ការនាំចេញ​ជ័រកៅស៊ូ

ការនាំចេញជ័រកៅស៊ូសម្រេចបានជាង ២២០លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២១


កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារបរទេសប្រមាណជាង ១៣ម៉ឺនតោន ជាមួយទឹកប្រាក់ប្រមាណជាង ២២០លានដុល្លារអាមេរិក នៅរយៈពេល៦ខែដំបូងឆ្នាំ២០២១នេះ ពោលគឺមានបរិមាណនាំចេញកើនឡើងជាង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃជ័រកៅស៊ូវិញ គិតជាមធ្យមលក់បានប្រមាណជិត ១ពាន់៧រយដុល្លារក្នុង១តោន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះ ក៏មានក្រុមហ៊ុនចិនមួយចំនួនកំពុងចាប់ផ្ដើមវិនិយោគរោងចក្រផលិតសំបកកង់យានយន្ដនៅកម្ពុជាផងដែរ ដែលគេរំពឹងថា នឹងធ្វើឲ្យទីផ្សារកៅស៊ូក្នុងស្រុកកើនឡើង និងជួយធានាបាននូវតម្លៃទីផ្សារប្រសើរជាងមុនផងដែរ។
បុរសម្នាក់កំពុងប្រមូលផងកៅស៊ូ ក្នុងចំការកៅស៊ូមួយកន្លែងនៃខេត្តកំពងចាម
ដោយ

ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃ​អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ប្រាប់ខេមបូណូមីសថា មូលហេតុ​ដែល​​ធ្វើឲ្យ​​ការនាំចេញកៅស៊ូទៅកាន់ទីផ្សារបរទេសមានការកើនឡើង​ជាង​ ៧%​ នៅរយៈពេល ៦ ខែ ឆ្នាំ ២០២១នេះ ដោយសារការចៀរជ័រនៅចម្ការកៅស៊ូ និង ផ្ទៃដីដាំកៅស៊ូ​បានកើនឡើង ដែលបានធ្វើឲ្យ​ទិន្នផលកៅស៊ូ​​បានបន្តកើនឡើងដែរ  ដែលជំរុញឲ្យ​ការនាំចេញ​កៅស៊ូនៅ៦ខែដើមឆ្នាំនេះ​សម្រេចបាន​ជាង១​៣ម៉ឺនតោន​ ដោយមានទឹកប្រាក់ប្រមាណជាង​២២០លាន​ដុល្លារអាមេរិក ។

ឯកឧត្តម ហ៊ឹម អូន បញ្ជាក់បន្ថែមទៀតថា ចំពោះទីផ្សារនាំចេញ​កៅស៊ូ​ កម្ពុជា​​នៅតែពឹងផ្អែក​លើ​ទីផ្សារអាស៊ី មួយចំនួន ដូចជា ចិន ម៉ាឡេស៊ី វៀតណាម សិង្ហបុរីជាដើម។

ថ្មីៗនេះដែរ ក៏មានក្រុមហ៊ុនចិន​​មួយចំនួន​​បាន​និងកំពុង​វិនិយោគ​​លើរោងចក្រ​​ផលិត​​សំបកកង់យានយន្ដ​​នៅកម្ពុជា​ផងដែរ ដែលវាឱកាសល្អមួយទៀត​សម្រាប់​ជ័រកៅស៊ូ​កម្ពុជា ​ដ្បិតថា​រោងចក្រ​ទាំងនោះ នឹងមានការបញ្ជាទិញជ័រកៅស៊ូក្នុងស្រុក​សម្រាប់​ការផលិត​សំបកកង់យានយន្ដរបស់ខ្លួន​។

តួយ៉ាង ក្រុមហ៊ុនចិន Cart Tire នៅដើមឆ្នាំ២០២១នេះ បាន​សម្រេច​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា បង្កើតរោងចក្រ​ផលិតសំបកកង់យានយន្ដ​តម្លៃដល់ទៅ ៣៥០លាន​ដុល្លារ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ បើតាម​ការអះអាង​ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន​ចិនធំមួយនេះ ក៏មានផែនការ​នឹង​បញ្ជាទិញជ័រ​កៅស៊ូក្នុងស្រុក​ ១០០% សម្រាប់​បម្រើដល់​ចង្វាក់ផលិតកម្មរោងចក្រ​របស់ខ្លួនផងដែរ។

ក្រៅពីនេះ ក៏មានក្រុមហ៊ុនចិនធំមួយទៀត ឈ្មោះថា ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី (Jiangsu General Science Technology) ថ្មីៗនេះ ក៏បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគតម្លៃជាង ២០០លានដុល្លារសង់រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តព្រះសីហនុផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ European Rubber Journal។  រោងចក្រនេះ គ្រោងចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំនេះ ហើយ​អាចរួចរាល់​ ឆ្នាំ២០២២។

ទាក់ទងនឹងការ​គម្រោងរោងចក្រ​ផលិតសំបកកង់យានយន្ដនេះដែរ ឯកឧត្តម ហ៊ឹម អូន បាន​គូសបញ្ជាក់ថា កម្ពុជា​ គឺមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់​ជ័រកៅស៊ូ​សម្រាប់​រោងចក្រទាំងនេះ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានឲ្យដឹងថា បច្ចុប្បន្ន​កម្ពុជា​មានផ្ទៃដី ដាំដុះកៅស៊ូ សរុបជាង​៤០ម៉ឺនហិតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័របាន​មាន​ជិត ​៣០ម៉ឺនហិកតា ស្មើនឹង៧២% និង​ផ្ទៃដីថែទាំ​មានជាង​១១ម៉ឺនហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំនួនអ្នកស្លាប់ និងរបួស ប្រមាណ១០០នាក់ ដោយសារការធ្លាក់យន្តហោះកងទ័ពអាកាសហ្វីលីពីន

ព័ត៌មាន
ប្រធានកងទ័ពជើងអាកាសហ្វីលីពីនលោក Cirilito Sobejana បាននិយាយកាលនៅថ្ងៃចន្ទនេះថាអ្នកដំណើរទាំងអស់នៃយន្តហោះកងទ័ពអាកាសហ្វីលីពីន ដែលធ្លាក់កា…

មហាយក្សចិនបាននាំមុខអាមេរិក ក្នុងការពង្រីកឥទ្ធិពលវិនិយោគនៅអាស៊ាន

ព័ត៌មាន
មហាយក្សចិនបានវ៉ាដាច់សហរដ្ឋអាមេរិកក្នុងការវិនិយោគនៅតំបន់អាស៊ានទៅហើយ។ ចិនបាននិងកំពុងនាំមុខគេ ដែលក្លាយជាប្រទេស ដែលមានគម្រោងវិនិយោគធំៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ