសាត (Viasat) និងក្រុមហ៊ុនដាតា លីង សូលូសិន (Data Link Solutions)។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ប្រទេសចិន នឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះ និងហាមប្រាមបុគ្គល ឬអង្គភាពនានានៅក្នុងប្រទេសចិនមិនឱ្យពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងនេះឡើយ។

ទោះជាយ៉ាងណា ស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗទេចំពោះសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានចំណូលជាង១,៧០០លានដុល្លារពីការនាំចេញអង្ករ-ស្រូវនៅឆ្នាំ២០២៣

ព័ត៌មាន
កម្ពុជាទទួលបានចំណូលជាង១ពាន់៧រយលានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅពេញមួយឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាស់បើធៀបនឹងឆ្នាំ២០២២។ បើត…

វៀតណាមគ្រោងចាក់បញ្ចូលទឹកប្រាក់៨២ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចនៅឆ្នាំ២០២៤

ព័ត៌មាន
នៅក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចពី៦% ទៅ៦,៥% នៅឆ្នាំ២០២៤នេះ ធនាគាររដ្ឋរបស់ប្រទេសកុម្មុយនីស្តវៀតណាម ដែលប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី គ្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ