រីសហភាពអឺរ៉ុប - ចិន

មន្ត្រីសហភាពអឺរ៉ុបគាំទ្រផែនការកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើប្រទេសចិន


ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរែល បាននិយាយថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីសហភាពអឺរ៉ុបបានគាំទ្រផែនការនៃគោលនយោបាយថ្មី ក្នុងការកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់សហគមន៍នេះលើប្រទេសចិន ប៉ុន្តែនឹងត្រូវរកវិធីធ្វើឱ្យវាក្លាយជាការពិតជាក់ស្តែង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អឺរ៉ុបចេញគោលនយោបាយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន

លោក ចូសេប បូរែល ប្រមុខការទូតសហភាពអឺរ៉ុប បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសក្នុងសហភាពអឺរ៉ុបបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់ផែនការកែសម្រួលគោលនយោបាយចំពោះប្រទេសចិន ដើម្បីបន្ថែមទម្ងន់កាន់តែខ្លាំងលើតួនាទីរបស់ប្រទេសចិនក្នុងនាមជាអ្នកប្រលងប្រណាំងផ្នែកនយោបាយ ទន្ទឹមគ្នានឹងការបន្តមើលទៅទីក្រុងប៉េកាំងថាជាដៃគូលើបញ្ហាពិភពលោកផង និងជាដៃគូប្រជែងផ្នែកសេដ្ឋកិច្ចផង។

មន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់របស់អឺរ៉ុបរូបនេះ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងស្តុកខុំ ថា «សហសេវិកបានទទួលស្វាគមន៍ឯកសារគោលនយោបាយដែលយើងបានបង្ហាញ។ ពួកគេយល់ស្របលើបន្ទាត់នយោបាយមូលដ្ឋាននៃការកែសម្រួលយុទ្ធសាស្រ្តរបស់យើងចំពោះប្រទេសចិនឡើងវិញ»។ លោក បូរែល បានថ្លែង ថា ៖ « ពេលណាដែល ការ ពឹង ផ្អែក នេះធំ ខ្លាំងពេក វាជា ហានិភ័យ » ។

លោក ចូសេប បូរែល បានបន្តថា សហភាពអឺរ៉ុបត្រូវតែរៀនពី«កំហុសផ្នែកយុទ្ធសាស្ត្រ»ដែលខ្លួនបានធ្វើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុនពេលមានសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ទាក់ទងនឹងការពឹងផ្អែកខ្លាំងពេកលើឧស្ម័នរបស់ទីក្រុងមូស្គូ។ លោក បូរែល បន្ថែមថា សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននេះកាន់តែពឹងផ្អែកទៅលើប្រទេសចិនខ្លាំងជាងការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីទៅទៀត បើនិយាយចំពោះបច្ចេកវិទ្យាគន្លឹះៗ ដូចជាបន្ទះកញ្ចក់ស្រូបពន្លឺព្រះអាទិត្យ និងសម្ភារៈសំខាន់ៗផ្សេងៗទៀត។

ប្រមុខការទូតអឺរ៉ុបបានគូសនិយាយទៀតថា «ការកាត់បន្ថយហានិភ័យគ្រាន់តែជាពាក្យមួយទេ។ ប៉ុន្តែនៅពីក្រោយពាក្យនេះ មានការងារជាច្រើនដែលត្រូវការពេលវេលា ដើម្បីពិនិត្យមើលឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយប្រទេសចិន»។ លោក បូរែល បានសង្កត់ធ្ងន់ថា គោលបំណងគឺមិនមែនដើម្បី«ផ្តាច់»សេដ្ឋកិច្ចអឺរ៉ុបពីប្រទេសចិនទេ ប៉ុន្តែដើម្បីរក្សាតុល្យភាពទំនាក់ទំនងឡើងវិញ។

ស្របគ្នានេះ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក ហ្កាប្រៀលើស ឡេនស្បឺហ្គីស បានព្រមានថា ទោះបីជាសហភាពអឺរ៉ុបមិនចង់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចពីប្រទេសចិនក៏ដោយ ក៏សហភាពនេះចាំបាច់ត្រូវរៀបចំខ្លួនសម្រាប់ស្ថានការណ៍បែបនេះដែរ។

មន្ត្រីនានានឹងត្រូវកែលម្អសេចក្ដីព្រាងផែនការខាងលើ ដើម្បីដាក់ជូនមេដឹកនាំសហភាពអឺរ៉ុបដែលគ្រោងពិភាក្សាគ្នាអំពីប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលនាខែមិថុនា។ ផែនការនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតដើម្បីធ្វើឱ្យមានតុល្យភាពរវាងទស្សនៈនៃប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប ដើម្បីរក្សាវិធីសាស្រ្តដោយឡែករបស់សហភាពអឺរ៉ុបចំពោះទីក្រុងប៉េកាំង និងដើម្បីរក្សាភាពជាដៃគូជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោនដែលកំពុងជំរុញឱ្យមានជំហរតឹងរ៉ឹងចំពោះប្រទេសចិន។

យោងតាមផែនការនោះ ការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកនឹង«នៅតែចាំបាច់» ហើយអឺរ៉ុបគួរតែ «ធ្វើពិពិធកម្មប្រភពនៃការផ្គត់ផ្គង់ក្នុងវិស័យសំខាន់ៗ ជាពិសេសផ្នែកដែលមានសារៈសំខាន់ចំពោះការផ្លាស់ប្តូរទៅរកថាមពលបៃតង និងបច្ចេកវិទ្យាជីថល ដូចជាគ្រឿងចម្លងអគ្គិសនីល្អិតៗទំនើបៗ, ទូរគមនាគមន៍ជំនាន់ទី៥ និងជំនាន់ទី៦, អាគុយ, វត្ថុធាតុដើម, និងរ៉ែសំខាន់ៗផ្សេងទៀត៕




អត្ថបទបន្ទាប់


អ្នកជំនាញឧស្សាហកម្មថៃថា ការសន្យារបស់អ្នកនយោបាយ ដែលថានឹងដំឡើងប្រាក់ ឈ្នួល កំពុងគំរាមកំហែងដល់ការវិនិយោគ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មនៅប្រទេសថៃបានអះអាងថា ការសន្យារបស់អ្នកនយោបាយថៃមួយចំនួននៅក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅ ដែលថានឹងតម្លើងប្រាក់…

វៀតណាមបង្កើតបានពូជពោតផ្អែមមួយប្រភេទ ដែលអាចទទួលទានឆៅបាន

ព័ត៌មាន
ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាមមួយក្រុម បានស្រាវជ្រាវ និងបង្កាត់បានពូជពោតផ្អែមមួយប្រភេទ ដែលគេអាចទទួលឆៅបាន ដោយមិនចាំបាច់ចម្អិន ឬកែច្នៃនោះឡើយ។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ