ការផ្តល់កម្ចីក្រៅផ្លូវការ Vs ការផ្តល់កម្ចីផ្លូវការ

តើការផ្តល់កម្ចីក្រៅផ្លូវការ អាចធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានផ្តល់កម្ចី ដែលមានច្បាប់ត្រឹមត្រូវយ៉ាងណាខ្លះ?


ទោះបីវិស័យធនគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែយើងសង្កេតឃើញថា ការផ្តល់កម្ចីពីក្រុមហ៊ុន ឬអ្នកមានធនធាន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនៅតែមានសកម្មភាពរីកដុះដាលខ្លាំងនៅកម្ពុជា។
តើការផ្តល់កម្ចីក្រៅផ្លូវការ អាចធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានផ្តល់កម្ចី ដែលមានច្បាប់ត្រឹមត្រូវយ៉ាងណាខ្លះ?

ជាពិសេសនៅមួយរយៈចុងក្រោយមានក្រុមហ៊ុននិងអ្នកមានធនធានមួយចំនួនបានធ្វើសកម្មភាពផ្តល់កម្ចីតាមរយៈបណ្តាញសង្គមយ៉ាងអនាធិបតេយ្យ រហូតធ្វើឲ្យធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ និងព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងផ្តល់កម្ចីទាំងនោះ។ យ៉ាងណាមិញអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវ ដ្បិតវាមានហានិភ័យទាបក្នុងការវ័ណ្ឌកជាមួយបំណុល។ តើការផ្តល់កម្ចីក្រៅផ្លូវការអាចធ្វើឲ្យធ្វើប៉ះពាល់ដល់គ្រឹះស្ថានផ្តល់កម្ចីផ្លូវការយ៉ាងណាខ្លះ?

ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានអះអាងថា ការផ្តល់កម្ចីពីក្រុមហ៊ុន ឬអ្នកមានលុយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវមិនបានធ្វើឲ្យប៉ះពាល់ដល់ការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុន្មាននោះទេ។ ប៉ុន្តែវាអាចជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ ប្រសិនបើការទារប្រាក់ត្រឡប់របស់ក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីក្រៅផ្លូវការគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកទទួលកម្ចី។ ទោះបីការផ្តល់កម្ចីក្រៅផ្លូវការពុំបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់គ្រឹះស្ថានផ្តល់កម្ចីផ្លូវការ តែការផ្តល់កម្ចីរបៀបនេះវាមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យអ្នកខ្ចីប្រាក់វ័ណ្ឌកជាមួយបំណុល ដ្បិតកម្ចីក្រៅផ្លូវការមានអត្រាការប្រាក់ខ្ពស់។ សម្រាប់ ឧកញ៉ា ហួត អៀងតុង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធគួរតែពង្រឹងការគ្រប់គ្រងការផ្តល់កម្ចីតាមប្រព័ន្ធអេឡិចត្រូនិច ជាពិសេសក្រសួង ស្ថាប័ន ដែលធ្វើការលើការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាត្រូវចាត់វិធានការលើក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីតាមអនឡាញទាំងនោះ ដើម្បីចូលរួមកាត់បន្ថយហានិភ័យជូនប្រជាពលរដ្ឋ។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយឥទ្ធិពលឬលុបបំបាត់ការផ្តល់កម្ចីក្រៅផ្លូវការ នាពេលកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្សព្វផ្សាយ និងផ្តល់នូវវគ្គបណ្តុះបណ្តាល ក៏ដូចជាការបង្កើតឲ្យមានជាវីដេអូអប់រំខ្លីៗយ៉ាងច្រើន ក្រោមកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីឲ្យសាធារណជនទទួលបាននូវចំណេះដឹង ប្រុងប្រយ័ត្ន និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះលោកស្រីម៉ារ អមរា ទឹកចិត្តឲ្យសាធារណជន និងប្រជាពលរដ្ឋជ្រើសរើសការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដ្បិតវាមានហានិភ័យទាប និងកាត់បន្ថយហានិភ័យវ័ណ្ឌកជាមួយបំណុលខ្ពស់។

ជុំវិញការផ្តល់កម្ចីក្រៅផ្លូវការនេះ ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្ចីពីក្រុមហ៊ុន ឬអ្នកផ្តល់កម្ចី ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដ្បិតវាមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋផុងខ្លួនជាមួយបំណុលវ័ណ្ឌក ព្រោះការផ្តល់កម្ចីក្រៅផ្លូវការមានអត្រាការប្រាក់ខ្ពស់ ជាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ។ ទន្ទឹមនឹងនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតផងដែរ។ ការដាស់តឿន និងព្រមានបែបនេះ ធ្វើឡើងក្រោយធនាគារជាតិនៃកម្ពុជាសង្កេតឃើញនៅមួយរយៈចុងក្រោយមានក្រុមហ៊ុនឯកជន និងអ្នកផ្តល់កម្ចីមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើមពាក់ព័ន្ធនឹងសេវាកម្មកម្ចីដែលគ្មានច្បាប់អនុញ្ញាត៕
អត្ថបទបន្ទាប់


រថយន្តអគ្គីសនីចិនអាចនឹងធ្វើឲ្យរង្គោះរង្គឺដល់តួនាទីនាំមុខនៃរថយន្តជប៉ុននៅក្នុងទីផ្សារនៅថៃ

ព័ត៌មាន
ការរីកដុះដាលនិងប្រណិតភាពនៃរថយន្តអគ្គីសនី ដែលកំពុងតែផលិតដោយប្រទេសចិន បាននិងកំពុងតែគំរាមកំហែងដល់ការកាន់កាប់ចំណែកទីផ្សាររបស់ក្រុមហ៊ុន…

កត្តាអ្វីខ្លះបានទាញទម្លាក់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាជាង១២%នៅឆមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ការសម្រេចកាប់ដំណាំស្វាយចន្ទី ពីកសិករមួយចំនួន និងការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុកបានក្លាយជាបញ្ហាប្រឈមសម្រាប់ផលិតកម្មដំណាំស្វាយចន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ