ការលើកលែងពន្ធលើមុខទំនិញមួយចំនួនពីរដ្ឋ ជួយរក្សាតម្លៃទំនិញលើទីផ្សារ

អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកការលើកលែងពន្ធលើមុខទំនិញមួយចំនួនពីរដ្ឋជាការរួមចំណែកជួយរក្សាតម្លៃទំនិញលើទីផ្សារ


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារចាំបាច់មួយចំនួន ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុងនៃវិបត្តិកូវីដ-១៩។ ការលើកលែងនេះ មានរយៈពេលពីរឆ្នាំ ដោយអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២២ ដល់ដំណាច់ឆ្នាំ២០២៣។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)

អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកការទទួលបន្ទុកអាករលើតម្លៃបន្ថែមពីរដ្ឋនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពពលរដ្ឋនោះទេ តែវាក៏ជាផ្នែកមួយជួយរួមចំណែករក្សាអតិផរណាតម្លៃទំនិញលើទីផ្សារផងដែរ។ អ្នកជំនាញជឿជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តដាក់ចេញវិធានការជាបន្តបន្ទាប់ទៀត ប្រសិនបើការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានក្នុងសហគមន៍។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានចាត់ទុកការដាក់ចេញយន្តការលើកលែងអាករលើតម្លៃបន្ថែមលើមុខទំនិញមួយចំនួនដែលជាអាហារចាំបាច់របស់ប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាល គឺជាគោលនយោបាយមួយ ដ៏សមស្របក្នុងបរិបទបច្ចុប្បន្ន។ ព្រោះយន្តការនេះ វានឹងជួយរួមចំណែករក្សាស្ថិរភាពតម្លៃទំនិញលើទីផ្សារមិនឲ្យឡើងថ្លៃខ្ពស់ ដែលជាផ្នែកមួយជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ យន្តការនេះ ក៏ជាកត្តាមួយជួយរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រតិបត្តិករ អាជីវករ និងជីវភាពរស់នៅប្រជាពលរដ្ឋទូទៅផងដែរ។

អ្នកជំនាញរូបនេះសង្កេតឃើញថា វិបត្តិកូវីដ-១៩ ពីរឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃបន្ទាប់ពីប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ខណៈតម្លៃទំនិញចាំបាច់មួយចំនួនត្រូវបានជនឆ្លៀតឱកាសដំឡើងថ្លៃ។ ដូច្នេះតាមរយៈយន្តការនេះលោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា វានឹងជួយសម្រួលការលំបាក និងរួមចំណែកស្តារ និងជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយសម្រេចដាក់អាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារចាំបាច់របស់ពលរដ្ឋមួយចំនួនជាបន្ទុករបស់រដ្ឋ។ ប៉ុន្តែសេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ថា បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ។ 

ការលើកលែងអាករលើតម្លៃបន្ថែមនេះមានរយៈពេលពីរឆ្នាំ ដោយអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៣។ មុខទំនិញដែលទទួលបានការលើកលែងរួមមានទឹកត្រី ស្ករ អំបិល ទឹកស៊ីអ៊ីវ ត្រីទឹកសាប និងប្រៃ និងមុខទំនិញប្រភេទសាច់ និងស៊ុតចិញ្ចឹម។

ស្របពេលកម្ពុជា កំពុងទទួលរងនូវរលកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងក្នុងសហគមន៍ លោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ដើម្បីជួយដោះស្រាយ និងសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ ការដាក់ចេញយន្តការរឿងសំខាន់មួយ តែអ្វីដែលកាន់តែសំខាន់ទៀតនោះ គឺរាជរដ្ឋាភិបាលគួរតាមដានការអនុវត្តវិធានការទាំងនោះឲ្យប្រកបដោយប្រសិទ្ធភាព៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គទេសាភិបាលធនាគារជាតិ៖ ការរក្សាបាននូវស្ថិរភាពតម្លៃប្រាក់រៀល គឺជាការរួមចំណែកក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ស្ថិតនៅក្នុងស្ថានភាពនៃការរីករាតត្បាតជំងឺកូវីដ-១៩ ការគ្រប់គ្រងតម្លៃប្រាក់រៀល ដែលប្រកបដោយប្រសិទ្ធភាព វាពិតជាមានសារៈសំខាន់ណាស់ នៅក្នុងវិស័យ…

ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តប្រាប់ពីមូលហេតុ នៃកង្វះទឹកប្រើប្រាស់តាមតំបន់មួយចំនួននៅភ្នំពេញ

ព័ត៌មាន
ប្រជាពលរដ្ឋរស់នៅតាមតំបន់មួយចំនួន ពិសេសនៅជាយរាជធានីភ្នំពេញនៅតែបន្ដ នាំគ្នារអ៊ូរទាំរឿងបញ្ហា រអាក់រអួល និងកង្វះទឹកសម្រាប់ប្រើប្រាស់ ពិសេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ