ចិន-ជប៉ុន

មេដឹកនាំចិន និងជប៉ុនណាត់ជួបគ្នានៅក្រៅកិច្ចប្រជុំ APEC បានជជែកលើបញ្ហាក្ដៅៗអ្វីខ្លះ?


នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងកាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ វិច្ឆិកា បានជួបទល់មុខគ្នាជាដលើកដំបូង នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានលើកឡើងដោយព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខនៅក្នុងតំបន់ ពិសេសបញ្ហាកោះតៃវ៉ាន់តែម្ដង។
មេដឹកនាំនៃមហាយក្សទាំងពីរនៅអាស៊ីណាត់ជួបគ្នា ចំពេលកំពុងមានភាពតានតឹង!

កិច្ចពិភាក្សារបស់ប្រមុខថ្នាក់ដឹកនាំចិន និងជប៉ុននេះ គឺជាលើកដំបូងហើយ នៅក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ហើយវាធ្វើឡើង ចំពេលដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើងកាន់តែខ្លាំងដោយសារតែមហិច្ឆតាក្រសោបយកដែនសមុទ្ររបស់ទីក្រុងប៉េកាំង ពិសេសបញ្ហាស្ថាការណ៍ដ៏ក្ដៅនៅច្រកសមុទ្រកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតតែម្តង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។

Story: ស្រង់សម្តីដោយទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បានប្រាប់លោក គីស៊ីដា មេដឹកនាំជប៉ុនថា ទីក្រុងប៉កាំង និងតូក្យូគួរតែបង្កើនការជឿទុកចិត្តគ្នាលើវិស័យសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ដើម្បីទប់ទល់នឹង «ជម្លោះ និងការប្រឈមមុខគ្នា»។

បុរសខ្លាំងរដ្ឋចិនរូបនេះបាននិយាយថា «បញ្ហាតៃវ៉ាន់ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់ ព្រោះវាប៉ះពាល់ដល់មូលដ្ឋានគ្រឹះនយោបាយ និងការជឿទុកចិត្តជាមូលដ្ឋាននៃទំនាក់ទំនងចិន-ជប៉ុន»។

ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី បានគូសបញ្ជាក់ប្រាប់លោក គីស៊ីដា ថា «ចំពោះបញ្ហាជម្លោះដែនសមុទ្រ និងព្រំដែនទឹក យើងគួរតែគោរពតាមការឯកភាពនៃគោលការណ៍ដែលបានសម្រេចរួចហើយ នោះវាជាការបង្ហាញឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងស្ថានការការប្រឈមមុខដាក់គ្នាឱ្យបានត្រឹមត្រូវ»។

លោក គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទល់មុខជាមួយនឹងលោក ស៊ី ជីនពីង ដោយរលឹកឡើងវិញនូវ «សារៈសំខាន់នៃសន្តិភាព និងសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។ ហើយលោកក៏បានបង្ហាញពីការព្រួយបារម្ភទៅកាន់ប្រទេសចិនទាក់ទិននឹងស្ថានការនៅសមុទ្រចិនខាងកើត រួមទាំងប្រជុំកោះ សិនកាគូ (Senkaku) ក៏ដូចជាវត្តមានយោធារបស់ចិននៅទីនោះផងដែរ»។

ជាការពិត ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ភាពតានតឹងក្នុងតំបន់បាននិងកំពុងកើនឡើងជុំវិញកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងអះអាង ថាជាទឹកដីរបស់ខ្លួន ហើយចិនក៏មិនដែលបោះបង់គោលគំនិតប្រើកម្លាំងយោធាដើម្បីធ្វើការបង្រួបបង្រួមជាមួយតៃវ៉ាន់នោះដែរ។

ភ្លាមៗ ខាងកោះតៃវ៉ាន់ឯណោះវិញ ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានសំដែងព្រួយបារម្ភនេះនៅចំពោះមុខប្រធានាធិបតីចិន ដោយក្រុងតៃប៉ិនិយាយថា ខ្លួនតែងតែស្វាគមន៍រាល់ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការអនុម័តវិធានការវិជ្ជមានដែលនឹងជួយរក្សាសន្តិភាពក្នុងតំបន់។

តាមការយល់ឃើញរបស់លោកស្រី Rumi Aoyama សាស្ត្រាចារ្យផ្នែកគោលនយោបាយការបរទេសចិននៅសាកលវិទ្យាល័យ Waseda បាននិយាយថា លោក Xi នៅតែអង្គុយពិភាក្សាជាមួយលោក Kishida នៅតុកិច្ចប្រជុំនៅទីក្រុងបាងកក បើទោះបីជា មានការរិះគន់ដោយបើកចំហប៉ុន្មានថ្ងៃមុនក៏ដោយ។

លោកស្រី រូមី សង្កត់ធ្ងន់ថា «ការរៀបចំកិច្ចពិភាក្សានេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយដែលត្រូវមានសម្រាប់គោលនយោបាយការបរទេសចិន ហើយក៏បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសជប៉ុនផងដែរ នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងតស៊ូជាមួយនឹងគោលនយោបាយគ្មានកូវីដដ៏តឹងតែងរបស់ខ្លួននោះ៕




អត្ថបទបន្ទាប់


ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួននៅអាមេរិក

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានសម្តែងការភ្ញាក់ផ្អើល និងក្តីទោមនស្សយ…

ខណៈស្ថានការកំពុងក្ដៅ ថៃស្នើឱ្យក្រុមមេដឹកនាំចូលរួមកិច្ចប្រជុំ APEC ទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន

ព័ត៌មាន
ការជជែកគ្នាពីបញ្ហាក្ដៅៗនៅក្នុងតំបន់ និងពិភពលោក បានបន្ដធ្វើឡើងជាបន្ដបន្ទាប់នៅក្នុងកិច្ចប្រជុំកំពូលចំនួនពីរនៅប៉ុន្មានថ្ងៃមកនេះ រួមមានកិច្ចប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ