ការផ្ដាច់ការនាំចូលឧស្ម័នពីរុស្ស៊ី

លីទុយអានី ជាប្រទេសសហភាពអឺរ៉ុបដំបូងគេ ដែលហ៊ានផ្ដាច់ការនាំចូលឧស្ម័នពីរុស្ស៊ី


ប្រទេសលីទុយអានីបាននិយាយថា ខ្លួនបានកាត់ផ្តាច់ទាំងស្រុងនូវការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ដែលបានធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសដំបូងគេក្នុងចំណោមប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប ដែលឈប់ប្រើប្រាស់ឧស្ម័នរុស្ស៊ី ដើម្បីបំបែកការពឹងផ្អែកថាមពលរបស់ខ្លួនចេញពីទីក្រុងម៉ូស្គូ ក្រោយក្រុងម៉ូស្គូបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ABC News។
ក្រុមហ៊ុនចិនធំៗកំពុងតាមចែចូវទិញឧស្ម័នធម្មជាតិរាវ LNG

ក្រសួង​ថាមពល​របស់​ប្រទេស​លី​ទុ​យ​អា​នី​បាន​លើក​ឡើង នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ថា ប្រទេស​លី​ទុ​យ​អា​នី​បាន​កាត់​ផ្តាច់​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុ​ស្ស៊ី​ទាំងស្រុង ដែល​វិធានការ​នេះ​បាន​ចាប់ផ្តើម​អនុវត្ត ពី​ខែ មេ​សាត​ទៅ ហើយ​ការ​ស្វែងរក​ឯករាជ្យ​ថាមពល​ពេញលេញ​ពី​ឧស្ម័ន​របស់​រុ​ស្ស៊ី​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​របស់​រុ​ស្ស៊ី​ទៅ​លើ​សហភាព​អឺរ៉ុប និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ក្រសួង​ថាមពល​លី​ទុ​យ​អា​នី បាន​អះអាង​ថា ប្រទេស​លី​ទុ​យ​អា​នី បាន​គ្រប់គ្រង និង កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​របស់​រុ​ស្ស៊ី​មក​ត្រឹម​សូន្យ​តាំង​តែ​ពី​ថ្ងៃ​សៅរ៍​ទី ០៤ ខែមេសា​មក​ម្ល៉េះ ដែល​ជា​ការ​ផ្លាស់​ប្តូរ​មួយ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​រឿង​ដ៏​កម្រ​មួយ​ក្នុង​ការ​សម្រេច​បាន​នូវ​ឯករាជ្យ​ភាព​ថាមពល ក្នុង​ប្រទេស​ដែល​បាន​ប្រជាជន​ប្រមាណ​ជាង ២ លាន ៨ សែន​នាក់​។

រដ្ឋមន្ត្រីក្រសួង​ថាមពល​លោក ដៃ​នូ​ស ក្រេ​វី​ស៍ (Dainius Kreivys) បាន​និយាយ​ថា លី​ទុ​យ​អា​នី​ជា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ដំបូង​គេ ដែល​បាន​កាត់​ផ្ដាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ជាមួយនឹង​ឯករាជ្យ​ភាព​នៃ​ការ​ផ្គត់ផ្គង់ ហើយ​នេះ​គឺជា​លទ្ធផល​នៃ​គោលនយោបាយ​ថាមពល​ដែល​ជាប់​ទាក់ទង​គ្នា​ជា​ច្រើន​ឆ្នាំ និង ការ​សម្រេចចិត្ត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផលិត​ឧស្ម័ន​បាន​ទាន់​ពេលវេលា​របស់​ប្រទេស​សហភាព​អឺរ៉ុប​មួយ​នេះ​។

ប្រធានាធិបតី​លី​ទុ​យ​អា​នី​លោក ហ្គី​តា​ណាស នូ​យូ​ស៊ី​ដា (Gitanas Nauseda) បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា លោក​ពិតជា​រំភើប​ដែល​បាន​ទទួល​ឯករាជ្យ​នេះ​ណាស់ ហើយ​ថែម​ទាំង​បាន​ជំរុញ​ឱ្យ​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ធ្វើ​ដូច​គ្នា ដោយ​បាន​បន្ថែម​ថា ចាប់ពី​ខែ​នេះ​តទៅ  មិន​មាន​ឧស្ម័ន​រុ​ស្ស៊ី​ទៀត​ទេ​នៅ​ក្នុង​ប្រទេស​លី​ទុ​យ​អា​នី​។ 

គួរ​ជម្រាប​ថា ក្នុង​ឆ្នាំ ២០១៥ ជិត ១០០% នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ប្រទេស​លី​ទុ​យ​អា​នី​បាន​មក​ពី​ការ​នាំ​ចូល​ឧស្ម័ន​របស់​រុ​ស្ស៊ី ប៉ុន្តែ​ស្ថានភាព​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ប្រទេស​នេះ បាន​សាងសង់​ស្ថានីយ​នាំ​ចូល ឧស្ម័ន​ធម្មជាតិ​រាវ​នៅ​ឯនាយ​សមុទ្រ ដែល​បាន​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ ២០១៤​នៅ​ទីក្រុង​កំពង់​ផែ Klaipeda​។ កាលពី​ឆ្នាំ​មុន ការ​ផ្គត់ផ្គង់​ឧស្ម័ន​ចំនួន ២៦% របស់​ប្រទេស​លី​ទុ​យ​អា​នី​បាន​មក​ពី​ការ​ដឹក​ជញ្ជូន​ពី​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុ​ស្ស៊ី ខណៈ​ដែល ៦២% បាន​មក​តាម​រយៈ​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​រាវ របស់​កំពង់​ផែ Klaipedaនិង ១២% ទៀត​ត្រូវ​បាន​នាំ​ចូល​ពី​កន្លែង​ស្តុក​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​ឡា​ត​វី​យ៉ា ដែល​ជា​ប្រទេស​ជិតខាង​។

ក្រសួង​ថាមពល​អះអាង​ថា ចាប់ពី​ពេល​នេះ​តទៅ​ឧស្ម័ន​ទាំងអស់​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក​របស់​ប្រទេស​លី​ទុ​យ​អា​នី​នឹង​ត្រូវ​បាន​នាំ​ចូល​តាម​រយៈ​ស្ថានីយ ឧស្ម័ន​ធម្មជាតិ​រាវ​របស់​កំពង់​ផែ Klaipeda ។

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំក្រុងហុងកុងលោកស្រី Carrie Lam ប្រកាសមិនបន្ដដឹកនាំនៅអាណត្តិទី២នោះទេ

ព័ត៌មាន
មេដឹកនាំក្រុងហុងកុងលោកស្រី ខារី ឡេម (Carrie Lam) បាននិយាយនៅថ្ងៃទី ០៤ ខែមេសាថា លោកស្រីនឹងមិនស្វែងរកការឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីព…

ហេតុអ្វីខេត្តសៀមរាប មិនអនុញ្ញាតឲ្យសង់អគារខ្ពស់បាន?

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តសៀមរាប សម្បូរដោយសម្បត្តិបេតិកភណ្ឌ ដូច្នេះ ការអភិវឌ្ឍន៍អចលនទ្រព្យ ដោយការសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ