ពន្ធគយលើទំនិញអូស្ត្រាលី

ហេតុអ្វីចិនយល់ព្រមពិនិត្យពន្ធគយ ដែលខ្លួនបានដាក់២២០% លើការនាំចូលស្រារបស់អូស្ត្រាលី?


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស បាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ថា ប្រទេសចិន បានយល់ព្រមពិនិត្យឡើងវិញនូវពន្ធគយ ដែលចិនបានដាក់ទៅលើការនាំចូលស្រារបស់ប្រទេសអូស្ត្រាលី ដោយជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីផ្អាកជម្លោះនៅអង្គការពាណិជ្ជកម្មពិភពលោក ដែលអូស្ត្រាលី បានប្តឹងទីក្រុងប៉េកាំង កាលពីខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ពន្ធគយលើទំនិញអូស្ត្រាលី
ដោយ

ការសម្រេចចិត្តពិនិត្យមើលពន្ធគយឡើងវិញរបស់ប្រទេសចិននេះ បានធ្វើឡើងនៅមុនពេលលោក អាល់បានីស គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៤-៧ ខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដែលជាសញ្ញាបង្ហាញពីការបង្កើនទំនាក់ទំនងទ្វេភាគី ហើយទស្សនកិច្ចនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអូស្ត្រាលី ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៦។

លោក អាល់បានីស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសអូស្ត្រាលី បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរបស់ប្រទេសចិន ដើម្បីពិនិត្យឡើងវិញនូវតារាងពន្ធគយរបស់ខ្លួន ដោយបន្ថែមថា ដំណើរការពិនិត្យមើលឡើងវិញនូវពន្ធគយនេះត្រូវបានរំពឹងថា នឹងចំណាយពេល៥ខែ។ ជាមួយគ្នានេះលោក អាល់បានីស កំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ព្រោះវាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាបាននូវទំនាក់ទំនងប្រកបដោយស្ថិរភាព និងផលិតភាព។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក ដន ហ្វារ៉េល បានផ្តល់សញ្ញាថា ទីក្រុងកង់បេរ៉ា ត្រៀមនឹងដកសំណុំរឿងចំនួន២ករណីនៅអង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងប្រទេសចិន ប្រសិនបើមហាអំណាចអាស៊ីមួយនេះបង្ហាញ«សុច្ឆន្ទៈ»ក្នុងការទម្លាក់បម្រាមពាណិជ្ជកម្មរបស់ខ្លួន។

មកទល់ពេលនេះ ទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងលើការនាំចូលធ្យូងថ្ម និងស្រូវបាឡេរបស់អូស្ត្រាលីរួចហើយ។

សូមរំលឹកថា ប្រទេសចិន បានដាក់ទណ្ឌកម្មទៅលើការនាំចូលផលិតផលមួយចំនួនរបស់អូស្ត្រាលីដូចជាស្រា ស្រូវបាឡេ និងធ្យូងថ្ម ក្នុងឆ្នាំ២០២០ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីបានជូរចត់ដោយសារបញ្ហាជាបន្តបន្ទាប់រួមទាំងការព្រួយបារម្ភពីសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងការអំពាវនាវរបស់ទីក្រុងកង់បេរ៉ាឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើប្រភពដើមនៃការផ្ទុះមេរោគកូវីដ ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន។

នៅពេលនោះប្រទេសចិន បានដាក់ពន្ធលើការនាំចូលស្រារបស់អូស្ត្រាលីរហូតដល់២២០% នៅក្នុងឆ្នាំ២០២០ ខណៈដែលទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺន។

បើតាមរដ្ឋាភិបាលអូស្ត្រាលី បានឱ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ដែលស្មើនឹងជិតមួយភាគបីនៃពាណិជ្ជកម្មសរុបរបស់ខ្លួន ដោយការនាំចេញស្រារបស់អូស្ត្រាលីទៅកាន់ប្រទេសចិន មានតម្លៃជាង១ពាន់លានដុល្លារនៅពេលនោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាស ស្របពេលអាម៉េរិកកំពុងជំរុញឱ្យបង្កើនជំនួយ

ព័ត៌មាន
អ៊ីស្រាអែលនៅតែបន្តវាយលុកភាគខាងត្បូងតំបន់ហ្គាហ្សា ជាមួយនឹងការបាញ់រ៉ុក្កែត និងទម្លាក់គ្រាប់បែកតាមផ្លូវអាកាស កាលពីថ្ងៃអាទិត្យ ហើយបាននិយាយថ…

វៀតណាមបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម២% ដើម្បីជំរុញការចាយវាយរបស់ប្រជាពលរដ្ឋ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានផ្តល់ភ្លើងខៀវដល់សំណើរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីបន្តការអនុវត្តការកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន២ភាគរយ រហូតដល់ពាក់កណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ