ការសាងសង់រោងចក្រដំឡើងរថយន្ត Ford

ការសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់សម្រេចបានជិត១០០% ហើយ


ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Ford ផ្តាច់មុខនៅកម្ពុជាបានបញ្ជាក់ថា ការសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សម្រេចបានជិត១០០% ហើយ ក្រោយចំណាយពេលជាច្រើនខែលើការសាងសង់។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំ RMA រោងចក្រនេះ នឹងអាចដំឡើងរថយន្តហ្វតបានជាង១ពាន់គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការ ហើយតម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជាអាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។
រូបតំណាង ការសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់

លោក ង​ន សាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុនមេ នាំ​ចូល​រថយន្ត​ម៉ាក Ford ផ្តាច់មុខ​មក​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ម៉ាក Ford នៅ​ខេត្តពោធិ៍សាត់​សម្រេចការ​សាងសង់​ស្ទើរតែ​១០០%​ហើយ​។ លោក​បាន​គូស​បញ្ជក់​ថា បច្ចុប្បន្ន ក្រុមហ៊ុន RMA នៅ​រង់​ចាំតែ​ការ​សម្រេច​លើ​ឯកសារ​នាំ​ចូល​បំណែក​រថយន្ត​ពី​ខាង​រាជរដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ គឺ​អាច​ចាប់ផ្ដើម​ការងារ​ផលិតកម្ម​រោងចក្រ​នេះ​បាន​ហើយ​។ សម្រាប់​ការ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ដំបូង លោក ង​ន សាំង រំពឹង​ថា រោងចក្រ​នេះ​នឹង​អាច​ផលិត​ផ្គុំ និង​ដំឡើងរថយន្ត Ford បាន​ប្រមាណ​ជាង​១​ពាន់​គ្រឿង​នៅ​ឆ្នាំ​នេះ​។

ពាក់ព័ន្ធ​តម្លៃ​រថយន្ត​វិញ លោក ង​ន សាំង អះអាង​ថា តម្លៃ​រថយន្ត Ford ដែល​ដំឡើង​នៅ​កម្ពុជា​អាច​នឹង​លក់​ចេញ​ក្នុង​តម្លៃ​ទាប​ជាង​រថយន្ត​ដែល​នាំ​ចូល ក្នុង​ករណី​មានការ​ជួយ​សម្រួល និង​បន្ធូរ​បន្ថយពន្ធ​នាំ​ចូល​គ្រឿង​បង្គុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​រថយន្ត​ដែល​ដំឡើង​នៅ​កម្ពុជា ក៏​អាច​មាន​តម្លៃ​ខ្ពស់​ជាង​រថយន្ត​នាំ​ចូល​ដែរ ប្រសិនបើ​គ្មាន​ជួយ​សម្រួល​ពី​រាជរដ្ឋាភិបាល​លើ​បញ្ហា​ពន្ធ​។ ខ្ពស់​ជាង ក៏​ដោយសារ​រថយន្ត​ដំឡើង​ក្នុងស្រុក​ត្រូវ​ចំណាយ​ច្រើន​លើ​តម្លៃ​ពលកម្ម​របស់​បុគ្គលិក កម្មករ និង​ថ្លៃ​ភ្លើង​ជាដើម​។

ជុំវិញ​ការ​សាងសង់​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត Ford នៅ​ខេត្តពោធិ៍សាត់​នេះ​ដែរ នា​ជំនួប​ជាមួយ​ឯកឧត្តម Michael Michlalk អនុប្រធាន​ជាន់ខ្ពស់​នៃ​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អា​មេ​រិ​ក​-​អាស៊ាន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ និង​សំដែង​ការ​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​បាន​ដំឡើង​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត Ford នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ សម្តេច​តេ​ជោ លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​វិនិយោគ និង​ស្វែងរក​វិស័យ​សក្តានុពល​នានា​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

ក្រៅពី​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត Ford នៅ​ខេត្តពោធិ៍សាត់ ប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដែល​នាំ​ដោយ​ឯកឧត្តម Michael ក៏​បាន​ពិភាក្សា​លើ​វិស័យ​ថាមពល សុខាភិបាល និង​ការ​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ផង​ដែរ​។ ពាក់ព័ន្ធ​វិស័យ​ថាមពល សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា កម្ពុជា​កំពុង​ប្រើប្រាស់​អគ្គិសនី​ផលិត​ដោយ​វា​រី​អគ្គិសនី​សរុប​ទាំងអស់​មាន ៦៤% សូ​ឡា​មាន​ជាង​៤% និង​ជីវឧស្ម័ន​ចំនួន ០,២៨%​។

គួរ​បញ្ជាក់​ថា រោងចក្រ​ដំឡើងរថយន្ត Ford នេះ សាងសង់​លើ​ផ្ទៃដី​៤​ហិ​កតា ស្ថិត​នៅ​ភូមិ​សា​វ័ន ឃុំ​ស្នា​អ​ន្យា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ រោងចក្រ​នេះ​អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​បាន​ប្រមាណ​៥០០​នាក់ និង​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​បាន​ប្រមាណ​១​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចូលសត្វជ្រូក និងសាច់ជ្រូកខុសច្បាប់នៅតែបន្តក្ដីកង្វល់ដល់ក្រុមចិញ្ចឹមជ្រូកក្នុងស្រុក

ព័ត៌មាន
បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បើទោះបី កន្លងមក ក្រសួងកសិកម្…

ប្រេសិតពិសេសរបស់ប្រធានអាស៊ានឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ