វិស័យឧស្សាហកម្មកម្ពុជា

វិស័យឧស្សាហកម្មកម្ពុជាសម្រេចកំណើនខ្ពស់មុនគោលដៅ៨ឆ្នាំ សម្រាប់ការរួមចំណែកក្នុង GDP


មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានអះអាងថា វិស័យឧស្សាហកម្ម មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានសម្រេចគោលដៅកំណើនបាន មុនផែនការកំណត់ទុកទៅទៀត ពោលគឺ គោលដៅរបស់កម្ពុជានាពេលកន្លងមក គឺធ្វើយ៉ាងណានៅឆ្នាំ ២០២៥ ឲ្យវិស័យឧស្សាហកម្ម ត្រូវចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ឲ្យបាន៣០% ប៉ុន្ដែ ជាក់ស្តែងត្រឹមតែឆ្នាំ ២០១៧ ប៉ុណ្ណោះ វិស័យមួយនេះ បានចូលរួមចំណែកក្នុង GDP របស់កម្ពុជា រហូតទៅដល់ ៣០,៩% រួចបាត់ទៅហើយ។
វិស័យឧស្សាហកម្មកម្ពុជាសម្រេចកំណើនខ្ពស់មុនគោលដៅ៨ឆ្នាំ សម្រាប់ការរួមចំណែកក្នុង GDP
ដោយ

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម​ ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ឲ្យ​ដឹងថា គោលដៅរបស់កម្ពុជា​​គឺនៅក្នុងឆ្នាំ ២០២៥ ធ្វើយ៉ាងណាឲ្យវិស័យឧស្សាហកម្ម ត្រូវចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ឲ្យបាន ៣០% តែគិតត្រឹមតែឆ្នាំ ២០១៧ ប៉ុណ្ណោះ វិស័យឧស្សាហកម្ម បានចូលរួមចំណែកនៅក្នុង GDP របស់កម្ពុជា រហូតទៅដល់ ៣០,៩%។ ក្នុងន័យនេះ វិស័យឧស្សាហកម្មបានរីកចម្រើន​ដើរមុនគោលដៅកំណត់​រហូតដល់ ៨ឆ្នាំ ហើយតាមការប្រមើលមើល នៅក្នុងឆ្នាំ ២០២២នេះ អាចមានកំណើន​ពីវិស័យឧស្សាហកម្មក្នុងការរួមចំណែក​ក្នុង​ GDP របស់​កម្ពុជា ដល់ទៅប្រមាណ៤០%ឯណោះ ខណៈ​នៅឆ្នាំ២០២១កន្លងទៅ មានការរួមចំណែក ៣៨,៧% ។

លោក ហេង សុខគង់ បញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ន​រោងចក្រឧស្សាហកម្មនៅកម្ពុជា មានចំនួន ជិត២ពាន់រោងចក្រ មានទុនវិនិយោគជាង ១៥ពាន់លានដុល្លា ដោយបានបង្កើតការងាររហូតដល់ជាង ១លាននាក់។ លោកបន្ថែមថា គិតត្រឹមចុងខែកក្កដា​ ឆ្នាំ២០២២ មានរោងចក្របើកថ្មី ចំនួន១១២ រោងចក្រ បង្កើតការងារបន្ថែមចំនួនជាង ៧ម៉ឺន៦ពាន់នាក់ មានដើមទុនវិនិយោគចំនួនជាង ១ពាន់លានដុល្លារ។

ចំពោះផលិតផលដែលនាំចេញពីរោងចក្រទាំងនោះ ដោយគិត​ក្នុងរយៈពេលត្រឹម ៦ខែឆ្នាំ ២០២២នេះ មានទឹកប្រាក់ប្រមាណជាង ៧ពាន់៥រយលានដុល្លារ។ ក្នុងនោះ ការលក់នៅក្នុងស្រុក​បានចំនួនជាង ២ពាន់៣រយលានដុល្លារអាមេរិក និងនៅក្រៅប្រទេសបានចំនួនជាង ៥ពាន់២រយលានដុល្លារអាមេរិក ដែលបង្ហាញឲ្យឃើញពី​​កំណើនខ្ពស់​នៅក្នុង GDP របស់កម្ពុជា។

ជាមួយគ្នានេះ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធនតូច និងមធ្យម បានបញ្ជាក់ថា តាមការវាយតម្លៃស្របតាមរបាយការណ៍របស់​ក្រសួងហិរញ្ញវត្ថុបង្ហាញថាក្នុងឆ្នាំ ២០២១ វិស័យឧស្សាហកម្មបានចូលរួម​ក្នុងកំណើន​សេដ្ឋកិច្ច​ចំនួន ៨,៦% និងរំពឹងថា នៅចុងឆ្នាំ២០២២ និងមានការកើនឡើងដល់ ៩% ខណៈនៅក្នុងឆ្នាំ២០២៣ នឹងកើនដល់ ៩,២% បើទោះបីជាកម្ពុជាជួបនៅវិបត្តិកូវីដ១៩ និងការជះឥទ្ធិពលពីបញ្ហាភូមសាស្រ្តនយោបាយក្នុងតំបន់ និងអន្តរជាតិក៏ដោយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនឥណ្ឌាយកប្រាក់ដុល្លារអាមេរិកប្ដូរជារូបិយបណ្ណរបស់ប្រទេសអាស៊ីមួយចំនួន ដើម្បីទិញធ្យូងថ្មពីរុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុនឥណ្ឌាមួយចំនួនកំពុងប្រើប្រាស់រូបិយបណ្ណអាស៊ីកាន់តែញឹកញាប់ថែមទៀត ដើម្បីចំណាយសម្រាប់ការទិញធ្យូងថ្មពីរុស្ស៊ី ដោយចៀសវាងការប្រើប្រាក់ដ…

រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយក្រសួងសេដ្ឋកិច្ច ដោះស្រាយបញ្ហាអគារជាប់គាំងជាង១ពាន់អគារ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដើម្បីដោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ