ប្រទេសឥណ្ឌា

ឥណ្ឌានឹងចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដ-១៩ជាថ្មីនៅឆ្នាំ២០២២


នេះជាដំណឹងល្អមួយសម្រាប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងខ្វះខាតវ៉ាក់សាំងកូវីដ១៩ចាក់ជូនពលរដ្ឋរបស់ខ្លួន ដ្បិតថាប្រទេសឥណ្ឌា ដែលប្រទេសមានរោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ១៩ធំមួយរបស់ពិភពលោកបានប្រកាសពីផែនការនឹងនាំចេញវ៉ាក់សាំងកូវីដ-១៩ឡើងវិញនៅឆ្នាំ២០២២ ក្រោយពីប្រទេសមួយនេះ បានផ្អាកការនាំចេញអស់រយៈពេលជាច្រើនខែមកហើយ ក្រោយពេលដែលកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងក្លានៅក្នុងប្រទេសឥណ្ឌា ដែលធ្វើឲ្យតម្រូវការវ៉ាក់សាំងក្នុងស្រុកកើនឡើង។
គ្រូពេទ្យនៅប្រទេសឥណ្ឌាកំពុងតែធ្វើការចាក់វ៉ាក់សាំងជូនប្រជាជន
ដោយ

លោក អូ​រូ​រ៉ា (Aurora) ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស​ជាតិ​ឥណ្ឌា​ស្តី​ពី​ការ​ចាក់​ថ្នាំ​បង្ការ បាន​លើក​ឡើង​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា «​រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ជិត ៦០​ឯណោះ​នៅ​លើ​ពិភពលោក ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​យក​ទៅ​ប្រើប្រាស់ ហើយ​ឥណ្ឌា​នឹង​ក្លាយជា​អ្នក​ដែល​អាច​បំពេញ​ចំណែក​ខ្វះខាត​វ៉ាក់សាំង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ ក្នុង​ឆ្នាំ​២០២២» ។

ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ លោក អា​រ៉ូ​រ៉ា បាន​បន្ត​ទៀត​ថា ដរាបណា​ឥណ្ឌា​សម្រេចការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញវ័យ​បាន​គ្រប់​ចំនួន នោះ​យើង​នឹង​អាច​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ផ្តល់​ឲ្យ​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក ដូច​អ្វី​ដែល​ឥណ្ឌា​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​។

មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា យ៉ាង​យូរ​ត្រឹម​ចុងឆ្នាំ​២០២១​នេះ ឥណ្ឌា​អាច​ផលិត​បាន​វ៉ាក់សាំង​នៅ​ក្នុងស្រុក​ដល់​ទៅ ៦​ប្រភេទ​ផ្សេង​ៗ​គ្នា​។ យ៉ាងណាមិញ វ៉ាក់សាំង​ដែល​ឥណ្ឌា​ផលិត​បាន ហើយ​ត្រូវ​បាន​ទទួលស្គាល់​និង​ប្រើប្រាស់​ដោយ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក គឺ​មាន​តែ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​វិទ្យាស្ថាន​សេរ៉ូម​របស់​ឥណ្ឌា (Serum Institute of India) ឬ​អាច​ហៅ​បាន​ថា Covishield តែ​ប៉ុណ្ណោះ​។

គួរ​ជម្រាប​ថា ឥណ្ឌា​កាលពីដើម​ឆ្នាំ​២០២១ ធ្លាប់​ជា​ប្រទេស​អ្នក​ផលិត និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ធំ​ជាងគេ​មួយ​របស់​ពិភពលោក​។ ជាមួយនឹង​នយោបាយ​ការទូត​វ៉ាក់សាំង​របស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រី​ន​ដ្រា ម៉ូ​ឌី បាន​ផ្តើម​នាំ​ចេញ​វ៉ាក់សាំង​ទៅ​ប្រទេស​ក្រីក្រ​មួយ​ចំនួន បូក​រួម​នឹង​ប្រទេស​ក្បែរ​ខាង​ឥណ្ឌា​ផង​ដែរ​។ ប៉ុន្តែ​ជា​អកុសល រលក​ឆ្លង​លើក​ទី​២​ដ៏​កាច​សាហាវ​នៅ​ឥណ្ឌា បាន​មក​កាត់​ផ្តាច់​ខ្សែ​សង្វា​ក់​ផលិត និង​ផ្គត់ផ្គង់​វ៉ាក់សាំង ពិសេស​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​សម្រាប់​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​។ ចាប់តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​ឥណ្ឌា​បាន​បង្វែរ​មក​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​ខ្លួន​ជា​មុន​សិន​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ឥណ្ឌា​ជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ច្រើន​ជាងគេ​លំដាប់​ទី​២​ក្នុង​លោក ជាមួយនឹង​ចំនួន​អ្នក​វិជ្ជមាន​កូ​វី​ដ​សរុប​ជិត ៣៣​លាន​នាក់ ស្លាប់​ជាង ៤៣​ម៉ឺន​នាក់ ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​សម្រេច​បាន​ចំនួន​ជិត ៦០០​លាន​ដូ​ស​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុននាវាដែលលួចដឹកប្រេងចេញពីកម្ពុជា ចេញមុខច្រានចោលការចោទប្រកាន់

ព័ត៌មាន
ក្រុមហ៊ុន World Tankers Management ដែលជាក្រុមហ៊ុនប្រតិបត្តិករគ្រប់គ្រងលើនាវាដឹកប្រេងមួយគ្រឿង ដែលបានលួចនាំយកប្រេងឆៅរបស់កម្ពុជាទៅកាលពីពេ…

អាមេរិកបង្ហាញជំនឿចិត្តនឹងគ្រប់គ្រងកូវីដ-១៩ឲ្យបាន នៅត្រឹមដើមឆ្នាំ២០២២

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងសម្រុកចាក់វ៉ាក់សាំងមែនទែននៅមួយរយៈចុងក្រោយនេះ ខណៈការចាក់២ដូសមិនទាន់បានគ្រប់គ្នាផង ថ្មីៗនេះអាមេរិកកំពុងត្រៀមចាក់វ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ