វិស័យបច្ចេកវិទ្យារបស់ចិន

វិស័យបច្ចេកវិទ្យារបស់ចិនបាននិងកំពុងជួបបញ្ហាអ្វីខ្លះ ហើយគេត្រូវយកចិត្តទុកដាក់ដោះស្រាយអ្វីខ្លះនៅឆ្នាំ២០២២?


វិស័យបច្ចេកវិទ្យារបស់ប្រទេសចិនមានដំណើរទៅមុខ យ៉ាងលំបាកលំបិននៅស្ទើរតែពេញមួយឆ្នាំ២០២១នេះ ដោយសារតែបទប្បញ្ញត្តិថ្មីត្រូវបានរឹតបន្តឹងពីរដ្ឋអំណាចក្រុងប៉េកាំង ធ្វើឲ្យប្រាក់រាប់ពាន់លានដុល្លារបានបាត់បង់ ពីតម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ និងដោយសារជម្លោះបច្ចេកវិទ្យា ពាណិជ្ជកម្មជាមួយអាមេរិក នៅបន្តអូសបន្លាយផងដែរ។
វិស័យបច្ចេកវិទ្យារបស់ចិន

បញ្ហា​ដែល​កំពុង​កើត​មាននៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចិន កំពុង​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​បច្ចេកវិទ្យា​ចិន សម្រាប់​ឆ្នាំ​២០២២ បន្ត​ទៀត ហើយ​ក្នុង​នោះ​មានរឿង​ធំ​ៗ​ចំនួន​៥ ដែល​គេ​គួរ​យកចិត្តទុកដាក់ និង​កំពុង​ព្រួយបារម្ភ ចំពោះ​ដំណើរ​លូតលាស់​របស់​វិស័យ​បច្ចេកវិទ្យា​របស់​មហា​យក្ស​ចិន​។

១-​ការ​បង្ក្រាប​ដោយ​រដ្ឋអំណាច​ចិន 

ដំបូង​បំផុត​គឺ​នៅ​ចុងឆ្នាំ​២០២០ គ្រា​ដែល​ផ្សារភាគហ៊ុន ក្រុមហ៊ុន Ant-Group របស់​សេដ្ឋី Jack Ma ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ផ្អាក​ការ​ជួយ​ដូរ​។ បន្ទាប់​មក​ទៀត គឺ​នៅ​ពេល​ដែល​ក្រុង​ប៉េ​កាំ​ង ច្បាប់​ផ្តើម​បញ្ចេញ​ច្បាប់​ថ្មី​ៗ​ជា​ច្រើន​ដូច​ជា ច្បាប់​ប្រឆាំង​នឹង​សេចក្ដី​ទុកចិត្ត និង​ច្បាប់​ការពារ​ព័ត៌មាន​ឯកជន​។ មាន​ក្រុមហ៊ុន ពាណិជ្ជកម្ម​យក្ស​របស់​ចិន ដែល​រកស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​ពីរ​គឺ Alibaba និង មេ​ថ័​ន (Meituan) សុទ្ធតែ​រង​គ្រោះ​ពី​ច្បាប់​នេះ​។ ជាក់ស្តែង ភាគហ៊ុន​របស់ Alibaba បាន​ធ្លាក់​ចុះ ៤១% ពី​ពេល​នោះ​ដល់​បច្ចុប្បន្ន​។

សំណួរ​កំពុង​ចោទ​ឡើង​សម្រាប់​ឆ្នាំ ២០២២ គឺថា តើ​រដ្ឋ​ចិន​នឹង​ដាក់​ចេញ​បទ​ប្បញ្ញត្តិ ឬ​ច្បាប់​ថ្មី​ៗ​បន្ថែម​ទៀត​ទេ?

-​តើ​ក្រុមហ៊ុន​ណាខ្លះ អាច​ជា​គោលដៅ​បន្ទាប់?

បើ​នៅ​តែ​បែប​នេះ តើ​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​ចិន​នឹង​ទៅ​ជា​យ៉ាងណា?

២-​បញ្ហា​គ្រឿង​អេ​ឡិច​ត្រូ​និក​/​បន្ទះ​ឈី​ប

ការ​ប្រជែង​គ្នា​ផ្នែក​បច្ចេកវិទ្យា​ជា​បន្តបន្ទាប់​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​ក្រុង​ប៉េ​កាំ​ង បង្ខំចិត្ត​ជំរុញ​ការ​បង្កើន​ស្វ័យភាព ឲ្យ​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​នៅ​ស្ទើរ​គ្រប់​វិស័យ​ដោយ​មិន​ចាំបាច់​ពឹងពាក់​អា​មេ​រិ​ក​។ ហើយ​កិច្ច​ខិតខំ​មួយ​ក្នុង​ចំណោម​នោះ​គឺ គ្រឿង​អេ​ឡិច​ត្រូ​និក​និង​បន្ទះ​ឈី​ប ដែល​ជា​វត្ថុធាតុដើម​ដ៏​មាន​សារៈសំខាន់​សម្រាប់​ផលិត​អ្វី​គ្រប់យ៉ាង ចាប់តាំងពី​រថយន្ត​រហូត​ដល់​ទូរស័ព្ទ​ដៃ​។

ដូច្នេះ​ចិន​កំពុង​ប្រឹងប្រែង ដើម្បី​តាម​ឲ្យ​ទាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត ដោយសារ​តែ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ចិន​ភាគច្រើន ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស​។

ក៏​មាន​ដែរ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​របស់​ចិន​ដ៏​ធំ SMIC ប៉ុន្តែ​សមត្ថភាព​របស់​វា​នៅ​ចាញ់​ក្រុមហ៊ុន​កូរ៉េ Samsung និង​ក្រុមហ៊ុន​តៃវ៉ាន់ TSMC នៅឡើយ​។ 

៣-​បច្ចេកវិទ្យា​កម្រិត​ខ្ពស់

បច្ចេកវិទ្យា​កម្រិត​ខ្ពស់​សំដៅ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ញា​សប្ប​និម្មិត ឬ​AI និង​បច្ចេកវិទ្យា​អាវ​កាស​ដូច​ជា​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្នុង​លំហ​ជាដើម​។

នៅ​ក្នុង​គម្រោង​៥​ឆ្នាំ​ខាង​មុខ ក្រុង​ប៉េ​កាំ​ង​បាន​និយាយ​ថា គេ​នឹង​ធ្វើ​ឱ្យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អាច​ពឹងផ្អែក​បាន​ដោយ​ខ្លួនឯង និង​ការ​កែ​លម្អ​វិស័យ​នេះ​ទៅ​ជា​សសរស្តម្ភ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍន៍​ជាតិ​។

ត្រង់​ចំណុច​នេះ ចិន​សម្រេច​បាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​ដូច​ជា ការ​បាញ់​បង្ហោះ​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន​ទៅ​ក្នុង​លំហ ហើយ​ថែម​ទាំង​មាន​មហិច្ឆតា​ក្នុង​ការ​បញ្ជូន​យានអវកាស​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ភព​អង្គារ​នៅ​ឆ្នាំ ២០៣៣​ថែម​ទៀត​។ នៅ​ពេល​និយាយ​អំពី​បញ្ញា​សិប្បនិម្មិត ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ដូច​ជា Baidu និង Tencent កំពុង​វិនិយោគ​យ៉ាងច្រើន​លើ​វិស័យ AI នេះ​ដែរ​។

ទីស្នាក់ការក្រុមហ៊ុន Tencent ក្នុងប្រទេសចិន

៤-​រថយន្ត​អគ្គិសនី 

រថយន្ត​អគ្គិសនី ជា​វិស័យ​មួយទៀត​ដែល​ប្រទេស​ចិន​កំពុង​សង្កត់ធ្ងន់​ដូច​គ្នា​។ ឧស្សាហកម្ម​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​ប៉េ​កាំ​ង ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន និង​ឈាន​ដល់​ចំណុច​អព្យាក្រឹត​កាបូន​(​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​សោះតែ​ម្តង​) នៅ​ឆ្នាំ​២០៦០​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​ក្នុងស្រុក តាម​រយៈ​ការ​ឧបត្ថម្ភ​ធន​ទុន និង​សម្រួល​ដល់​គោលនយោបាយ​ផ្សេង​ទៀត​។ ប្រការ​នេះ ទាញ​ឱ្យ​ក្រុមហ៊ុន​ចិន​រាប់​ម៉ឺន​ក្រុមហ៊ុន ចូល​ក្នុង​ឧស្សាហកម្ម​នេះ ទោះបីជា​មាន​ក្រុមហ៊ុន​ជា​ច្រើន​មិន​ដែល​ផលិត​បាន​រថយន្ត​សូ​ម្បី​តែ​មួយ​គ្រឿង​ក៏​ដោយ​។

៥-​សេដ្ឋកិច្ច​ចិន​មាន​កំណើន​យឺត

បច្ចុប្បន្ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ប្រទេស​ចិន ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន​។ កត្តា​មួយ​ចំនួន​រួម​មាន កង្វះខាត​ថាមពល និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​បំណុល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ការ​ចំណាយ​យឺត​របស់​ពលរដ្ឋ បាន​បន្ថែម​បន្ទុក​ដល់​សេដ្ឋកិច្ច​ចិន​។

ជាក់ស្តែង ក្រុមហ៊ុន​យក្ស​ចិន Alibaba បាន​កត់ត្រា​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ឆ្នាំ​សារពើពន្ធ​នេះ យ៉ាង​គំហុក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំធនាគារកណ្ដាលវៀតណាម លើកសរសើរពីវឌ្ឍនភាពនៃវិស័យធនាគារនៅកម្ពុជា ទោះស្ថិតក្នុងបរិបទកូវីដ-១៩

ព័ត៌មាន
កិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កា…

មេដឹកនាំវៀតណាមសម្តែងការព្រួយបារម្ភពីឥទ្ធិពលចិននៅតំបន់សមុទ្រចិនខាងត្បូង

ព័ត៌មាន
ថ្នាក់ដឹកនាំវៀតណាម បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញសកម្មភាព និងឥទ្ធិពលរបស់ ចិន ដែលកំពុងបង្កភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ