កម្ពុជាបារម្ភជួបបញ្ហាប្រឈមខ្វះថាមពលប្រើប្រាស់នៅ៥ឆ្នាំខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បារម្ភកម្ពុជាជួបបញ្ហាខ្វះថាមពល និងស្នើឲ្យដៃគូអន្តរជាតិជួយបង្កើនប្រភពបន្ថែម


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបារម្ភថា កម្ពុជាអាចនឹងជួបបញ្ហាប្រឈមខ្វះថាមពលសម្រាប់ប្រើប្រាស់នៅក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ ដោយសារតម្រូវការប្រើប្រាស់ចេះតែមានការកើនឡើង គួបផ្សំមានការបារម្ភពីបញ្ហាប្រឈមពាក់ព័ន្ធប្រភពថាមពលជាដើម។ ថាមពលអគ្គិសនីប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្នភាគច្រើនបានមកពីប្រភពវារីអគ្គិសនី និងរោងចក្រដើរដោយធ្យូងថ្មជាដើម ក្នុងនោះប្រភពវារីអគ្គិសនីអាចជួបបញ្ហាខ្វះទឹកនៅរដូវប្រាំង ស្របពេលថាមពលដើរដោយធ្យូងថ្មត្រូវបានប្រទេសធំៗលើពិភពលោកតម្រូវឲ្យកាត់បន្ថយ ឬលុបបំបាត់។
កម្ពុជាបារម្ភជួបបញ្ហាប្រឈមខ្វះថាមពលប្រើប្រាស់នៅ៥ឆ្នាំខាងមុខ រូបភាព ក្រសួងព័ត៍មាន

ទន្ទឹមនឹងនេះ កម្ពុជាស្នើឲ្យដៃគូអភិវឌ្ឍន៍ជួយសាងសង់ប្រភពអគ្គិសនីស្អាតបន្ថែម ដើម្បីធានានិរន្តរភាពសន្តិសុខថាមពលនៅកម្ពុជា។
នាកិច្ចប្រជុំស្តីពី«កិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា»កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហាក់បារម្ភចំពោះបញ្ហាខ្វះថាមពលសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើឲ្យផលិតកម្ម និងឧស្សាហកម្មនៅកម្ពុជានៅក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ។ ការបង្ហាញក្តីបារម្ភបែបនេះ ធ្វើឡើងក្រោយឯកឧត្តមមើលឃើញថា តម្រូវការប្រើប្រាស់ថាមពលនៅកម្ពុជានឹងមានការឡើងខ្ពស់នៅក្នុងរយៈពេលនោះ ក្រោយរំពឹងកំណើនវិនិយោគក្នុងវិស័យឧស្សាហកម្ម និងសំណង់មានការកើនឡើងខ្លាំង ស្របពេលមានការបារម្ភពីស្ថិរភាពនៃប្រភពថាមពល។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ថាមពល ដែលបម្រើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងខ្សែចង្វាក់ផលិតកម្មនៅកម្ពុជាបច្ចុប្បន្នមានប្រភពភាគច្រើនមកពីវារីអគ្គិសនី និងរោងចក្រដើរដោយធ្យូងថ្មជាដើម ដែលប្រភពទាំងពីរនេះអាចស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការប្រឈមនឹងហានិភ័យ។ ក្នុងនោះ ប្រភពថាមពលវារីអគ្គិសនីអាចប្រឈមនឹងការធ្លាក់ចុះសមត្ថភាព នៃការផលិតនៅពេលខ្វះទឹកនៅរដូវប្រាំង ឬជួបបញ្ហាគ្រោះរាំងស្ងួត ស្របពេលថាមពលបានមកពីរោងចក្រដើរដោយធ្យូងថ្មត្រូវបានដៃគូអភិវឌ្ឍន៍ និងប្រទេសបញ្ជាទិញផលិតផលពីកម្ពុជាតម្រូវឲ្យកាត់បន្ថយ ឬលុបបំបាត់ក្នុងពេលណាមួយ។ កត្តានេះបានជំរុញឲ្យឯកឧត្តម វង្សី វិស្សុត ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍អន្តរជាតិជួយគិតគូ និងរិះរកប្រភពថាមពលថ្មីបន្ថែមទៀត ជាពិសេសថាមពលស្អាត ដើម្បីធានាថា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ តម្លៃប្រកួតប្រជែងជាបណ្តាប្រទេសជិតខាង និងមានស្ថិរភាពល្អនាពេលអនាគត។
សម្រាប់ឯកឧត្តម វង្សី វិស្សុត វិស័យថាមពល គឺជាកត្តាកំណត់ដ៏សំខាន់មួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោក។ ដូច្នេះបញ្ហាថាមពលជាបញ្ហាសកល ដែលទាមទារឲ្យប្រទេសលើពិភពលោករួមទាំងកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជានិងបណ្តាប្រទេសទាំងនោះមានសន្តិសុខថាមពលសម្រាប់បម្រើឲ្យការប្រើប្រាស់របស់ប្រជាបលរដ្ឋ និងខ្សែច្រវាក់ផលិតកម្ម។
ពាក់ព័ន្ធប្រភពថាមពលថ្មីនៅកម្ពុជាលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានស្នើក្រសួងស្ថាប័នពាក់ព័ន្ធឲ្យពិនិត្យលទ្ធភាពទាញយកថាមពលចេញពីការបំប្លែងកាកសំណង់ប្លាស្ទិកនិងសំរាមផ្សេងៗ ដ្បិតវាមិនត្រឹមតែជាប្រភពថាមពលស្អាតនោះទេ ថែមទាំងរួមចំណែកជួយការពារបរិស្ថាននៅកម្ពុជាទៀតផង។ មួយវិញអ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ឲ្យពិនិត្យ និងសិក្សាលទ្ធភាពបង្កើតរោងចក្រថាមពលដើរដោយហ្គាស និងនុយក្លេអ៊ែរនៅកម្ពុជាផងដែរ។ ឆ្លើយតបនឹងសំណើរឲ្យពិនិត្យលទ្ធភាពទាញយកថាមពលពីកាកសំណល់ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ការផលិតថាមពលតាមរបៀបនេះទំនងជាអាចចំណាយដើមទុនច្រើនជាងប្រភពផ្សេងដោយសារសំរាមនៅកម្ពុជាភាគច្រើនជាសំរាមសើម។
គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំមួយស្តីពី«កិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា» ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់រៀបចំសេចក្តីព្រាង«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ជាពិសេសដើម្បីវាយតម្លៃ និងកំណត់ទិសដៅជាយុទ្ធសាស្ត្រ និងវិធានការណ៍គោលនយោបាយសំដៅសម្រេចឲ្យបាននូវចក្ខុវិស័យក្នុងការក្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កិច្ចប្រជុំដែលមានតំណាងពីក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិជាច្រើនចូលរួមនេះបានពិភាក្សាគ្នាដោយផ្តោលើវិស័យអាទិភាពចំនួន៤រួមមានវិស័យថាមពល កសិកម្ម ការអភិវឌ្ឍន៍ជំនាញ និងការអប់រំ៕




អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារកឃើញថា សហគ្រាសមួយចំនួនរកចំណូលបានរាប់សិបលានដុល្លារ ប៉ុន្ដែមិនទាន់បានចុះបញ្ជីពន្ធដារ

ព័ត៌មាន
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវបឋម អគ្គនាយកដ្ឋានពន្…

ធនាគារ Credit Suisse រងបណ្ដឹងពីភាគហ៊ុនិក ដោយចោទប្រកាន់ថា លាក់បាំងព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មាន
ទោះបីថា ស្ថានភាពច្របូកច្របល់នៃទីផ្សារធនាគារនៅអាមេរិកកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានក្ដី ប៉ុន្តែបុត្រសម្ព័ន្ធធនាគារវិនិយោគសកលស្វីស គឺធនាគា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ