សេដ្ឋកិច្ច-ចិន-អាមេរិក

ទំហំសេដ្ឋកិច្ចមហាយក្សចិននឹងនាំមុខសហរដ្ឋអាមេរិកនៅរង្វង់ឆ្នាំ២០៣៥


បើទោះជាល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនទំនងជាស្ថិតនៅលើផ្លូវឆ្ពោះទៅរកការទម្លាក់តំណែងជាយូរឆ្នាំរបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣៥ខាងមុខ។ នេះបើយោងតាមការព្យាករចុងក្រោយបំផុតរបស់ក្រុមសេដ្ឋវិទូរបស់ធនាគារវិនិយោគរបស់អាមេរិក Goldman Sachs។
ទំហំសេដ្ឋកិច្ចមហាយក្សចិននឹងនាំមុខសហរដ្ឋអាមេរិកនៅរង្វង់ឆ្នាំ២០៣៥

ការប៉ាន់ប្រមាណថ្មីនេះបានធ្វើ​ឡើងយឺតជាង​១០ឆ្នាំ ​បន្ទាប់​ពី​​​ធនាគារវិនិយោគ​​របស់អាមេរិក Goldman Sachs បាន​ធ្វើ​ការ​​ព្យាករ​បែប​នេះ​ដែរ​​កាលពីឆ្នាំ២០១១។ ​ប៉ុន្តែសេដ្ឋវិទូ​លោក​ ខេវិន ដាលី (Kevin Daly) ​និងលោក​ តាដាស ហ្កេដ​មីណាស (Tadas Gedminas)​ បាននិយាយថា ​កំណើនដ៏​មាន​សក្តានុពលនៅប្រទេសចិននៅតែ​ខ្ពស់ខ្លាំងជាង​នៅសហរដ្ឋអាមេរិក។​

ក្រុម​សេដ្ឋ​វិទូ​នេះ​បាននិយាយក្នុងរបាយការណ៍មួយដែលបានចេញផ្សាយចុងក្រោយ​នេះ​ថាប្រទេសចិនបាន​តាម​ជិត​ទាន់​ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក​ ​ដោយ​បន្ថែមថា​ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងចាប់​ពី​១២%​​​នៃ​ផលិត​ផល​ក្នុង​ស្រុក​​សរុប​របស់​អាមេរិក​នៅ​ក្នុងឆ្នាំ២០០០ ​រហូត​ដល់​ជិត​ ៨០​% នៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិក​នាពេលបច្ចុប្បន្ននេះ​។​

របាយការណ៍ដដែលបានព្យាករថាទៀតថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិននឹងមានប្រហែល ៤% ពីឆ្នាំ២០២៤​ដល់ឆ្នាំ​២០២៩​បើ​ធៀបនឹង​កំណើន​១,៩%ក្នុងមួយឆ្នាំរបស់​សហរដ្ឋអាមេរិ​ក​។

កត្តាសម្រាប់ការ​ព្យាករ​ពីសក្ដានុពលកំណើន GDP នេះ ​រួមមានចំនួនមនុស្សនៅក្នុងកម្លាំង​ពលកម្ម ​ទំហំមូល​ធន​​ដែលពួកគេត្រូវធ្វើការជាមួយ​ និង​វឌ្ឍនភាពបច្ចេកទេសជាដើម​។ នេះបើយោងតាមរបាយការណ៍​នេះ​។

ក្រុម​សេដ្ឋវិទូរបស់ Goldman Sachs បាននិយាយថា កំណើនត្រូវបានព្យាករថានឹងថយចុះតាមពេលវេលានៅតាម​ប្រទេស​សេដ្ឋកិច្ចភាគច្រើន ​​ដោយសារការរួមចំណែកតិចតួចពីកំណើនកម្លាំងពលកម្ម ​ប៉ុន្តែការធ្លាក់ចុះបែប​​នេះ​ត្រូវគេរំពឹងថានឹងកើត​ឡើង​ជាពិសេសនៅប្រទេសចិនតែ​ម្ដង​។

កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិនអាចធ្លាក់ចុះបន្ថែមទៀតមកដល់​ ២,៥%​ ​ពីឆ្នាំ​២០៣០ដល់ឆ្នាំ២០៣៩​ ដែលជា​ការ​បន្ត​ធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិត​ ៧,៧% ក្នុង​ចន្លោះពេល​ពី​​ឆ្នាំ២០១០​ ដល់២០១៩​។​ នេះបើយោងតាម​ការព្យាករ​របស់​ក្រុម​អ្នក​សេដ្ឋ​កិច្ច​។​

ក្រុម​សេដ្ឋ​វិទូ​នេះ​បាននិយាយថា ភាគច្រើននៃការថយចុះនេះគឺ​ដោយ​សារ​ដោយកត្តា​ប្រជាសាស្រ្ត ​ហើយ​វានាំឱ្យអត្រាកំណើនដ៏​មាន​សក្តានុពលរបស់ប្រទេសចិនធ្លាក់ចុះ ​​នៅក្រោម​បណ្តាប្រទេសអាស៊ីមួយចំនួនដូចជា​​ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

របាយការណ៍​នេះ​បាន​ព្យា​ករ​ថា កំណើនសេដ្ឋកិច្ចសកលនឹងមានជាមធ្យមតិចជាង ៣%​​ក្នុងមួយឆ្នាំ​ក្នុងរយៈពេល ១០​ ឆ្នាំខាងមុខ​ទៀត​ ហើយ​នឹងស្ថិតនៅលើផ្លូវធ្លាក់ចុះ​ជាលំដាប់ ដោយ​សារតែកំណើន​ប្រជាជនកាន់តែចុះ​ខ្សោយ។

នៅក្នុង​សមាជគណបក្សលើកទី២០​របស់​ប្រទេសចិនកាលពី​ខែតុលា​ ទីក្រុងប៉េកាំង​បានប្តេជ្ញា​ចិត្ត​ថានឹង​«ឈាន​ដល់កម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ក្នុងនាមជា​​ប្រទេសអភិវឌ្ឍន៍កម្រិត​មធ្យម​​នៅត្រឹមឆ្នាំ​២០៣៥»​​ដែល​មានន័យថា ​ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់​នៅ​ប្រទេស​​ចិន​នឹង​​កើនដល់​​យ៉ាងហោចណាស់ ២ ម៉ឺន​ដុល្លារអាមេរិក​ក្នុងមួយឆ្នាំ​។​

ដើម្បីសម្រេចបាននូវគោលដៅនេះ​ អត្រាកំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិនគួរតែមានមិនតិចជាង ៤,៧៣%​​ នោះ​ឡើយ​ ប៉ុន្តែ​ទីប្រឹក្សារដ្ឋាភិបាល​បាន​និយាយថា វា​អាចជាការលំបាកខ្លាំងណាស់ក្នុងការសម្រេចបាន​គោល​ដៅ​នេះ​ដោយសារតែចំនួនប្រជាជនវ័យចំណាស់របស់​ប្រទេសចិន​​កើន​ឡើង​ច្រើន​។

របាយការណ៍ របស់​ធនាគារ Goldman Sachs បាន​ព្យាករទៀតថា ទម្ងន់នៃសេដ្ឋកិច្ចសកលលោក​​នឹងប្ដូរទៅដៅ​ទៅកាន់តំបន់អាស៊ី នៅក្នុងរយៈពេល​៣០ឆ្នាំខាងមុខនេះ ពោលគឺ​ប្រទេសដែលមានសេដ្ឋកិច្ច​ធំបំផុតទាំង៥របស់ពិភពលោក​នៅឆ្នាំ២០៥០ រួមមាន​ ចិន អាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់៕




អត្ថបទបន្ទាប់


Apple វិនិយោគជាង ១០០ពាន់លានដុល្លារនៅជប៉ុន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថា ខ្លួនបានវិនិយោគជាង ១០០ពាន់លានដុល្លារសម្រាប់បណ្តាញផ្គត់ផ្គង់នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ…

អាមេរិកសម្រេចផ្តល់កម្ចី ២,៥ពាន់លានដុល្លារឱ្យក្រុមហ៊ុន GM និង LGសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
ក្រសួងថាមពលអាមេរិក បានប្រកាសនៅកាលពី១២ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួនបានធ្វើការសម្រេចចុងក្រោយ ដោយយល់ព្រមផ្តល់កម្ចីការប្រាក់ទាបប្រមាណ ២ពាន់៥រយលាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ