ទីផ្សារភាគហ៊ុន

មេ CSX វាយតម្លៃថា ទីផ្សារភាគហ៊ុននៅតែរក្សាបានស្ថានភាពល្អប្រសើរ ទោះទំហំជួញដូរមានការធ្លាក់ចុះបន្តិច


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)បានវាយតម្លៃថា ទីផ្សារភាគហ៊ុននៅកម្ពុជានៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនៅរក្សាបានស្ថានភាពល្អប្រសើរ បើទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាសកលមួយចំនួនក្តី។ តែយ៉ាងណាទំហំជួញដូរនៅក្នុងរយៈពេលប្រមាណ៨ខែឆ្នាំ២០២៣ ហាក់មានការធ្លាក់ចុះបន្តិចបើធៀបនឹងទំហំជួញដូរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារភាគហ៊ុននៅតែរក្សាបានស្ថានភាពល្អប្រសើរ ទោះទំហំជួញដូរមានការធ្លាក់ចុះបន្តិច
ដោយ

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំ CSX ការដូញភាគហ៊ុនបច្ចុប្បន្នមានទំហំជាធម្យម៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈកាលពីមុនការជួញដូរបានហក់ឡើងដល់៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែកន្លងមកនេះការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាមានទំហំជាធម្យម៣០ម៉ឺនដុល្លារអាមេរិកមានធ្លាក់ចុះបន្តិចបន្តូចបើធៀបនឹងទំហំជួញដូរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានក្នុងរង្វង់៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះវាយតម្លៃជារួមថា ទីផ្សារភាគហ៊ុននៅកម្ពុជានៅក្នុងរយៈពេលប្រមាណ៣ចុងក្រោយនៅតែរក្សាបានស្ថានភាពល្អប្រសើរ បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលរងនូវការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកក៏ដោយ។ ការថ្លែងបែបនេះធ្វើឡើងពេលឯកឧត្តម ហុង សុហួរ ធ្វើជាអធិតីក្នុងកម្មវិធីបើកវេទិកា“Earnings Forum 2023”។

ទំហំជួញដូរភាគហ៊ុននៅកម្ពុជានៅមានកម្រិតនៅឡើយបើធៀបទៅនឹងប្រទេសក្បែរខាងកម្ពុជាថៃ និងវៀតណាម ក្នុងនោះការជួញដូរភាគហ៊ុននៅថៃជាមធ្យមមានក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក ខណៈនៅវៀតណាមការជួញដូរមានក្នុងរង្វង់ជិត១ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ដែលបានចាត់ទុកទំហំជួញដូរភាគហ៊ុននៅមានកម្រិតនេះ វាបានបង្ហាញឲ្យឃើញថា ទីផ្សារភាគហ៊ុននៅកម្ពុជានៅមានឱកាសផ្តល់ប្រាក់ចំណេញខ្ពស់ដល់វិនិយោគិន និងការរីកចម្រើនបន្ថែមទៀត។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ប្រសិនបើផ្សារមូលបត្រមានការរីកចម្រើនវានឹងរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែខ្លាំង តាមរយៈការចរាចរសាច់ប្រាក់កើតចេញពីការជួញដូរនៅក្នុងចរន្តសេដ្ឋកិច្ច។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ថ្នាក់ដឹកនាំ CSX រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិចំនួនមួយ និងបោះផ្សាយលក់មូលបត្របំណុលពី៣ទៅ៤ក្រុមហ៊ុនបន្ថែមទៀតនៅឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕




អត្ថបទបន្ទាប់


តើឯកឧត្តម វង្សី វិស្សុត ប្រាប់ទូតអូស្ត្រាលីអ្វីខ្លះអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច?

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអះអាងច្បាស់អំពីឆ…

សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុន Huawei វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យក្រុមហ៊ុនផលិតទូរសព្ទដ៏ល្បីល្បាញរបស់ចិន Huawei ពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ