សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងសម្រេចបានកំណើន ៦,៦%

តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ឲ្យប្រសើរឡើងជាងឆ្នាំ២០២៣ ?


សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលកំណើននេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២៣ ដែលព្យាករណ៍ថា នឹងមានកំណើនក្នុងអត្រា ៥,៦%។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ អាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបានតុល្យភាព។
តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ឲ្យប្រសើរឡើងជាងឆ្នាំ២០២៣ ?

ជាងនេះទៅទៀត កំណើនក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន វិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ក៏ជាកត្តាសំខាន់ក្នុងការគាស់សេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបឡើងផងដែរ។ នេះបើយោងតាមសារាចរបស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

យោងតាមសារាចរបស់រាជរដ្ឋាភិបាល បានបង្ហាញថា ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៦% សម្រាប់ឆ្នាំ២០២៣ និង៦,៦% សម្រាប់ឆ្នាំ២០២៤ គឺត្រូវបានគិតគូរក្នុងកម្រិតបន្ទាត់មូលដ្ឋាន ស្របពេលដែលទស្សនវិស័យសេដ្ឋកិច្ចសកល និងតំបន់ កាន់តែមានភាពមិនប្រាកដប្រជាខ្ពស់។ ផ្អែកលើសម្មតិកម្មក្នុងកម្រិតបន្ទាត់មូលដ្ឋាននេះ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានគាំទ្រដោយវិស័យសំខាន់មួយចំនួន រួមមានទី១. វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វស្របពេល ដែលអនុវិស័យនេសាទរំពឹងថា នឹងបន្តងើបឡើងវិញសន្សឹមៗ។ ទី២. វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្ត-សាលមិនមែនកាត់ដេ ខណៈអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩។ និងទី៣. វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦,៩% ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមានអនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ខណៈដែលអនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានៅបន្តសម្រេចបានកំណើនទាបជាងនិន្នាការធម្មតា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ នឹងជឿជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងអាចសម្រេចបានក្នុងរង្វង់ជាង៦% ផងដែរ។ ការរំពឹងខ្ពស់បែបនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា ដោយមើលឃើញពីចំណូលផ្ទៃក្នុងរបស់កម្ពុជានៅតែមានស្ថិរភាព និងមានកំណើនជាប្រចាំ ហើយតាមរយៈកំណើននៃចំណូលសារពើពន្ធនេះ មានន័យថាចរន្តសេដ្ឋកិច្ចកម្ពុជា ជារួមគឺមានសកម្មភាពល្អប្រសើរផងដែរ។ លើសពីនេះ ផ្អែកលើការរីកលូតលាស់នៃវិស័យសំខាន់ៗ ដែលជា បេះដូងរបស់សេដ្ឋកិច្ច ដូចជាវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលវិស័យទាំង៣នេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើនក្នុងរង្វង់ជាង ៦%នៅឆ្នាំ២០២៤ ខាងមុខនេះ។ មួយវិញទៀត ការកម្រើកឡើងវិញនៃវិស័យទេសចរណ៍ក៏ជាកត្តាសំខាន់ក្នុងការជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនផងដែរ។

គួរជម្រាបថា តាមសារាចរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ ក៏បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីកត្តាខាងក្រៅមួយចំនួនផងដែរ ដូចជាការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ, ការថមថយសេដ្ឋកិច្ចសកល, ការបន្តរឹតបន្តឹងនៃគោលនយោបាយរូបិយវត្ថុ និងការកើនឡើងថ្លៃរូបិយបណ្ណដុល្លាអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្មផងដែរ។ ទន្ទឹមនេះ កម្ពុជាក៏នៅតែបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធខាងក្នុងប្រទេស ដែលធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចមានល្បឿនយឺត និងភាពប្រកួតប្រជែងមានកម្រិត។

ដោយឡែក សម្រាប់ស្ថានភាពអតិផរណាវិញ អត្រាអតិផរណាត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញក្នុងអត្រា ២,៥% ដូចគ្នាសម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពនៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត។ ជាមួយគ្នានេះ អត្រាប្តូរប្រាក់ត្រូវបានរំពឹងថា នឹងស្ថិតក្នុងរង្វង់អាចគ្រប់គ្រងបានក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៤,០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២៤ ដោយសារការអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល៕




អត្ថបទបន្ទាប់


កិច្ចពិភាក្សាលើប្រធានបទ «ឥទ្ធិពលអំណាច ទន់មកលើគោលនយោបាយការបរទេស» ដែលរៀបចំដោយ EDUHelp ត្រូវបានពិភាក្សាយ៉ាងផុសផុល

ព័ត៌មាន
EDUHelp បានរៀបចំកិច្ចពិភាក្សាលើកទី ៦ លើប្រធានបទ “ឥទ្ធិពលអំណាចទន់មកលើគោលនយោ បាយការបរទេស” កាលពីថ្ងៃសៅរិ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ នៅសកល…

តើកម្ពុជាពឹងផ្អែកកត្តាអ្វីខ្លះ ក្នុងការជំរុញរំហូរវិនិយោគផ្ទាល់ពីបរទេស ឲ្យសម្រេចបានជិត ១២%នៃ GDP នៅឆ្នាំ២០២៣?

ព័ត៌មាន
ថ្វីត្បិត បញ្ហប្រឈមពីសេដ្ឋកិច្ចខាងក្រៅនៅមិនទាន់មានភាពល្អប្រសើរ ក៏ពិតមែន ប៉ុន្ដែរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា នៅឆ្នាំនេះ និងឆ្នាំក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ