វៀតណាម-រុស្ស៊ី

តើវៀតណាមពិតជាចង់ងាកចេញពីការផ្គត់ផ្គង់អាវុធរបស់រុស្ស៊ី ឬយ៉ាងណា?


ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូ បានចាប់ផ្តើមការតាំងពិព័រណ៍អន្តរជាតិលើកដំបូងរបស់ខ្លួន ដែលបានដាក់បង្ហាញសម្ភារៈយោធាការពារជាតិជាច្រើន ស្របពេលដែល ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមដកខ្លួនឆ្ងាយពីការពឹងផ្អែកខ្លាំងលើប្រទេសរុស្ស៊ីសម្រាប់ការទិញសព្វាវុធ។ កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយដូចនេះ ធ្វើឡើងស្របពេលដែល អន្តរជាតិមិនថា ក្នុងវិស័យណានោះទេបានដាក់ឱ្យរុស្ស៊ីនៅឯកោ ចាប់តាំងពីបានឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ឈប់ពឹងរុស្ស៊ី វៀតណាមងាករកប្រទេសដទៃនិងជំរុញការផលិតអាវុធឯង!

ត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិវៀតណាម ពិព័រណ៍អន្តរជាតិវិស័យការពារជាតិវៀតណាម​ឆ្នាំ២០២២ បានចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨ខែធ្នូ នៅអាកាសយានដ្ឋាន ង៉ៃ ឡាម(Gia Lam) ដែលជាអាកាសយានដ្ឋានយោធា មានទីតាំងនៅទីក្រុងហាណូយ ដោយមានក្រុមហ៊ុនអ្នកចូលរួមតាំងបង្ហាញនៅក្នុងពិព័រណ៍ប្រមាណ១៧០ មកពី៣០ប្រទេស។

ពិព័រណ៍លើកដំបូងរបស់វៀតណាមនេះ ធ្វើឡើងរយៈពេល៣ថ្ងៃពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ចុងសប្តាហ៍។ ព្រឹត្តិការណ៍ដំធំនេះផងដែរ ដំបូងឡើយគ្រោងធ្វើឡើង​នៅឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ១៩។ បន្ទាប់ពីនេះ រដ្ឋាភិបាល​ក្រុងហាណូយគ្រោង​រៀបចំ​ព្រឹត្តិការណ៍​នេះ​រៀងរាល់​ពីរ​ឆ្នាំ​ម្តងផងដែរ។

ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ គេសង្កេតឃើញមានក្រុមហ៊ុនផលិតអាវុធធំៗ​មកចូល​រួម​ដាក់បង្ហាញផលិតផល​របស់ខ្លួនក្នុងនោះ​មានដូចជា ក្រុម JSC Rosoboronexport របស់រុស្ស៊ី, ក្រុមហ៊ុន Lockheed Martin របស់អាមេរិក ក្រុម Airbus របស់អឺរ៉ុប ក្រុមហ៊ុន BrahMos Aerospace របស់ឥណ្ឌា និងក្រុមហ៊ុន Mitsubishi របស់ជប៉ុន។ ប៉ុន្តែគេមិនឃើញមានក្រុមហ៊ុនមកពីប្រទេសចិនឡើយ។​

ឧត្តមសេនីយ៍ឯក ង្វៀន វៀតហុង(Nguyen Viet Hung) ស្នងការរងនយោបាយទទួល​បន្ទុកឧស្សាហកម្មការពារជាតិវៀតណាម​ប្រាប់អ្នកយកព័ត៌មានថា គោលបំណងនៃ​ពិព័រណ៍នេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតលើ​វិស័យ​ការពារជាតិ កសាងទំនុកចិត្តរវាងវៀតណាម និងប្រទេសនានា។ លោក​ក៏​បាន​បង្ហើប​ពី​ចេតនា​របស់វៀតណាម​ក្នុង​ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែកទិញ​អាវុធពី​រុស្ស៊ីផងដែរ។

គួរជម្រាបថា វៀតណាមបានពឹងផ្អែកលើសព្វាវុធរបស់រុស្ស៊ីជាង៧០% នៃសព្វាវុធដែលបាននាំចូលសរុបរបស់ខ្លួន ហើយសម្ភារៈធន់ធ្ងន់ភាគច្រើនដែលវៀតណាមមាន គឺសុទ្ធសឹងជាផលិតផលរបស់ប្រទេសរុស្ស៊ី។ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនង​ការពារជាតិ​យ៉ាងជិតស្និទ្ធ​ចាប់តាំងពីសម័យសហភាពសូវៀត និងជំនាន់សង្រ្គាមត្រជាក់ នៅពេលដែលទីក្រុងម៉ូស្គូបានផ្តល់ការគាំទ្រ​ដល់វៀតណាមខាងជើង ក្នុងសង្គ្រាមវៀតណាម។

ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហម(Stockholm) បង្ហាញថា ការពឹងផ្អែកវិស័យសព្វាវុធរបស់ទីក្រុងហាណូយលើ​ប្រទេសរុ​ស្ស៊ីបានចាប់ផ្តើមផ្លាស់ប្តូរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាក់ស្តែងនៅ៥ឆ្នាំចុងក្រោយ ការពឹងផ្អែករបស់ហាណូយ​លើម៉ូស្គូ ធ្លាក់ចុះមកនៅ​ក្រោម ៦០% គិតត្រឹមឆ្នាំ២០២១ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានលេចមុខជាអ្នកផ្គត់ផ្គង់​របស់វៀតណាមជាលើកដំបូងចាប់ពីឆ្នាំ២០១៧ ពោលគឺនៅមួយឆ្នាំបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន​បានលុបចោលការហាមឃាត់ការលក់អាវុធទៅទីក្រុងហាណូយ។ ទោះជាយ៉ាងណាក៏ដោយ សម្ភារៈយោធាដែលវៀតណាម​កំពុងដាក់ពង្រាយប្រើប្រាស់ នៅតែមិនទាន់អាចជំនួស​ផលិតផល​របស់រុស្ស៊ីបាន។

កាលពីខែមីនាឆ្នាំនេះ វៀតណាមបានបោះឆ្នោតអនុប្បវាទក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិលើការ​ថ្កោលទោស​រុស្ស៊ី​ជុំវិញ​​ការ​ឈ្លានពាន​អ៊ុយក្រែន។ ក្រោយមកនៅខែមេសា វៀតណាមបានបោះឆ្នោតប្រឆាំង ចំពោះសំណើព្យួររុស្ស៊ី​ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ទោះយ៉ាងណា ខណៈ​ការ​រិះគន់​ពីអន្តរជាតិ​ប្រឆាំង​នឹង​រុស្ស៊ី​​កើនឡើង ការទិញ​អាវុធ​របស់​វៀតណាម​អាច​នឹង​មិន​មាន​ស្ថិរភាព​ដូច​ពីមុន​ឡើយ។

គួរកត់សម្គាល់ដែរថា វៀតណាមបានបង្កើន​កិច្ចសហការឧស្សាហកម្មយោធាជាមួយកូរ៉េខាងត្បូងផងដែរ កាលពីពេលថ្មីនេះ នៅស្របពេលដែលកូរ៉េខាងត្បូងបានវ៉ាដាច់ប្រទេសចិន ក្លាយជាអ្នកនាំចេញសព្វាវុធទៅក្រៅប្រទេសច្រើនជាងគេលំដាប់ទី៤ពិភពលោក​៕




អត្ថបទបន្ទាប់


វៀតណាម និងកម្ពុជាកំពុងស្រូបទាញក្រុមហ៊ុនផលិតសម្លៀកបំពាក់ជប៉ុន ដែលរើផលិតកម្មពីចិនកាន់តែច្រើន

ព័ត៌មាន
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ជប៉ុនសំខាន់ៗមួយចំនួនកំពុងផ្លាស់ប្តូរផលិតកម្មរបស់ពួកគេនៅក្រៅប្រទេសកាន់តែច្រើនដោយចាកចេញពីប្រទេសចិនទៅកាន់តំបន់អ…

ច្បាប់លក់សព្វាវុធរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់នឹងកើនឡើងរហូតដល់ ១០ ពាន់លានដុល្លារ

ព័ត៌មាន
សភាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបោះឆ្នោតឱ្យបានឆាប់នៅថ្ងៃពុធ ទី៧ ខែធ្នូ លើច្បាប់ស្តីពីគោលនយោបាយយោធាដ៏មហាសាល ដែលអនុញ្ញាតឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ