ពលរដ្ឋឡាវកំពុងតែប្រឈមនឹងកំណើតអតិផរណាខ្ពស់

ពលរដ្ឋនៅក្នុងប្រទេសឡាវ កំពុងបន្ដរងផលប៉ះពាល់ ខណៈអត្រាអតិផរណានៅតែមានក្នុងកម្រិតខ្ពស់


នៅក្នុងរយៈពេល៦ខែកន្លងមកនេះ របាយការណ៍បានអះអាងថា តម្លៃទំនិញនិងសេវាកម្មនៅក្នុងប្រទេសឡាវបានកើនឡើងរហូតដល់ទៅជាង ៣៨% ។ ជាមួយនឹងអត្រានេះ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហូរ បានរាយការណ៍ថា តម្លៃនៃជីវភាពរស់នៅក្នុងប្រទេសឡាវ កំពុងតែបន្តប្រឈមមុខនឹងការធ្លាក់ចុះនៃលុយគីប និង អតិផរណា ខណៈដែលប្រាក់ចំណូល និងស្តង់ដារជីវភាពពលរដ្ឋកំពុងតែធ្លាក់ចុះ ។
ពលរដ្ឋឡាវកំពុងតែប្រឈមនឹងកំណើតអតិផរណាខ្ពស់

ស្ថិតិបានបង្ហាញថា អត្រាអតិផរណានៅក្នុងប្រទេសឡាវបានថមថយបន្តិចប៉ុណ្ណោះ ពោលគឺពីថយចុះពីជិត២៩% នៅខែមិថុនា មកនៅជិត២៨% នៅខែកក្កដា ប៉ុន្តែតម្លៃនៃទំនិញប្រើប្រាស់ទូទៅដោយរួមទាំងស្បៀងអាហារ និង ភេសជ្ជៈមិនមែនជាគ្រឿងស្រវឹង គឺនៅតែមានខ្ពស់ គឺមានរហូតដល់ទៅជិត ៣៨ ភាគរយ ។

ការិយាល័យស្ថិតិឡាវបានអះអាងថា អស្ថិរភាពនៃលុយគីប ដែលជារូបិយវត្ថុជាតិឡាវ គឺជាកត្តាមួយនៅក្នុងចំណោមកត្តាសំខាន់ៗ ដែលបង្កឲ្យមានអតិផរណា ខណៈដែល១ភាគ៣នៃតម្លៃទំនិញប្រើប្រាស់ គឺត្រូវបានគេដឹងថា មានការទូទាត់ជាលុយគីប នៅពេលដែលនាំចូល ។

ពាក់ព័ន្ធនឹងបញ្ហានេះអាជីវករលក់អាហារមួយរូបនៅទីក្រុង វាង វៀន ដែលជាគោលដៅទេសចរណ៍មួយនៅឡាវបានអះអាងប្រាប់អ្នកសារព័ត៌មានថា អាហារដែលនាងលក់គឺកំពុងតែឡើងថ្លៃ ដោយសារតែតម្លៃគ្រឿងផ្សំ និង ម្ហូបអាហារឡើងថ្លៃ ។

ដោយឡែក ដើម្បីរក្សាស្ថិរភាពលុយគីប លោក ប៊ុនលឺ ស៊ីនសាយវូរ៉ាវង្ស (Bounleua Sinxayvoravong)អគ្គទេសាភិបាល ធនាគារកណ្តាលឡាវបានអះអាងថា ធនាគារកណ្តាលនឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អតិផរណា និងកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាជន ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែកក្កដា លោក ស៊ុនសៃ ស៊ីផាន់ដន ( Sonexay Siphandone ) នាយករដ្ឋមន្ត្រីឡាវ បានណែនាំដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ទប់ស្កាត់អតិផរណាដែលកើនឡើងខ្ពស់ និងដោះស្រាយបញ្ហាបំណុលសាធារណៈកម្រិតខ្ពស់។

នៅពេលនេះ ប្រទេសឡាវកំពុងតស៊ូ ដើម្បីជម្នះការលំបាកផ្នែកសេដ្ឋកិច្ច និងហានិភ័យនៃហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ខណៈដែលបរិយាកាសសកលលោកនៅតែមិនទាន់បង្កលក្ខណៈ អំណោយផល។

ការធ្លាក់ចុះនៃប្រាក់គីប របស់ឡាវ និងអតិផរណាកើនខ្ពស់ ក៏ជាការជំរុញឲ្យប្រជាពលរដ្ឋឡាវចេញស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើនដែរ ដែលបញ្ហានេះ បានបណ្ដាលឲ្យមានការខ្វះខាតកម្លាំងពលកម្មនៅក្នុងស្រុក។

តាមសេចក្ដីរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍ បញ្ហាការចំំណាយលើការរស់នៅកើនឡើង និងប្រាក់ឈ្នួលទាប បានបង្ខំឲ្យជនជាតិឡាវរាប់ពាន់នាក់ ស្វែងរកការងារនៅប្រទេសផ្សេងៗ ដោយភាគច្រើន នៅប្រទេសថៃ និងកូរ៉េខាងត្បូងជាដើម៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលអាមេរិកម្នាក់បានបង្ហើបថា អត្រាការប្រាក់គោលអាចនឹងត្រូវបន្ដដំឡើងថែមទៀត

ព័ត៌មាន
សមាជិកក្រុមប្រឹក្សានៃទេសាភិបាលធនាគារកណ្ដាលអាមេរិកម្នាក់បានលួចបង្ហើយឱ្យដឹងថា ធនាគារកណ្ដាលអាមេរិកទំនងជានឹងត្រូវធ្វើការដំឡើងអត្រាការប្រាក់គ…

ក្រុមហ៊ុន Pinterest និងក្រុមហ៊ុន Httpool by Aleph បានចាប់ដៃគូសហការដើម្បីបម្រើសេវាកម្មទៅដល់ដៃគូផ្សព្វផ្សាយនៅក្នុងប្រទេស

ព័ត៌មាន
នៅថ្ងៃនេះ ក្រុមហ៊ុន Httpool by Aleph ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថលដ៏ធំមួូយមានវត្តមាននៅជាង៥០ប្រទេសលើសកលលោក បានប្រកាសថាខ្លួនកំពុងតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ