ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ីព្រមានបញ្ឈប់ការនាំចេញដូងប្រេងទៅអឺរ៉ុប ក្រោយរងសម្ពាធពីច្បាប់បរិស្ថានថ្មីរបស់ប្លុកនេះ


ប្រទេសម៉ាឡេស៊ីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនអាចបញ្ឈប់ការនាំចេញដូងប្រេងទៅកាន់សហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មី ដែលអឺរ៉ុបបានដាក់ចេញ ក្នុងគោលបំណងការពារព្រៃឈើ។ មែនទែនទៅ ប្លុកទាំង២៧ប្រទេសនេះ នាពេលកន្លងមក បានដាក់កំហិតការប្រើប្រាស់ប្រេងជីវឥន្ធនៈដែលចម្រាញ់ពីប្រេងដូង ដាំដោយការកាប់ព្រៃឈើ ហើយវិធានការនេះ បានដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសដាំដុះដូងប្រេង និងនាំចេញទៅតំបន់នេះ ពិសេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែម្ដង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ម៉ាឡេស៊ីអាចនឹងបញ្ឈប់ការនាំចេញដូងប្រេងទៅអឺរ៉ុប!
ដោយ

រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងទំនិញម៉ាឡេស៊ី លោក ហ្វាឌីឡា យូសោហ្វ(Fadillah Yusof) បាននិយាយថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងពិភាក្សាគ្នា​អំពីច្បាប់របស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងការរឹតត្បិតលើផលិតផលដូងប្រេង ដើម្បីចាត់វិធានការរួមមួយ។ ទន្ទឹមនឹងនោះ គេអាចនឹងបញ្ឈប់ការនាំចេញទៅអឺរ៉ុបតែម្តងក៏អាចថាបាន។ មែនទែនទៅ បញ្ហានេះត្រូវបាន ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក WTO រួចម្តងទៅហើយ ឱ្យជួយដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយអឺរ៉ុប។

ច្បាប់របស់អឺរ៉ុបដែលបានដាក់សម្ពាធលើប្រទេសអ្នកនាំចេញដូងប្រេងធំៗទាំងពីរ​ក្នុងពិភពលោកនេះ គឺសំដៅហាមឃាត់ ការនាំចេញ ឬលក់ ប្រេងជីវឥន្ធនៈ ដែលចម្រាញ់ចេញពីដូងប្រេង​​ និងក៏ដូចជាទំនិញផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ​ សម្រាប់ការដាំដុះដូងប្រេង។

ប៉ុន្តែគួរកត់សម្គាល់ថា សហភាពអឺរ៉ុបគឺជាប្រទេសនាំចូលដូង​ប្រេង​ដ៏ធំ ហើយចំពោះច្បាប់​ដែលសហភាពអឺរ៉ុបបានព្រមព្រៀងគ្នា​កាលខែធ្នូ​កន្លងមកនេះ បានធ្វើឱ្យផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាជម្រុក​ផលិតកម្ម​ដូង​ប្រេង​​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។

រដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនិយាយថា ពួកគេនឹងព្យាយាម​តវ៉ាជាមួយអឺរ៉ុប ដោយប្រើប្រាស់វិធី​តាម​ដែលអាចធ្វើបាន។ ទោះបីជាត្រូវជួល ឬ ទាក់ទងជាមួយអ្នកជំនាញបរទេសសម្រាប់ប្រឹក្សាផ្នែកច្បាប់ ក៏គេត្រូវតែធ្វើដែរ ដើម្បីតតាំង​នឹងអឺរ៉ុប។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះ ក៏បានបង្ហើបពីជម្រើសចុងក្រោយដែរថា គ្មានអ្វីក្រៅតែពីបញ្ឈប់ការនាំចេញតែម្តងនោះទេ វាគ្រាន់បើជាងទុកឱ្យអឺរ៉ុប រឹតត្បិត និងដាក់សម្ពាធ ដែលបង្កផលលំបាកដល់ការនាំចេញ។

បើ​​​ទោះជាឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានបង្កើតស្តង់ដារ​បញ្ជាក់​​ថា ការដាំដុះដូងប្រេងរបស់ពួកគេ ធានាបានពី​និរន្តរភាពនៃបរិស្ថានក៏ដោយ ប៉ុន្តែក្រុមសកម្មជនបរិស្ថានបានបន្ទោសឧស្សាហកម្មដូង​ប្រេងនេះ ​ចំពោះភាពហិនហោចនៃការកាប់បំផ្លាញ​ព្រៃនៅតំបន់អាស៊ី​អាគ្នេយ៍​ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់យកដីដាំដុះដំណាំប្រភេទនេះ។

មន្ត្រីរដ្ឋាភិបាលក្រុងកូឡាឡាំពួរ បានជំរុញឱ្យសមាជិក​ក្រុមប្រឹក្សាប្រទេស​ផលិត​ដូង​ប្រេង ដែលហៅកាត់ថា CPOPC ធ្វើការរួមគ្នាប្រឆាំងនឹងច្បាប់ថ្មីនេះ​ ដើម្បីច្រានចោលលើការចោទប្រកាន់​​ដោយគ្មានមូលដ្ឋាន​​ពី​សហភាពអឺរ៉ុប។

ឆ្លើយតបទៅនឹងការ​លើក​ឡើនេះ​ លោក មីកខាលីស រ៉ូកាស់(Michalis Rokas) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសម៉ាឡេស៊ីបាននិយាយថា អឺរ៉ុប​មិនបានហាមឃាត់ការនាំចូលប្រេងដូងពីម៉ាឡេស៊ីឡើយ ហើយ​បានបដិសេធដែរថា​ច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់អឺរ៉ុប​ មិនមានគោលដៅធ្វើជារនាំងដល់ការនាំចេញរបស់ម៉ាឡេស៊ីដែរ ច្បាប់នេះគឺសំដៅការពារបរិស្ថាននៅគ្រប់ប្រទេសទាំងអស់។

តម្រូវការដូង​ប្រេងរបស់សហភាពអឺរ៉ុបត្រូវគេ​រំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ១០​ ឆ្នាំ​​ខាងមុខ​នេះ​​ ដោយសូម្បីតែមុនពេលច្បាប់ថ្មី​នេះ​ត្រូវបាន​បង្កើត​ឡើង​ក៏ដោយ។​ ទោះយ៉ាងណា កន្លងមកសហភាពអឺរ៉ុបគឺជាអ្នកប្រើប្រាស់ប្រេងដូងច្រើន​ជាងគេលំដាប់ទី៣នៅ​​ក្នុង​ពិភពលោក។​ នេះបើតាមទិន្ន​ន័យ​របស់ក្រុមប្រឹក្សាភិបាលផលិតដូងប្រេងម៉ាឡេស៊ី។ ក្នុងនោះមានការ​នាំ​ចូល​ពីម៉ាឡេស៊ី​ចំនួន​៩,៤% នៃការនាំចូលសរុប ហើយ​កាល​ពីឆ្នាំ​មុន​អឺរ៉ុប​បាន​នាំ​ចូលក្នុងបរិមាណសរុប ជិត១លាន៥សែនតោន​ ​ដែលបាន​ធ្លាក់ចុះអស់ជាង​១០% ​បើ​ធៀបនឹង​ឆ្នាំ​២០២១​៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


លោកពូទីន ប្ដូរមេបញ្ជាការកងទ័ពក្នុងសមរភូមិអ៊ុយក្រែនជាបន្តបន្ទាប់ ខណៈសង្គ្រាមនៅបន្ដអូសបន្លាយ

ព័ត៌មាន
ក្រុមអ្នកវិភាគធំៗបាននិយាយថា ការសម្រេចផ្លាស់ប្តូរមេបញ្ជាការកំពូលដែលគ្រប់គ្រង់ក្នុងសមរភូមិអ៊ុយក្រែនពីសំណាក់បុររសខ្លាំងរុស្ស៊ីលោក ពូទីន ជាស…

IMF រក្សាការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ នៅ២,៧% ទោះបានព្រមានពីស្ថានភាពអាចយ៉ាប់យ៉ឺនជាងឆ្នាំមុនក្ដី

ព័ត៌មាន
ទោះបីជាទើបតែបានព្រមានថាចំៗថា សេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣ អាចនឹងយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ក៏ដោយចុះ ប៉ុន្ដែ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ