ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ីឆ្ពោះទៅរកការបោះឆ្នោតមុនកាលកំណត់ ក្រោយពីនាយករដ្ឋមន្ត្រីប្រកាសរំលាយសភា


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មែល សាព្រី យ៉ាកូប (Ismail Sabri Yaakob) បានប្រកាសនៅថ្ងៃទី ១០ខែតុលាថា សភាប្រទេសម៉ាឡេស៊ីត្រូវបានរំលាយហើយ ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតជាតិមុនកាលកំណត់ដែលនឹងគ្រោងធ្វើនៅមុនដំណាច់ឆ្នាំ២០២២នេះក្រោយពីលោកទទួលបានការយល់ព្រមពីព្រះមហាក្សត្រម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ ទី០៩ដើម្បីរំលាយសភានេះ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី CNA។
ប្រទេសម៉ាឡេស៊ីឆ្ពោះទៅរកការបោះឆ្នោតមុនកាលកំណត់ ក្រោយពីនាយករដ្ឋមន្ត្រីប្រកាសរំលាយសភា

លោក អ៊ីស្មែល សាព្រី នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងតាមទូរទស្សន៍ជាតិកាលពីរសៀលថ្ងៃចន្ទទី១០ តុលាថា លោកសូមលើកទឹកចិត្តឱ្យរដ្ឋាភិបាលតាមរដ្ឋទាំងអស់លើកលែងតែរដ្ឋាភិបាលនៅរដ្ឋសាបះ (Sabah) រដ្ឋសារ៉ាវ៉ាក (Sarawak) រដ្ឋចូហូ (Johor) និងរដ្ឋមេឡាកា (Melaka) ចេញ គឺត្រូវរំលាយសភាតាមរដ្ឋរបស់ខ្លួននៅកាលបរិច្ឆេទដូចគ្នានឹងការបោះឆ្នោតសកលនៅកម្រិតសហព័ន្ធ បើទោះជារដ្ឋមួយចំនួនបានសម្រេចចិត្តមិនរំលាយសភារបស់ពួកគេក៏ដោយ។

លោក អ៊ីស្មែល សាព្រី បានបន្ថែមថា វាកាន់តែប្រសើរថែមទៀតដែលត្រូវធ្វើការបោះឆ្នោតថ្នាក់រដ្ឋ និងថ្នាក់ជាតិនៅក្នុងពេលតែមួយ ដើម្បីកុំឱ្យប្រជាជនមានបន្ទុកច្រើន និងដើម្បីធានាបានថាដំណើរការលទ្ធិប្រជាធិបតេយ្យមានដំណើរការដោយរលូន និងកាត់បន្ថយការចំណាយ។

ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីការរំលាយសភា ដែលមានន័យថាការបោះឆ្នោតនាពេលខាងមុខនេះគួរតែធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ។

លោកនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា កាលបរិច្ឆេទសម្រាប់ថ្ងៃតែងតាំង ថ្ងៃបោះឆ្នោត និងបញ្ហាពាក់ព័ន្ធផ្សេងទៀតនឹងត្រូវកំណត់ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយថា ជាមួយការប្រកាសរំលាយសភានេះ អាណត្តិត្រូវប្រគល់ជូនប្រជាពលរដ្ឋវិញ ដើម្បីជ្រើសរើសអ្នកដឹកនាំដែលគេពេញចិត្ត។ ការផ្ដល់សិទ្ធិឲ្យប្រជាជនបោះឆ្នោត គឺជាថ្នាំបន្សាបដ៏មានឥទ្ធិពលសម្រាប់ប្រទេសនេះ ដើម្បីសម្រេចបាននូវស្ថិរភាពនយោបាយ និងបង្កើតបានរដ្ឋាភិបាលមួយដ៏រឹងមាំ ស្ថិរភាព និងមានការគោរពបន្ទាប់ពីមានការបោះឆ្នោតសកលលើកទី១៥ (GE15)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក អ៊ីស្មែល សាព្រី កាលពីថ្ងៃទី១០ខែតុលា ព្រះបរមរាជវាំងម៉ាឡេស៊ីបាននិយាយថា ព្រះមហាក្សត្រមិនមានជម្រើសអ្វីក្រៅតែពីទ្រង់យល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីក្នុងការរំលាយសភានោះទេ។

លោក អះម៉ាត់ ហ្វាឌីល សាមស៊ូឌីន (Ahmad Fadil Shamsuddin) អ្នកគ្រប់គ្រងរាជវាំងម៉ាឡេស៊ី អ៊ីស្តាណា ណេហ្ការ៉ា (Istana Negara) បាននិយាយថា ព្រះមហាក្សត្របានសម្តែងការខកចិត្តចំពោះការវិវត្តនយោបាយបច្ចុប្បន្នរបស់ប្រទេសនេះ ហើយព្រះអង្គគ្មានជម្រើសអ្វីក្រៅពីយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីក្នុងការប្រគល់អាណត្តិរដ្ឋាភិបាលជូនប្រជាពលរដ្ឋជាអ្នកសម្រេចតាមការបោះឆ្នោតវិញ ដើម្បីឱ្យរដ្ឋាភិបាលមានស្ថិរភាព៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ស្រីលង្កាស្វែងរកការអនុម័តទម្លាក់ឋានៈមកជា «ប្រទេសចំណូលទាប»វិញ ដើម្បីទទួលបានមូលនិធិពីអង្គការអន្តរជាតិសង្គ្រោះសេដ្ឋកិច្ច

ព័ត៌មាន
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបាននិយាយនៅថ្ងៃព្រឹកទី ១១ ខែតុលានេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាកំពុងស្វែងរកការបន្ទាបឋានៈសេដ្ឋកិច្ចរបស់ប្រទេសដ…

ស្ថាប័នហិរញ្ញវត្ថុពិភពលោកធំៗ៣ ព្រមានពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុពិភពលោកធំៗជាច្រើនរួមមាន ធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុ (IMF) និងធនាគារវិនិយោគដ៏ធំបំផុតរបស់អាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ