ការនាំចូលសាច់ខុសច្បាប់ បង្កបញ្ហាដល់អាជីវកម្មនាំចូលស្របច្បាប់

ការនាំចូលសាច់ខុសច្បាប់ បង្កបញ្ហាដល់អាជីវកម្មស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ


សាច់បង្កកនិងសត្វរស់ ដែលលួចនាំចូលខុសច្បាប់ កំពុងបង្កក្ដីបារម្ភដល់អ្នកធ្វើអាជីវកម្មស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ ស្របពេលនិន្នាការនៃប្រើប្រាស់ប្រចាំថ្ងៃកំពុងមានតម្រូវការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ មន្រ្តីជំនាញបានរឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនកើនឡើង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចូលសាច់ខុសច្បាប់ បង្កបញ្ហាដល់អាជីវកម្មស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស ឧកញ៉ា ច័ន្ទ តារា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Lee’s Food បានកត់សម្គាល់ឃើញថា ការនាំសាច់បង្កកចូលកម្ពុជា កំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន ស្របពេលតម្រូវការមានការកើនឡើង។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ឃើញថា ការនាំចូលប្រភេទសាច់បង្កក និងសត្វរស់ខុសច្បាប់ ចូលមកទីផ្សារកម្ពុជាបានបង្កផលប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក និងក្រុមហ៊ុននាំចូលសត្វរស់ និងសាច់បង្កកស្របច្បាប់ ព្រមទាំងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ ដោយសារតែការនាំចូលខុសច្បាប់មានការចំណាយថ្លៃដើមទាប និងការទុកដាក់ពុំបានត្រឹមត្រូវតាមស្តង់ដាជាហេតុធ្វើឱ្យការប្រគួតប្រជែងនៅលើទីផ្សារពុំស្មើភាពគ្នា។

ពាក់ព័ន្ធនឹងសាច់បង្កកនេះ ត្រូវបានលោកឧកញ៉ា ច័ន្ទ តារា ណែនាំឱ្យអ្នកប្រើប្រាស់ត្រូវចេះពិនិត្យលើកត្តាមួយចំនួនដូចជាការជ្រើសរើសរកក្រុមហ៊ុននាំចូល ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចេះពិនិត្យមើលលើការទុកដាក់សាច់បង្កកស្របតាមលក្ខខណ្ឌបច្ចេកទេស តាមស្តង់ដា ព្រមទាំងការជ្រើសរើសដៃគូផ្គត់ផ្គង់ដែលអាចទុកចិត្តបានជាដើម។

បើតាមអ្នកជំនួញរូបនេះ ក្រៅពីការនាំចូលសាច់ពីក្រៅប្រទេស ក្រុមហ៊ុន Lee’s Food ក៏បានសហការជាមួយកសិករចិញ្ចឹមមាន់ និងជ្រូកគូលែនក្នុងស្រុក ដើម្បីពង្រីកការផ្គត់ផ្គង់ និងចែកចាយនៅលើទីផ្សារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះក៏កំពុងសិក្សាការកែច្នៃ និងផ្គត់ផ្គង់ត្រីប្រាដែលមានតម្រូវខ្លាំងនៅបរទេសផងដែរ។

ពាក់ព័ន្ធការចរាចរសាច់ខុសច្បាប់នៅលើទីផ្សារកម្ពុជា ត្រូវបានអ្នកចិញ្ចឹមសត្វក្នុងស្រុក និងអ្នកឃ្លាំមើល ស្នើដល់មន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការត្រួតពិនិត្យ និងបង្រ្កាប ដើម្បីលើកកម្ពស់ជីវភាពរបស់កសិករក្នុងស្រុក ដ្បិតការនាំចូលខុសច្បាប់កំពុងធ្វើឱ្យអ្នកចិញ្ចឹមសត្វជួបការលំបាក ហើយមួយចំនួនបានផ្អាក និងបោះបង់ការចិញ្ចឹមដោយសារពុំទទួលបានផលចំណេញជាដើម។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)នៅក្នុងរយៈពេល៩ខែ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោន មានការកើនឡើង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សាច់បង្កកខូចគុណភាពចម្រុះទាំងនេះ ត្រូវបានមន្ត្រីជំនាញយកទៅកម្ទេចចោល ព្រមទាំងពិន័យអន្តរការចំពោះបុគ្គល ដែលប្រព្រឹត្តបទល្មើសតាមនីតិវិធីច្បាប់ផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ការវិនិយោគបរទេសផ្ទាល់នៅក្នុងប្រទេសចិនធ្លាក់ចុះជាលើកដំបូងនៅត្រីមាសទី៣ឆ្នាំនេះ

ព័ត៌មាន
រំហូរចេញនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន មានការកើនឡើងជាងរំហូរចូលទៅក្នុងប្រទេសនេះជាលើកដំបូងនៅក្នុងត្រីមាសទី៣ឆ្នាំ ខណៈដែលចិនម…

ហេតុអ្វីអាម៉េរិកជំទាស់ការចង់បានបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា?

ព័ត៌មាន
មេដឹកនាំអារ៉ាប់ កាលពីពេលថ្មីៗបានដាក់សម្ពាធជាសាធារណៈឱ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីនខេន ប្រាប់អ៊ីស្រាអែលឱ្យអនុវត្តបទឈប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ