ចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជា

កម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃតិចជាងគេ និងការចាក់វ៉ាក់សាំងច្រើនជាងគេ ធៀបនឹងប្រទេសក្នុងតំបន់


កម្ពុជាជាប្រទេសដែលបានឆ្លើយតបល្អជាងគេក្នុងវិបត្តិកូវីដ១៩ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ានដទៃទៀត នេះបើគិតត្រឹមចុងខែតុលាឆ្នាំ២០២១។ ឆ្លើយតបបានល្អគឺនៅត្រង់ថា កម្ពុជាមានអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានច្រើនជាងគេ ព្រមទាំងអាចទប់ស្កាត់ការឆ្លងរាលដាលប្រចាំថ្ងៃ មកនៅត្រឹមអត្រាតិចជាងគេមួយផងដែរ។ ជាក់ស្ដែង បើតាមរបាយការណ៍បច្ចុប្បន្នភាពកូវីដ១៩ នៅក្នុងប្រទេសតំបន់អាស៊ានទាំង១០ ឃើញថា នៅមួយរយៈចុងក្រោយនេះ កម្ពុជាមានអ្នកឆ្លងថ្មីចន្លោះពីជាង ១០០ករណីប៉ុណ្ណោះ។
របាយការណ៍បច្ចុប្បន្នភាពកូវីដ១៩ នៅក្នុងប្រទេសតំបន់អាស៊ានទាំង១០

រយៈពេលជិត១ខែចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ មានការថមថយចុះគួរឲ្យកត់សម្គាល់ ខណៈប្រទេសប្រ៊ុយណេដែលធ្លាប់តែមានអត្រាឆ្លងតិចជាងគេបំផុតនៅអាស៊ាន ពេលនេះបានរំកិលធ្លាក់មកនៅក្រោមកម្ពុជាវិញម្តង ក្រោយកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយ បន្តរកឃើញករណីឆ្លងថ្មីតែជាង១០០ករណីប៉ុណ្ណោះ រីឯប្រ៊ុយណេវិញមានការកើនឡើងបន្តិច ដោយបានបន្តរកឃើញករណីឆ្លងថ្មីដល់ទៅជិត ៣០០ករណីនឯណោះ។

បើសង្កេតមើលប្រទេសដទៃទៀតក្នុងតំបន់អាស៊ានវិញ ឃើញថាប្រទេសថៃនៅតែជាប្រទេសដែលមានអ្នកឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេដដែល បើទោះបីជាអត្រាឆ្លងបានធ្លាក់ចុះពីជាង១ម៉ឺននាក់ មកនៅត្រឹមជាង ៨ពាន់នាក់ក្នុងមួយថ្ងៃក៏ដោយ។ បន្ទាប់ពីប្រទសថៃ មានប្រទេស៣ផ្សេងទៀត ដែលមានអត្រាឆ្លងក្នុងរង្វង់ជាង៤ពាន់នាក់ក្នុងមួយថ្ងៃ នោះគឺប្រទេសវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។

យ៉ាងណាមិញ បើគេនិយាយពីចំនួនអ្នកឆ្លងកូវីដ១៩សរុប ឥណ្ឌូនេស៊ី នៅតែបន្តឈរកំពូលតារាងមានអ្នកឆ្លងសរុបច្រើនជាងគេក្នុងតំបន់អាស៊ាន ពោលគឺមានជាង៤លាននាក់ ខណៈប្រ៊ុយណេមានអ្នកឆ្លងសរុបតិចជាងគេ ត្រឹមតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។

ដោយឡែក បើក្រឡេកមើលអត្រាចាក់វ៉ាក់សាំងវិញ កម្ពុជាគឺជាប្រទេស ដែលមានពលរដ្ឋបានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ច្រើនជាងគេបង្អស់បើធៀបនឹងប្រទេសដទៃក្នុងតំបន់អាស៊ាន។ 

ជាក់ស្ដែង គិតត្រឹមថ្ងៃទី២៥ ខែតុលា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមានដល់ទៅ៩៩,៨១%  ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ខណៈអត្រាចាក់វ៉ាក់សាំងដល់កុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមានជាង៩០%។ នេះបើតាមទិន្នន័យផ្លូវការពីក្រសួងសុខាភិបាល។

បន្ទាប់ពីកម្ពុជា ក៏មានដែរ ប្រទេសអាស៊ានផ្សេងទៀតដែលមានអត្រាចាក់វ៉ាក់សាំងច្រើន ដូចជាប្រទេសសិង្ហបុរីចាក់បាន ៨១% ប្រ៊ុយណេចាក់បាន៧៩% ម៉ាឡេស៊ី ចាក់បាន ៧៧% ខណៈប្រទេសក្បែរខាងកម្ពុជា ថៃ និងវៀតណាម ចាក់បានជាង ៥០%ប៉ុណ្ណោះ។ នេះបើតាមតួលេខពីស្ថាប័ន Our World In Data។

គួរជម្រាបថា គិតត្រឹមថ្ងៃ២៥តុលា ករណីឆ្លងសរុបក្នុងប្រទេសទាំង១០នៅអាស៊ាន បានកើនឡើងដល់ជាង១៣លាននាក់ហើយ ខណៈចំនួនអ្នកស្លាប់សរុបមានជាង២៧ម៉ឺន៥ពាន់នាក់។ ក្នុងនោះដែរ បើមើលទៅលើប្រទេសកម្ពុជាវិញ គឺមានអ្នកឆ្លងកូវីដ១៩សរុបជាង ១១ម៉ឺន៧ពាន់នាក់ អ្នកជាសះស្បើយប្រមាណ ១១ម៉ឺននាក់៣ពាន់នាក់ ខណៈអ្នកស្លាប់មានជាង ២ពាន់៧រយនាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការបើកសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេសឡើងវិញចាប់ពីខែក្រោយនេះ អាចនឹងទទួលបានជោគជ័យដែរ ឬយ៉ាងណា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានសម្រេចបើកសាលារៀនទាំងអស់ទូទាំងប្រទេសឡើងវិញ ចាប់ពីចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។ ពាក់ព័ន្ធផែនការបើកសាលាវ…

ស្កែន KHQR Code ជាមួយអេស៊ីលីដា អាចទូទាត់ឆ្លងប្រទេសថែមទៀតផង!

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេ១នៅកម្ពុជា ថ្មីៗនេះបានសម្រេចដាក់ឲ្យដំណើរការនូវសេវាទូទាត់តាម KHQR Code ដែលជាគំនិតផ្ដួចផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ